ស្រ្តីឈ្មោះ សំ សុខា​ ដែលយកស្បែកជើងគប់រូបសម្ដេចតេជោ ហ៊ុន សែន និងសម្តេច ហេង សំរិន ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺ

(ភ្នំពេញ)៖ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ សម សាមួន បានថ្លែងឲ្យដឹងថា ស្រ្តីឈ្មោះ សំ សុខា ជាសកម្មជនអតីតបក្សសង្គ្រោះជាតិ ដែលយកស្បែកជើងគប់រូបសម្ដេចតេជោ ហ៊ុន សែន និងសម្តេច ហេង សំរិន ដែលត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃ ចាប់ខ្លួនបាននោះ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ខេត្តកំពង់ស្ពឺ ហើយនៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា «យើងបានបញ្ជូនគាត់ទៅកាន់ពន្ធនាគារខេត្ត ដើម្បីដាក់ឃុំឃាំង តាមដីការបស់តុលាការ នៅវេលាម៉ោងប្រមាណ១រសៀលថ្ងៃនេះ»។

បើតាមសមត្ថកិច្ចបានបញ្ជាក់ផងដែរ នៅពេលនាំខ្លួនទៅកាន់ពន្ធនាគារនោះ គេសង្កេតឃើញមានសាច់ញាតិ និងមន្រ្តីរបស់ UN ប្រចាំនៅកម្ពុជា ទៅសួរសុខទុក្ខផងដែរ។

មន្ដ្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ឲ្យដឹងថា ស្រ្តីរូបនេះត្រូវបានចាប់ខ្លួន នៅតាមព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ បន្ទាប់ពីបានរត់គេចខ្លួន ទៅសម្ងំនៅក្នុងប្រទេសថៃអស់រយៈពេលជាយូរខែមកនោះ។

ការចាប់ខ្លួនស្ដ្រីរូបនេះត្រូវបានធ្វើឡើង ក្រោយ​លោក ស៊ឹង វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាបង្គ្រាបឲ្យចាប់ខ្លួន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ។

ដីកាដដែលបញ្ជាក់ថា ស្ដ្រីឈ្មោះ សំ សុខា អាយុ៣៨ឆ្នាំ ត្រូវបានដាក់ស្ថិតក្រោមការពិនិត្យពីបទ «ប្រមាថ និងញុះញង់ឲ្យមានការរើសអើង» ប្រព្រឹត្តទៅនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៤៥ ចន្លោះគីឡូម៉ែត្រលេខ ៤-៥ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ ស្រ្តី សំ សុខា បានចេញវីដេអូឃ្លីបដោយជេរប្រមាថធ្ងន់ៗ ទៅលើថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជន ថែមទៀតរួមមាន សម្តេចតេជោ ហ៊ុន សែន សម្តេចពញាចក្រ ហេង​ សំរិន និងសម្តេចក្រឡាហោម ស ខេង ជាដើម។ ក្រោយធ្វើសកម្មភាពបែបនេះ ស្ដ្រីរូបនេះក៏បានរត់គេចខ្លួនចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃ ហើយក៏ត្រូវបានតុលាការចេញដីកាបបង្គាប់ឲ្យចាប់ខ្លួន ទើបកម្លាំងនគរបាលតាមប្រមាញ់បាននៅថ្ងៃនេះតែម្ដង៕

Credit: freshnews






Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម