មេទ័ពចិនប្រកាសថា ប្រទេសកម្ពុជា-ចិន មានសមត្ថភាពខ្ពស់គ្រប់គ្រាន់ ក្នុងការទប់ស្កាត់ភេរវកម្ម

Credit: freshnews
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក Zhou Songhe មេបញ្ជាការរងកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន បានប្រកាសជាឱឡារិកថា ការបើកសមយុទ្ធរួម ទ្រង់ទ្រាយធំរវាងកម្ពុជា-ចិន លើកទី២នេះ គឺចង់បង្ហាញដល់ពិភពលោកឱ្យបានដឹងថា កម្ពុជា-ចិន ដែលសម្ព័ន្ធមិត្តជាប្រពៃដ៏យូរលង់ចាក់ទឹកមិនលិច គឺមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ភេរវកម្ម។

ការប្រកាសរបស់ មេបញ្ជាការជាន់ខ្ពស់នៃមហាយក្សចិនរូបនេះ បានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយ បន្ទាប់ពីបិទបញ្ចប់សមយុទ្ធនាគមាស ឆ្នាំ២០១៨ រវាងកម្ពុជា-ចិន ដែលមានរយៈពេល២សប្តាហ៍ នៅតំបន់ភ្នំធំម្រះព្រៅ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ។ សមយុទ្ធទ្រង់ទ្រាយធំនេះ ផ្តោតលើប្រធានបទ២ធំៗ នោះគឺ ការប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌។

នៅក្នុងសន្និសីទកាសែតនោះ មេបញ្ជាការរងកងទ័ពជើងគោកមហាមិត្តចិន បានបញ្ជាក់ជំហរប្រាប់ដល់ពិភពលោកថា ប្រទេសកម្ពុជា-ចិន មានទិសដៅធំដូចគ្នា គឺកសាងសន្តិសុខ សន្តិភាព និងរក្សាស្ថិរភាពក្នុងប្រទេស និងក្នុងតំបន់។ លោកបានបន្តថា មូលហេតុដែលកម្ពុជា-ចិន ជ្រើសរើសប្រធានបទប្រឆាំងភេរវកម្មនោះ គឺចង់បង្ហាញដល់ពិភពលោកថា​ប្រទេសយើងទាំងពីរ មានសមត្ថកភាពគ្រប់គ្រាន់ ក្នុងការប្រឆាំង ទប់ស្កាត់ ភេរវកម្ម មិនឱ្យកើតមាន។

ជាងនេះទៅទៀត លោកឧត្តមសេនីយ៍ ក៏បានបញ្ជាក់ទៀតថា ការយកប្រធានបទនេះ មកដាក់នៅក្នុងសមយុទ្ធទ្រង់ទ្រាយធំ រវាងប្រទេសទាំងពីរ ក៏ចង់ឱ្យពួកភេរវករទាំងឡាយ នៅលើពិភពលោក មានការខ្លាចរអារថែមទៀតផងដែរ។

សូមបញ្ជាក់ថា កម្ពុជា-ចិន បានបើកសមយុទ្ធទ្រង់ទ្រាយធំជាលើកទី២ នៅក្នុងភូមិសារតំបន់ភ្នំធំម្រះព្រៅ លើទឹកដីប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨។ ក្នុងសមយុទ្ធនេះ ភាគីទាំងពីរបានប្រើប្រាស់សព្វាវុធទំនើប ច្រើនជាងសមយុទ្ធលើកទី១ កាលពីឆ្នាំ២០១៦ផងដែរ។

សម្រាប់សមយុទ្ធនាគមាសលើកទី៣ ភាគីទាំងពីរក៏មានគម្រោងធ្វើនៅឆ្នាំ២០១៩ ថែមទៀតផង៕

















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម