ឆ្នេរមួយ​កន្លែង​ក្នុងខេត្ត​កែប កំពុងលាក់​ខ្លួនពី​ភ្នែក​ទេសចរ

Credit: sabay
ថ្វីត្បិត​កែប ជាខេត្ត​តូច​ក៏ពិត​មាន ខេត្ត​ជាប់​សមុទ្រមួយនេះ​មាន​ទាំងព្រៃភ្នំ សមុទ្រ ឆ្នេរខ្សាច់ និង​កោះ​ខ្លះ​ទៀត​ផង។ ​អ្នក​ទេសចរ​ទំនង​ជា​បាន​ស្គាល់​ច្រើន​ពី​ឆ្នេរ​ខ្សាច់ស​ តែ​ប្រហែលជា​មិន​សូវ​ស្គាល់​ឆ្នេរ​ខ្សាច់ពណ៌ត្នោត​ដែលមាន​ប្រ​វែង​ជាងមួយ​គីឡូម៉ែត្រមួួយនេះទេ។

ឆ្នេរ​នេះ​មានទីតាំងស្ថិត​នៅ​ក្នុងឃុំ​អង្កោល ស្រុកដំណាក់​ចង្អើរ​ មាន​ចម្ងាយ​ប្រហែល១២គីឡូម៉ែត្រ​ពីទីរួមខេត្ត​កែប។ ទោះយ៉ាង​ណា​ឆ្នេរ​មួយនេះ​មិន​សូវមាន​អ្នក​ទៅ​លេង​ប៉ុន្មានទេ អ្នកដែល​ទៅ​ភាគ​ច្រើន​ជា​អ្នក​នេសាទ។

(រូបភាព៖ ឈិត ធារ៉ាត់)

បើតាម​​ប្រជាសហគមន៍នៅ​នៅ​តំបន់​ឆ្នេរនេះ ក្នុង​មួយ​ថ្ងៃៗ​អ្នកនេសាទ​តែង​យក​ទូក​មក​ចត​នៅ​នឹង​ឆ្នេរ​ ហើយ​នាំយក​ទាំង​សំរាម ​សំបក​សិប្បី​សត្វស្រួចៗ ​មកចាក់​ចោល​នៅ​លើ​ខ្សាច់ ​បណ្ដាល​ឲ្យមាន​ក្លិនស្អុយ​ និង​បង្កឲ្យ​មាន​របួស​ដល់​អ្នក​ចុះងូត​ទឹក​សមុទ្រផង។ លោក មាស វ៉ា ប្រ​ធានសហគមន៍​​​​នៅ​ឆ្នេរ​នោះ​ឲ្យដឹងថា​ ដោយ​សារ​ប្រ​ជា​នេសាទខ្លះ​មិន​សូវចូល​រួម​ថែរក្សា​ឆ្នេរ ធ្វើ​ឲ្យ​ឆ្នេរ​មិន​សូវ​ស្អាត។ លោក​ថា​ដោយ​សារកង្វះការចូល​រួមពី​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួន​​ផង និងអ្នក​នេសាទខ្លះផង ទើប​បាន​ជា​ក្រុម​របស់​លោក​មិន​អាច​សម្អាត​ឆ្នេរនេះ​ឲ្យ​ស្អាត​បាន។

(រូបភាព៖ ឈិត ធារ៉ាត់)

លោក​បញ្ជាក់ថា អាជ្ញាធរ​ខេត្ត​បាន​ចុះ​មក​អប់រំ និង​ណែនាំពល​រដ្ឋ​ញឹកញាប់​ដែរ តែ​ថា​ហាក់​គ្មាន​ប្រ​សិទ្ធភាព។ លោក​ឲ្យ​ដឹងដែរថា​តំបន់​ឆ្នេរនេះ​ក៏​ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍន៍​ផងដែរ តែថា​នៅ​មិន​ទាន់​ចេញ​ជារូប​រាងច្បាស់លាស់​នៅឡើយ។ លោក​បន្តថាអ្វី​កំពុង​ធ្វើសព្វ​ថ្ងៃ​គឺ ​ការ​ខិត​ខំ​ដោះស្រាយ​បញ្ហា​សំរាម​ និង​ហាមមិន​ឲ្យ​មាន​ការ​បំពាន​ឆ្នេរ​តែ​ប៉ុណ្ណោះ​។

(រូបភាព៖ ឈិត ធារ៉ាត់)

ចំណែក​លោក​ស្រី គឹម ចន្នី អភិបាល​ស្រុក​ដំណាក់​ចង្អើ​រ​មាន​ប្រ​សាសន៍ថា​ដោយសារតែ​ផ្លូវ​ទៅ​កាន់​តំបន់នេះ​មិន​ទាន់​បាន​តភ្ជាប់​ឲ្យបាន​ល្អ នោះ ទើប​ឆ្នេរនេះ​ហាក់​នៅ​ឆ្ងាយពី​អ្នក​ទេសចរ។ អ្នកស្រី​បន្តថា​សម្រាប់​ឆ្នាំ២០១៨​នេះ អាជ្ញារ​ស្រុក​នឹង​សហការជាមួយអាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​គ្រប់គ្រង​សំរាម​ និង​ដោះស្រាយ​បញ្ហា​ប្រ​ជា​នេសាទ​ដែលតែងតែយក​ទូក​មក​ចតនៅ​តាម​ឆ្នេរនេះ ដើម្បី​ធ្វើឲ្យ​ឆ្នេរ​មាន​សណ្តាប់​ធ្នាប់​ល្អ​។

ឆ្នេរ​ខ្សាច់​ធម្មជាតិ​នេះ មាន​ប្រវែង​ជាងមួយ​ពាន់ម៉ែត្រ គ្រប​ដណ្តប់​ដោយ​ម្លប់​ដូង​ធម្មជាតិ នៅ​​ជាប់​ខាង​លើឆ្នេរខ្សាច់ មាន​បឹង​ទឹកសាប និង​ព្រៃ​ឈើ​ដុះព័ទ្ធ​ជុំវិញ​លម្អដោយ​ដើម​ផ្កាតូចៗ​ជាច្រើនទៀត​ផង៕

Comments

Popular posts from this blog

កម្ពុជាសិក្សាផែនការ B ដើម្បីពង្រឹងលក្ខណៈបច្ចេកទេសកីឡាករ-កីឡាការិនីត្រៀមស៊ីហ្គេម