ទោះមេឃមិនស្រឡះ ក៏មានភ្ញៀវទេសចរជាង៣ពាន់នាក់ បានទស្សនាព្រះអាទិត្យរះចំពីលើកំពូលប្រាសាទអង្គរវត្ត

(ភ្នំពេញ)៖ ទោះបីអាកាសធាតុអាប់អួរមេឃមិនសូវស្រឡះ ដែលរំខានដល់ការទស្សនាព្រឹត្តិការណ៍ «ព្រះអាទិត្យរះឡើងចំពីលើកំពូលប្រាង្គកណ្ដាលនៃប្រាសាទអង្គរវត្ត» ក៏ពិតមែន តែក៏មានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង ៣ពាន់នាក់ដែរ បានចូលរួមទស្សនានៅមុខប្រាសាទអង្គរ នាព្រឹកថ្ងៃទី២៣ ខែកញ្ញានេះ។ នេះបើតាមលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរជាង៣ពាន់នាក់នោះ គឺមានភ្ញៀវបរទេសជាង១,៧០០នាក់ ផងដែរ ដែលចំនួនសរុបនៅខែកញ្ញា ឆ្នាំ២០១៨នេះ ក៏ប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ។

ប៉ុន្តែលោកអ្នកមួយចំនួនច្បាស់ជាឆ្ងល់ហើយថា តើហេតុអ្វីបានមានព្រឹត្តិការណ៍ «ព្រះអាទិត្យរះឡើងចំពីលើកំពូលប្រាង្គកណ្ដាលនៃប្រាសាទអង្គរវត្ត» យ៉ាងដូច្នេះ? ហេតុអ្វីបានជាប្រាសាទអង្គររបស់កម្ពុជា មានអច្ឆរិយភាពអស្ចារ្យម្ល៉េះ?

ដើម្បីស្វែងយល់ពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គេត្រូវយល់ពីបាតុភូត «សមរាត្រី ឬហៅថា Equinox» ជាមុនសិន។ សមរាត្រី ជាពេលវេលាដែលថ្ងៃ និងយប់ មានរយៈពេលស្ទើរតែស្មើគ្នា។ បាតុភូតសមរាត្រីតែងតែកើតមាន២ដង ជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង (Vernal Equinox) ហើយកើតទ្បើងនៅអំឡុងខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅអំឡុងខែកញ្ញា។

បុព្វបុរសខ្មែរសម័យមហានគរ ដែលជ្រោតជ្រាបខ្លាំង ចំពោះព្រហ្មញ្ញសាសនានោះ បានយល់ដឹងយ៉ាងច្បាស់អំពីបាតុភូតសមរាត្រីនេះ ទើបលោកបានរួមគ្នាស្ថាបនាប្រាសាទព្រះបរមវិស្ណុលោក (បច្ចុប្បន្នគឺប្រាសាទអង្គរវត្ត) ដ៏ធំស្កឹមស្កៃមួយឡើងឱ្យត្រូវនឹងគន្លងសមរាត្រី ក្នុងបុព្វហេតុដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ដែលជាព្រះមហាអាទិទេពមួយអង្គក្នុងព្រហ្មញ្ញសាសនា (ព្រះមហាអាទិទេពក្នុងព្រហ្មញ្ញាសាសនា មានព្រះវិស្ណុ និងព្រះសិវៈ)។

ដោយសារបាតុភូតសមរាត្រីកើតឡើង២ដង រៀងរាល់ឆ្នាំយ៉ាងដូច្នេះហើយ ទើបបានជាព្រះអាទិត្យរះឡើងចំកំពូលប្រាង្គកណ្ដាល នៃប្រាសាទព្រះបរមវិស្ណុលោក ដែលស្ថាបនាឡើងដំបូងក្រោមស្នាព្រហស្តរបស់ ព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០) រហូតមកដល់ពេលបច្ចុប្បន្ន និងបន្តទៅអនាគតពេញមួយកាល្បផែនដី។ តើនេះមិនមែនជាភាពអស្ចារ្យរបស់ប្រាសាទអង្គរវត្ត និងឧត្តមគំនិតដ៏អស្ចារ្យរបស់ខ្មែរមហានគរទេឬ?











Comments

Popular posts from this blog

កម្ពុជាសិក្សាផែនការ B ដើម្បីពង្រឹងលក្ខណៈបច្ចេកទេសកីឡាករ-កីឡាការិនីត្រៀមស៊ីហ្គេម

ចិនព្រមាន៖ ក្រុមហ៊ុនអាមេរិកណាដែលលក់អាវុធឲ្យកោះតៃវ៉ាន់ នឹងទទួលរងទណ្ឌកម្មពីប៉េកាំង

កម្ពុជា-ចិន នឹងចុះអនុស្សារណៈទិញអង្ករ៤០ម៉ឺនតោនពីកម្ពុជា នៅក្នុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី២