តុលាការផ្តន្ទាទោសបុរសម្នាក់ ដាក់ពន្ធនាគារ២ឆ្នាំ ព្រោះយកឈ្មោះប្រធាន ACU និងថ្នាក់ដឹកនាំធំៗ ដើរបោកប្រាស់ពលរដ្ឋ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក នូ វាសនា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទឈ្មោះ ស មឿនតារា ហៅ ស ឧត្តម ហៅ ស មង្គលឧត្តម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ដាក់ពន្ធនាគារកំណត់រយៈពេល២ឆ្នាំពីបទ «ឆបោកមានស្ថានទម្ងន់ទោស» ដោយប្រើឈ្មោះ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងថ្នាក់ដឹកនាំផ្សេងៗ ដើរបោកប្រាស់ប្រជាពលរដ្ឋ នៅខេត្តក្រចេះ និងបន្ទាយមានជ័យ ប្រព្រឹត្តអំឡុង ខែមិថុនា ឆ្នាំ២០១៧ យោងតាមមាត្រា៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ ជនជាប់ចោទឈ្មោះ ស មឿនតារា បានថ្លែងទទួលស្គាល់ថា រូបគេពិតជាបានយកឈ្មោះ លោកទេសរដ្ឋមន្រ្តី ឱម យិនទៀង, លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន, លោកឧបនាយករដ្ឋមន្រ្តី យឹម ឆាយលី និងនាយឧត្តមសេនីយ៍ ប៉ុល សារឿន ដើរបោកប្រាស់ប្រជាពលរដ្ឋក្នុងរឿងទំនាស់ដីធ្លី និងរត់ការឡើងស័ក្តិ។

យោងតាមការបញ្ជាក់របស់លោក ហ៊ូ ស្ថាបនា មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យសវនាការដឹងថា ជនជាប់ចោទខាងលើបាន ដើរប្រាប់ពលរដ្ឋ និងមន្ត្រីនៅស្រុក សំបូរ និងស្រុកចិត្របុរី ខេត្តក្រចេះ និងខេត្តបន្ទាយមានជ័យ ថា រូបគេជាជំនួយការទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន ACU និងជាមន្ត្រីជាន់ខ្ពស់នៅតុលាការយោធា ហើយស្គាល់អ្នកធំច្រើនណាស់នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ក្រោយពីបានអួតអាងបែបនោះ ជនជាប់ចោទ បានដើរឆបោកលុយពី ពលរដ្ឋ និងមន្ត្រីចំនួន៤នាក់ បានលុយចន្លោះពី១០០ដុល្លារ ទៅ១២០០ដុល្លារ ក្នុងការរត់ការដោះស្រាយរឿងក្តី និងឡើងស័ក្តិ។

ក្រោយទទួលបានព័ត៌មាន ទើប ACU បានបើកការស្រាវជ្រាវរហូតឃាត់ខ្លន ជនជាប់ចោទខាងលើ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ នៅខេត្តក្រចេះ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម