សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស យកចិត្តទុកដាក់លើរឿងអនាម័យ ក្នុងពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម ខាងមុខនេះ។


ការអំពាវនាវរបស់សម្តេចតេជោ​ ហ៊ុន សែន បានធ្វើឡើងពេលអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ដល់សិស្សវិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស ជិត២ពាន់នាក់ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដែរថា សម្រាប់ព្រឹត្តិការណ៍ស៉ីហ្គេម ការដណ្តើមមេដាយជារឿងមួយ តែក្នុងនាមជាម្ចាស់ផ្ទះ ត្រូវរៀបចំការប្រកួតនេះឱ្យបានល្អ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវគ្រប់គ្រងឲ្យបានល្អ ក្នុងហ្នឹង សូមអំពាវនាវប្រជាពលរដ្ឋ ដែលរស់នៅភ្នំពេញ របស់យើង និងទីក្រុងនានា ដែលត្រូវរៀបចំការប្រកួត គឹត្រូវសុំប្រើពេលវេលានៃយុទ្ធនាការរបស់យើងនេះ ដែលនៅសល់ ៧៤ថ្ងៃនេះ គឺបង្កើននូវគុណភាពអនាម័យ។ មិនត្រឹមតែទីតាំងរៀបចំព្រឹត្តិការណ៍នេះទេ តែទូទាំងប្រទេសត្រូវគិតរឿងអនាម័យ​ ព្រោះពេលវេលានោះជាពេលវេលាមកដល់ មិនគ្រាន់តែជាអ្នកកីឡាទេ មកទាំងអ្នកគាំទ្រ ហើយអ្នកគាំទ្រនោះគេអាចទស្សនកិច្ច នៅតាមខេត្តនានាក្រៅពីកន្លែងប្រកួត»។

គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៧៤ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។ ស៉ីហ្គេម ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង អាស៊ានប៉ារ៉ាហ្គេម ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។

បើតាមការឲ្យដឹងរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ បានត្រៀមថវិកា ១២០លានដុល្លារ ដើម្បីរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។

សូមជម្រាបថា លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្លាប់បានថ្លែងថា កម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណពី២៥ ទៅ៥០ម៉ឺននាក់ នៅក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២៕















































Comments

Popular posts from this blog

កម្ពុជាសិក្សាផែនការ B ដើម្បីពង្រឹងលក្ខណៈបច្ចេកទេសកីឡាករ-កីឡាការិនីត្រៀមស៊ីហ្គេម