អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

 (តេហេរ៉ង់)៖ ប្រទេសអ៉ីរ៉ង់បានបដិសេធថា ខ្លួនមិនមានចេតនាបង្កើនបរិមាណការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% នោះទេ ចំពោះមុខភាពចម្រូងចម្រាស់ដែលកំពុងកើតមាន ជាមួយក្រុមឃ្លាំមើលនុយក្លេអ៊ែរពិភពលោក និងការខ្វែងគំនិតគ្នាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ នេះបើយោងតាមការដកស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។


កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមអ្នកត្រួតពិនិត្យរួមជាមួយ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានរកឃើញសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចនៅកម្រិត ៨៤% ខណៈដែលគេត្រូវការសារធាតុអ៊ុយរ៉ាញ៉ូម ៩០% សម្រាប់ផលិតគ្រាប់បែកនុយក្លេអ៊ែរបានមួយគ្រាប់ ហើយកំពុងព្យាយាមកំណត់ថា តើវាត្រូវបានផលិតដោយចេតនាឬយ៉ាងណា។ គណនី Twitter របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នៅព្រឹកថ្ងៃចន្ទនេះ បានបង្ហោះសារមួយថា «IAEA បានដឹងអំពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថ្មីៗ ទាក់ទងនឹងកម្រិតនៃការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម នៅក្នុងប្រទេសអ៊ីរ៉ង់។ ប្រធាន IAEA លោក រ៉ាហ្វាអេល ហ្រ្គូសស៉ី (Rafael Grossi) កំពុងពិភាក្សាជាមួយភាគីអ៉ីរ៉ង់ អំពីលទ្ធផលនៃសកម្មភាពផ្ទៀងផ្ទាត់របស់ទីភ្នាក់ងារនាពេលថ្មីៗនេះ ហើយនឹងជូនដំណឹងដល់ក្រុមប្រឹក្សាភិបាលរបស់ IAEA តាមការសមស្រប»។

លោក បេហ៍រូស កាម៉ាល់វ៉ាន់ឌី (Behrouz Kamalvandi) អ្នកនាំពាក្យអង្គការថាមពលអាតូមិចរបស់អ៉ីរ៉ង់ បានប្រាប់គេហទំព័រព័ត៌មានក្នុងស្រុកថា ភាគល្អិតដែលបានចម្រាញ់ក្នុងកម្រិតខ្ពស់ជាង ៦០% ត្រូវបានរកឃើញដោយក្រុមអ្នកត្រួតពិនិត្យ ប៉ុន្តែវាធ្លាប់បានកើតឡើងតាំងពីមុនមកម្ល៉េះ។ លោក កាម៉ាល់វ៉ាន់ឌី បានគូសបញ្ជាក់ថា «ភាគល្អិតអ៊ុយរ៉ាញ៉ូម ឬភាគល្អិតដែលរកឃើញមានកម្រិតលើសពី ៦០% នៅក្នុងដំណើរការចម្រាញ់ មិនមែនមានន័យថាមានការចម្រាញ់មានគោលដៅធ្វើឱ្យលើសពី ៦០% នោះទេ»។

គួរបញ្ជាក់ថា នេះគឺជាសារធាតុអ៊ុយរ៉ាញ៉ូម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅអ៉ីរ៉ង់ ដែលបានចាប់ផ្តើមបង្កើនការចម្រាញ់ជាបណ្តើរៗចាប់តាំងពីឆ្នាំ២០១៩ មក គឺមួយឆ្នាំបន្ទាប់ពីការដកខ្លួនជាឯកតោភាគីរបស់សហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ខ្លួនជាមួយមហាអំណាចពិភពលោកផ្សេងទៀត ដោយដែលកាលណោះបានប្រកាសពីការរកឃើញសារធាតុចម្រាញ់ដល់ទៅ ៦០% រួចហើយ។ ប៉ុន្តែជារឿយៗ មន្ត្រីអ៊ីរ៉ង់បាននិយាយថា ពួកគេមិនស្វែងរកការផលិតអាវុធនុយក្លេអ៊ែរនោះទេ។៕

Comments

Popular posts from this blog

កម្ពុជាសិក្សាផែនការ B ដើម្បីពង្រឹងលក្ខណៈបច្ចេកទេសកីឡាករ-កីឡាការិនីត្រៀមស៊ីហ្គេម