ក្រសួងមហាផ្ទៃប្តឹងមេដឹកនាំចលនាសង្រ្គោះជាតិជាច្រើនរូប ដែលកំពុងធ្វើចលនាខុសច្បាប់, តុលាការកំពុងចាត់ការសំណុំរឿងនេះ រួមទាំងបណ្តាញខ្សែរយៈទាំងក្នុង​និងក្រៅស្រុកនៃចលនានេះ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃបានដាក់ពាក្យបណ្តឹងជាផ្លូវការ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញរួចហើយ ដោយប្តឹងមេដឹកនាំរបស់ចលនាសង្រ្គោះជាតិជាច្រើនរូប ដែលបាននឹងកំពុងធ្វើចលនាខុសច្បាប់ ហើយតុលាការកំពុងចាត់ការលើសំណុំរឿងនេះ រួមទាំងបណ្តាញខ្សែរយៈនៃចលនាខុសច្បាប់នេះ ទាំងក្នុងស្រុក ទាំងក្រៅស្រុក។

លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៦​ ខែកុម្ភៈនេះថា អយ្យការបានទទួលបណ្តឹងពី អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលពាក់ពន្ធ័នឹងចលនាសង្រ្គោះជាតិ។

លោក សុផាណា បានបញ្ជាក់ថា យោងតាមសំណុំរឿងដែលបានទទួល ចលនាសង្រ្គោះជាតិនេះត្រូវបានបង្កើតឡើង ដើម្បីញុះញង់ឲ្យប្រជាពលរដ្ឋ និងកំលាងប្រដាប់អាវុធធ្វើការបះបោរប្រឆាំង នឹងរាជការដែលជារដ្ឋអំណាចស្របច្បាប់។ អំពើដូចនេះ មិនខុសពីអំពើឧទ្ទាម ដែលជាអំពើប្រឆាំងនឹងសន្តិសុខជាតិ ខុសទៅនឹងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាឡើយ។ អយ្យការកំពុងពិនិត្យ និងចាត់ការលើពាក្យបណ្តឹងនេះ ហើយថ្នាក់ដឹកនាំនៃចលនាខុសច្បាប់នេះ រួមទាំងបណ្តាញខ្សែរយៈ នៃចលនាខុសច្បាប់នេះ ទាំងក្នុងស្រុក ទាំងក្រៅស្រុក កំពុងស្ថិតក្រោមការស៊ើបអង្កេត របស់ស្ថាប័នមានសមត្ថកិច្ច។

សូមបញ្ជាក់ថា ចលនាសង្រ្គោះជាតិ ដែលបង្កើតឡើងដោយ លោក សម រង្ស៉ី រួមទាំងអតីតថ្នាក់ដឹកនាំមួយចំនួននៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានប្រកាសជាផ្លូវការ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក។

កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើការអះអាងថា ចលនាសង្រ្គោះជាតិ ដែលទើបតែត្រូវបានបង្កើតឡើង នៅក្រៅប្រទេស គឺមិនអាចនឹងដង្ហើមរស់នោះទេ។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងបន្តថា មានកត្តាមួយចំនួន ដែលធ្វើឲ្យចលនាសង្រ្គោះជាតិ មិនអាចរស់បាន គឺទី១៖ បន្ទាប់ពីបង្កើតចលនាសង្គ្រោះជាតិនេះហើយ មិនមានការរំជើបរំជួល ពីប្រជាពលរដ្ឋ នៅក្នុងប្រទេសនោះទេ។ ទី២៖ ចលនានេះ គឺជាចលនាខុសច្បាប់ ដែលបង្កើតឡើង ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពៅការបោះឆ្នោត គាំទ្រដោយប្រជាពលរដ្ឋ និងទី៣៖ តាំងពីបង្កើតចលនានេះ មកមិនមានប្រទេសមួយណាប្រកាស ទទួលស្គាល់នោះទេ។

ការថ្លែងរបស់សម្តេចក្រឡាហោម ស ខេង ខាងលើនេះ ធ្វើឡើងនៅក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តតាកែវ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨៕

Credit: freshnews


Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម