បទវិភាគអន្តរជាតិ៖ តើកូរ៉េខាងជើងពិតជាអាចបន្តរស់ ក្រោមទម្ងន់ទណ្ឌកម្មអាមេរិក ហើយជ្រើសយកផ្លូវដើរថ្មីចាប់ពីឆ្នាំ២០២០?

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានព្រមានថា «នឹងចាត់វិធានការវាយបក» ដើម្បីការពារដែនអធិបតេយ្យភាព និងសន្តិសុខ នៃប្រទេសរបស់លោក ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងថា ទីក្រុងព្យុងយ៉ាងអាចនឹងលុបចោលកិច្ចចរចា ជាមួយសហរដ្ឋអាមេរិក ហើយធ្វើតេស្ដមីស៊ីល និងអាវុធនុយក្លេអ៊ែរឡើងវិញ។

ការព្រមានបែបនេះរបស់លោក គីម ជុងអ៊ុន ធ្វើឡើងកំឡុងដឹកនាំកិច្ចប្រជុំពេញអង្គ នៃគណបក្សពលករកូរ៉េរយៈពេលពីរថ្ងៃកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យកន្លងទៅ។ កូរ៉េខាងជើង និងសហរដ្ឋអាមេរិកនៅសល់ពេលមិនដល់ ៤៨ម៉ោងទៀត ដើម្បីបើកកិច្ចចរចាឡើងវិញជាថ្មី ចាប់តាំងពីជាប់គាំងក្រោយបរាជ័យ នៃកិច្ចប្រជុំនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែកុម្ភៈកន្លងទៅ។ ពោលគឺលោក គីម ជុងអ៊ុន បានដាក់ឱសានវាទនៅត្រឹមចុងឆ្នាំ២០១៩នេះ ដើម្បីឱ្យលោក ដូណាល់ ត្រាំ ផ្ដល់សម្បទានបន្ថែម ក្នុងនោះរួមទាំងការដកទណ្ឌកម្ម សេដ្ឋកិច្ចមួយចំនួនធំ បើពុំដូច្នោះទេទីក្រុងព្យុងយ៉ាង នឹងរើសផ្លូវដើរថ្មីមួយដោយខ្លួនឯង។

តើផ្លូវដើរថ្មីរបស់កូរ៉េខាងជើងគឺជាអ្វី ហើយតើសារអ្វីដែលលោក គីម នឹងថ្លែងទៅកាន់ប្រជាជនកូរ៉េខាងជើង និងពិភពលោកទាំងមូល កំឡុងថ្លែងសារចូលឆ្នាំថ្មីគឺឆ្នាំ២០២០ ខាងមុខនេះ។

* ផ្លូវដើរថ្មីរបស់កូរ៉េខាងជើង

លោក គីម ជុងអ៊ុន បានដាក់ឱសានវាទនៅត្រឹមចុងឆ្នាំ២០១៩នេះ ដើម្បីឱ្យលោក ដូណាល់ ត្រាំ ផ្ដល់សម្បទានបន្ថែមក្នុងនោះរួមទាំង ការដកទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួនធំ បើពុំដូច្នោះទេទីក្រុងព្យុងយ៉ាងនឹងរើសផ្លូវដើរថ្មីមួយដោយខ្លួនឯង។ តាមមេបញ្ជាការយោធាអាមេរិកជាច្រើននាក់ ផ្លូវដើរថ្មីដែលលោក គីម ជុងអ៊ុន បានអះអាងនោះ គឺអាចជាការធ្វើតេស្ដឡើងវិញនូវអាវុធនុយក្លេអ៊ែរ ឬមីស៊ីល ICBM ដែលធ្លាប់បាញ់បោះសាកល្បងកាលពីឆ្នាំ២០១៧ ហើយការព្យាករណ៍បែបនេះ ធ្វើឡើងបន្ទាប់ពីយោធាកូរ៉េខាងជើង នារយៈពេលប៉ុន្មានខែចុងក្រោយនេះ បានបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ ជាពិសេសនៅក្នុងខែធ្នូនេះតែម្ដង ដោយទីក្រុងព្យុងយ៉ាងបានធ្វើតេស្ដដ៏សំខាន់ចំនួនពីរលើក នៅឯតំបន់បាញ់បោះបង្ហោះផ្កាយរណប សូហេ (Sohae)។

ការធ្វើតេស្ដដ៏សំខាន់ចំនួនពីរលើកខាងលើ ត្រូវបានអ្នកជំនាញដូចជាលោក ចន ដេលឺរី (John Delury) ដែលជាសាស្ត្រាចារ្យមួយរូបមកពីវិទ្យាសា្ថនសិក្សាអន្តរជាតិ
នៃសាកលវិទ្យាល័យ យ៉ុនសី Yonsei University Graduate School ក្នុងទីក្រុងសេអ៊ូល យល់ថាផ្លូវដើរថ្មីរបស់កូរ៉េខាងជើង មិនមែនជាការផ្ញើសំបុត្រដ៏ស្និទ្ធស្នាល និងមិត្តភាព ឬអំណោយជាកន្ត្រកផ្កា ជាជាងការបាញ់មីស៊ីលដែលលោក ដូណាល់ ត្រាំ ធ្លាប់លើកឡើងឡើយ បើទោះជាទីក្រុងព្យុងយ៉ាងបានខកខានផ្ញើការដូបុណ្យណូអែល ឱ្យលោកប្រធានាធិបតីអាមេរិក តាមការសន្យាក៏ដោយ។

