កម្ពុជាសិក្សាផែនការ B ដើម្បីពង្រឹងលក្ខណៈបច្ចេកទេសកីឡាករ-កីឡាការិនីត្រៀមស៊ីហ្គេម

 (ភ្នំពេញ)៖ ស្ថាប័នកីឡាជំនាញរបស់កម្ពុជា បាននឹងកំពុងសិក្សាអំពីផែនការ B ដើម្បីពង្រឹងលក្ខណៈបច្ចេកទេសរបស់កីឡាករ-កីឡាការិនី សម្រាប់សម្រួចសមត្ថភាពត្រៀមស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម និងត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា បន្ទាប់ពីរងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩ ដែលបង្ខំឲ្យក្រុមជម្រើសជាតិគ្រប់ប្រភេទកីឡា ត្រូវផ្អាកការប្រមូលផ្ដុំហ្វឹកហាត់ជាច្រើនខែ ក្នុងឆ្នាំ២០២០។ នេះបើតាមការបង្ហើបរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC។ 


ផែនការ B ដែលអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) លើកឡើងខាងលើ គឺការសិក្សាពីលទ្ធភាពចម្រាញ់កីឡាករ-កីឡាការិនីល្អៗ មកប្រមូលផ្ដុំមួយកន្លែង ក្រោមលក្ខខណ្ឌបិទទ្វារ ហើយអញ្ជើញគ្រូបង្វឹកបរទេសកម្រិតខ្ពស់មកបង្ហាត់ក្នុងស្រុកវិញ។ តែយ៉ាងណាមុនឈានដល់ផែនការ B ក៏ត្រូវឆ្លងកាត់ការអនុវត្តផែនការ A ឲ្យអស់ពីលទ្ធភាពសិនដែរ ពោលគឺផែនការបញ្ជូនអត្ដពលិកទៅហ្វឹកហាត់ក្រៅស្រុក ដែលមានប្រទេសចិនជាគោលដៅ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ការហ្វឹកហាត់របស់កីឡាករ-កីឡាការិនី គឺជារឿងចាំបាច់ដែលក្រសួង និងគ្រប់ភាគីពាក់ព័ន្ធកំពុងយកចិត្តទុកដាក់ បន្ទាប់ពីក្រុមជម្រើសជាតិគ្រប់កីឡាត្រូវរំសាយការប្រមូលផ្ដុំ។ ដូច្នេះដើម្បីស្វែងរកលទ្ធផលល្អនៅស៊ីហ្គេម ក្រៅពីផែនការសម្រាកសកម្ម កម្ពុជាត្រៀមបញ្ជូនអត្តពលិក ១៣ប្រភេទកីឡាទៅហាត់នៅចិន អំឡុងពាក់កណ្ដាលឆ្នាំ២០២១ ពេលស្ថានភាពអំណោយផល។ តែបើផែនការនេះមិនបានសម្រេចទេ ទើបកម្ពុជាអាចឈានដល់ការប្រើប្រាស់នូវផែនការ B។

លោកបន្ដថា «យើងកំពុងតែស្វែងរកយុទ្ធសាស្ដ្រ និងផែនការ B ដើម្បីធ្វើយ៉ាងណា បើស្ថានភាពនេះយើងអត់ទៅរួច យើងធ្វើទៅស្ថានភាពទី២។ ក្នុងឆ្នាំក្រោយនេះ ដាច់ខាតយើងត្រូវតែមានផែនការយុទ្ធសាស្ដ្រ ២ហ្នឹង ដើម្បីត្រៀមលក្ខណៈបច្ចេកទេសឲ្យបានល្អប្រសើរ ពីព្រោះពេលវេលាសល់តិច ចឹង CAMSOC បានពិភាក្សាជាមួយឯកឧត្តមអគ្គនាយកកីឡា អំពីផែនការ B យើងហាត់ក្នុងស្រុក តែយើងហៅគ្រូបរទេសកម្រិតខ្ពស់មក ដើម្បីបង្ហាញនូវអ្វីដែលជា Best Practice ទាំងបទពិសោធ និងជំនាញរបស់គាត់ មកបង្ហាត់កីឡាកររបស់យើង ហើយបិទទ្វារហាត់តែម្ដង»។

អ្នកជំនាញកីឡាដដែលបានពន្យល់ថា ការប្រមូលផ្ដុំបែប Lock Down នេះ ត្រូវបានបណ្ដាប្រទេសមួយចំនួនអនុវត្តរួចមកហើយ ដោយទាំងការស្នាក់នៅ ហូបចុក និងការហ្វឹកហាត់ គឺនៅមួយកន្លែងអត់ចេញក្រៅទេ។ តែលោកថា ការធ្វើបែបនេះ មិនមែនមានប្រសិទ្ធភាព ១០០% នោះទេ ព្រោះជាការហ្វឹកហាត់ក្នុងស្រុក ដែលមិនមានរង្វាស់ពីការរីកចម្រើន ដូចជាការប្រកួតជាមួយដៃគូបរទេសជាដើម។ តែយ៉ាងណាក៏ជាផលល្អធ្វើឲ្យកីឡាករ-កីឡាការិនីមានមូលដ្ឋានកម្រិតអន្ដរជាតិ និងស្ដង់ដារបច្ចេកទេសខ្ពស់សម្រាប់ត្រៀមការប្រកួតដែរ។

ដូច្នេះឆ្នាំ២០២១ ទោះបីត្រូវអនុវត្តផែនការណាមួយក៏ដោយ ក៏គណៈកម្មាធិការជាតិ CAMSOC នឹងពិនិត្យទៅលើបណ្ដាប្រទេសដែលធូរស្រាលពីជំងឺកូវីដ-១៩ ហើយបញ្ជូនកីឡាករ-កីឡាការិនីកម្ពុជា ទៅបោះជំរំហ្វឹកហាត់ក្នុងរយៈពេលណាមួយអាចចន្លោះពី ១សប្ដាហ៍ ឬ ១ខែ ដើម្បីមានការផ្លាស់ប្ដូរទាំងការហ្វឹកហាត់ និងការប្រកួត ក្នុងន័យដើម្បីធានានូវស័ក្ដិសិទ្ធភាពបច្ចេកទេសរបស់កីឡានីមួយៗ សម្រាប់ត្រៀមទាំងស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាមផង និងត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផង។ លោក វ៉ាត់ ចំរើន បន្ថែម៕



















Comments