អ្នកជំនាញ៖ ព្រោះ​ចិនកាន់តែ​បង្កើនសាច់ដុំ​មីស៊ីល-នុយក្លេអ៊ែរ​ខ្លាំងឡើងៗ ទើបអាមេរិក​ចង់ដកខ្លួនពីសន្ធិសញ្ញា​នុយក្លេអ៊ែរ INF ជាមួយរុស្ស៊ី!

(ប៉េកាំង)៖ ការព្រមានដកខ្លួនរបស់​សហរដ្ឋអាមេរិក ចេញពីសន្ធិញ្ញា​អាវុធនុយក្លេអ៊ែរ (INF)​ ជាមួយរុស្ស៊ីដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ ត្រូវបាន​អ្នកជំនាញមួយចំនួន​យល់ថា វានឹងក្លាយជាជំហាន​ថ្មីមួយរបស់ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​ព្យាយាមទប់ស្កាត់ការ​អភិវឌ្ឍមីស៊ីល​របស់ចិន ដែលចេះតែកើនឡើង​ពីមួយឆ្នាំទៅ​មួយឆ្នាំ។ តើចិនមាន​មីស៊ីលប៉ុន្មានគ្រាប់ ហើយមាន​សមត្ថភាពដល់​កម្រិតណា ទើបជម្រុញឱ្យ​លោក ដូណាល់ ត្រាំ ចង់ដក​សហរដ្ឋអាមេរិក​ចេញពី​សន្ធិសញ្ញា INF។

សន្ធិសញ្ញា​អាវុធ​នុយក្លេអ៊ែរ INF (Intermediate-Range Nuclear Forces) ត្រូវបានចុះ​ហត្ថលេខាដោយ​សហរដ្ឋអាមេរិក និងអតីត​សហភាពសូវៀត​កាលពីឆ្នាំ១៩៨៧ ដែលជាជំហាន​ដ៏សំខាន់មួយ​ ឈានទៅរកការ​កាត់​បន្ថយការ​ប្រឈមមុខ​ដាក់គ្នា រវាងមហាអំណាច​​ធំៗទាំងពីរ កាលពីសម័យ​សង្គ្រាម​ត្រជាក់។ សន្ធិសញ្ញានេះ​បានហាមឃាត់​ចំពោះ​ការដាក់ពង្រាយ​​ប្រភេទមីស៊ីល-នុយក្លេអ៊ែរ ដែលអាច​បាញ់​ចេញពីផ្ទៃដី​ក្នុងរយៈចំងាយចន្លោះ ៥០០ ដល់ ៥,៥០០គីឡូម៉ែត្រ។ ក៏ប៉ុន្តែ បើតាមលោក ត្រាំ សន្ធិសញ្ញា​នេះបែរ​ជាទុកឱកាសឱ្យ​ទីក្រុងប៉េកាំង បង្កើនសមត្ថភាព​យោធា និងមីស៊ីល​យ៉ាងខ្លាំងក្លាទៅវិញ។

ជាក់ស្ដែងបើតាម​ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក លោក ចន បូលតុន (John Bolton) មីស៊ីលរបស់ចិនពី ៣០ ទៅ ៥០ភាគរយ គឺមិនសមស្របទៅនឹង​សន្ធិសញ្ញា INF ខណៈចិនមិនមែន​ជាប្រទេសហត្ថលេខី​ នៃសន្ធិសញ្ញា​នេះឡើយ។ ដូច្នេះទើប សហរដ្ឋអាមេរិក​ស្ថិតក្រោមរដ្ឋបាលរបស់​លោក ដូណាល់ ត្រាំ ព្រួយបារម្ភ​ថា INF នឹងផ្ដល់ឱកាស​ឱ្យចិនអភិវឌ្ឍន៍មីស៊ីល ស្របពេល​ការដាក់ពង្រាយមីស៊ីល​រយៈចំងាយមធ្យម
របស់អាមេរិក​ត្រូវបានហាមឃាត់​ ក្រោមសន្ធិសញ្ញា INF ជាមួយ​រុស្ស៊ី។

ដោយឡែក ជុំវិញមីស៊ីល​របស់ចិនដែរ អ្នកជំនាញយោធា​អាមេរិកម្នាក់ លោក Harry Kazianis បានឱ្យដឹងថា ចិនមានក្បាល​គ្រាប់នុយក្លេអ៊ែរ ២៨០គ្រាប់ រីឯអ្នក​ជំនាញយោធា​រុស្ស៊ី​លោក វ៉ាស៊ីលី កាឈីន (Vassili Kachine) អះអាងថា ចិនមានមីស៊ីល​រយៈចំងាយខ្លី និងមធ្យមច្រើនជាង ២,០០០គ្រាប់ រួមទាំងមីស៊ីល​ដែលបាញ់បាន​រយៈចំងាយ ៤,០០០គីឡូម៉ែត្រផងដែរ។

លើសពីនេះ​ទៅទៀត អ្វីដែល​សហរដ្ឋអាមេរិក​កាន់តែព្រួយបារម្ភ​នោះ គឺកងទ័ពចិន​កាលពីខែមេសា កន្លងទៅ​បានទទួល​មីស៊ីលរយៈចំងាយ​មធ្យមប្រភេទ​ថ្មីឈ្មោះ Feng-26 (DF-26) ដែលជាប្រភេទមីស៊ីល​ត្រូវបានហាមឃាត់​ នៅក្នុងសន្ធិសញ្ញា INF និងមានសមត្ថភាព​បាញ់កម្ទេចនាវា​ចម្បំាង នៅរយៈចំងាយ ៤,០០០គីឡូម៉ែត្រ។

គួរបញ្ជាក់ថា ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ កាលពី​សប្ដាហ៍មុន បានព្រមានថា នឹងដកសហរដ្ឋអាមេរិក​ចេញពី​សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ​ជាមួយរុស្ស៊ី ដោយចោទថា ទីក្រុងម៉ូស្គូបានរំលោភ​លើសន្ធិសញ្ញា​នេះជាច្រើនដង។ ក៏ប៉ុន្តែ ព្រមពេលជាមួយគ្នាលោក ក៏បានបញ្ជាក់ដែរថា ការព្រមានដកខ្លួននេះ​គឺដោយសារតែចិន និងរុស្ស៊ី​ចេះតែពង្រីកឥទ្ធិពលយោធា​របស់ខ្លួនជារៀង​រាល់ឆ្នាំ៕

ប្រភព៖ Sputnik​ (ថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨)







Comments

Popular posts from this blog

កម្ពុជាសិក្សាផែនការ B ដើម្បីពង្រឹងលក្ខណៈបច្ចេកទេសកីឡាករ-កីឡាការិនីត្រៀមស៊ីហ្គេម