លើសពីនេះទៅទៀតលោក គីម ជុងអ៊ុន ផ្ទាល់ក៏បានសង្កត់ធ្ងន់ជាច្រើនដងផងដែរ ពីការពង្រឹងសមត្ថភាពយោធា និងអាវុធទំនើបដើម្បីទប់ស្កាត់ ក៏ដូចជាការពារនូវអ្វីដែលោកចាត់ទុកថា ជាការគំរាមកំហែងពីសហរដ្ឋអាមេរិក ឬបរទេសណាមួយមកលើបូរណភាពទឹកដី និងអធិបតេយ្យជាតិកូរ៉េខាងជើង។

* ទោះជាប់ទណ្ឌកម្មសេដ្ឋកិច្ច ក៏កូរ៉េខាងជើងអាចរស់នៅបានដោយខ្លួនឯង

រូបភាពជាច្រើនសន្លឹកបង្ហាញពីលោក គីម ជុងអ៊ុន ជិះសេះសនៅលើភ្នំផេកទូ (Paektu) ជាភ្នំដ៏ពិសិដ្ឋនៅកូរ៉េខាងជើង ត្រូវបានក្រុមអ្នកជំនាញខ្លះយកមកបកស្រាយថា លោក គីម ចង់ប្រាប់ពីពិភពលោកថា លោកគឺជាបុរសខ្លាំងម្នាក់ ដូចគ្នាទៅនឹងលោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលធ្លាប់ដោះអាវសម្ញែងសាច់ដុំនៅលើភ្នំទឹកកក។ ម្យ៉ាងវិញទៀត រូបភាពជិះសេះសតែម្នាក់ឯងមួយសន្លឹក ក៏បានបង្ហាញថា លោក គីម កំពុងព្យាយាមប្រាប់ ពិភពលោកថា លោក ឬកូរ៉េខាងជើងអាចឈរម្នាក់ឯង ឬក៏នៅតែអាចរស់បានដោយខ្លួនឯង បើទោះជាកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ចក៏ដោយ។

របបដឹកនាំលោក គីម ជុងអ៊ុន បាននិងកំពុងព្យាយាមប្រាប់ពិភពលោកថា ទណ្ឌកម្មនេះមិនអាចធ្វើឱ្យខ្លួនចុះញ៉ម ឬអោនក្បាលដាក់បរទេស ដូចជាសហរដ្ឋអាមេរិកនោះទេ។ ជាក់ស្ដែង បើតាមរូបភាពចេញផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA កាលពីដើមខែធ្នូកន្លងទៅ បានធ្វើឱ្យមជ្ឈដ្ឋានមួយចំនួនពិបាកនឹងជឿថា កូរ៉េខាងជើងកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារទណ្ឌកម្មសេដ្ឋកិច្ច។

រូបភាពរបស់ KCNA គឺបង្ហាញពីការបញ្ចប់ដោយស្ថាពរនូវ គម្រោងសាងសង់ទីក្រុងដ៏ទំនើបថ្មីមួយឈ្មោះ សាំជីយ៉ុន (Samjiyon) ដែលរួមមានទាំងមជ្ឈមណ្ឌលវប្បធម៌ ពាណិជ្ជកម្ម និងរម្មណីយដ្ឋាន ជិះស្គីកម្សាន្តលើទឹកកក, អគារ និងផ្ទះប្រណិតៗរាប់ពាន់ខ្នង។ គម្រោងនេះត្រូវបានកាត់ខែ្សបូរ សម្ពោធដោយផ្ទាល់ពីលោក គីម ដែលបានបញ្ជាក់ជំហរថា កូរ៉េខាងជើងនឹងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយពឹងលើកម្លាំងខ្លួនឯង ហើយរូបភាពទីក្រុង Samjiyon ឬលោក គីម ជុងអ៊ុន ជិះសេះសគឺបង្ហាញសារច្បាស់ៗ ដែលលោកចង់ព្យាយាមប្រាប់ពិភពលោកថា «បច្ចុប្បន្ន កូរ៉េខាងជើងខ្លាំងដល់កម្រិតណា ទើបនៅអាចឈរពើងទ្រូងប្រឈមមុខនឹងទណ្ឌកម្ម ឬសម្ពាធអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក»។

គួរបញ្ជាក់ថា ពិធីថ្លែងសារចូលឆ្នាំថ្មី ឬឆ្នាំសកលរបស់លោក គីម ជុងអ៊ុន កាលពីឆ្នាំ២០១៨ គឺផ្ដោតសំខាន់លើសន្តិភាពជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ ប៉ុន្តែការថ្លែងសារចូលឆ្នាំសកល ២០២០ ទៅកាន់ប្រជាជនកូរ៉េខាងជើង និងពិភពលោក ត្រូវបានក្រុមអ្នកជំនាញរំពឹងថា លោកនឹងប្រកាសពីការបញ្ចប់កិច្ចចរចា ជាមួយសហរដ្ឋអាមេរិក និងចាប់ផ្ដើមធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ។ ចំណែកឯលោក ដូណាល់ ត្រាំ ក៏ធ្លាប់ បានព្រមានទុកជាមុនដែរថា នឹងចាត់វិធានការឆ្លើយតបយ៉ាងសក្តិសម ទៅនឹងទង្វើបង្ករឿងពីកូរ៉េខាងជើង៕



Comments

Popular posts from this blog

កម្ពុជាសិក្សាផែនការ B ដើម្បីពង្រឹងលក្ខណៈបច្ចេកទេសកីឡាករ-កីឡាការិនីត្រៀមស៊ីហ្គេម