រុស្ស៉ីធ្វើតេស្តនាវាមុជទឹកមួយគ្រឿងថ្មី ដែលដើរដោយថាមពលនុយក្លេអ៊ែរ និងមានបំពាក់មីស៉ីលបាលីស្ទិគ

 (មូស្គូ)៖ អគ្គមេបញ្ជាការកងទ័ពជើងទឹករុស្ស៉ី បានឱ្យដឹងកាលពីថ្ងៃអាទិត្យកន្លងទៅថា រុស្ស៉ីកំពុងដំណើរការសាកល្បង នាវាមុជទឹកមួយគ្រឿងថ្មី ដែលដើរដោយថាមពលនុយក្លេអ៊ែរ ចំពោះមុខភាពតានតឹងកើនឡើង ជាមួយក្រុមលោកខាងលិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន RT នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២។


អគ្គមេបញ្ជាការកងទ័ពជើងទឹករុស្ស៉ី លោក នីកូឡៃ យេវមេនូវ (Nikolay Yevmenov) បានប្រកាសឱ្យដឹងដូច្នេះថា «នាវាមុជទឹកថ្មី ដើរដោយថាមពលនុយក្លេអ៊ែរ ឈ្មោះថា ចេណឺរ៉ាលីស្ស៉ីម៉ូ ស៊ូវ៉ូរូវ (Generalissimo Suvorov) កំពុងស្ថិតក្រោមការដាក់ដំណើរការ​សាកល្បង»។

នាវាមុជទឹកថ្មីនេះ គឺជានាវាមុជទឹកបំពាក់មីស៉ីលផ្លោងទី៦ នៃត្រកូលនាវាមុជទឹក «បូរី (Borei)» របស់រុស្ស៉ី និងជានាវា​ទី៣ នៃប្រភេទ Borei-A ដែលត្រូវបានដំឡើងសមត្ថភាពបន្ថែម។ នាវាមុជទឹក Borei-A នីមួយៗ អាចផ្ទុកមីស៉ីលផ្លោងបាលីស្ទិគ ដែលបាញ់ចេញពី​ក្រោមផ្ទៃទឹក ឬហៅកាត់ថា SLBM ប្រភេទ ប៊ូឡាវ៉ា (Bulava) រហូតដល់១៦គ្រាប់ ហើយមីស៉ីលទាំងនេះ សុទ្ធតែអាចបំពាក់ក្បាល​គ្រាប់នុយក្លេអ៊ែរបាន។

គួរបញ្ជាក់ថា ក្នុងខែតុលានេះ ទាំងរុស្ស៉ីនិងបក្សសម្ព័ន្ធយោធាលោកខាងលិច NATO សុទ្ធតែបានធ្វើសមយុទ្ធនុយក្លេអ៊ែរដូចគ្នា។ ដោយឡែក ក្នុងបរិបទនៃសង្រ្គាមនៅអ៊ុយក្រែន ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ធ្លាប់បានប្តេជ្ញាថានឹងប្រើគ្រប់មធ្យោបាយ ដើម្បីការពារប្រជាជននិងទឹកដី របស់ប្រទេសរុស្ស៉ី ជាសម្តីដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តចាត់ទុកជា ការគំរាមប្រើប្រាស់​អាវុធនុយក្លេអ៊ែរ៕

Comments

Popular posts from this blog

ធនាគារជាតិនៃកម្ពុជា៖ អ្នកដាក់ប្រាក់ញ្ញើមានជាង៦លាននាក់ ខណៈអ្នកខ្ចីប្រាក់មាន២.៨៥លាននាក់ ក្នុងឆ្នាំ២០១៨

ប្រធានគណបក្សប្រជាជនខេត្តព្រះវិហារ ជំរុញឲ្យប្រធានក្រុមបក្សតាមមូលដ្ឋានទាំងអស់ ត្រូវរួមសហការជាមួយមន្ត្រីជំនាញ ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ឲ្យបានទាន់វេលា

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ «កិច្ចសហប្រតិបត្តិការទីផ្សារ មូលធនក្នុងតំបន់ទន្លេមេគង្គ» !