សារធាតុ Formalin សម្រាប់ចាក់សាកសពមិនឲ្យស្អុយ ត្រូវបានឈ្មួញយកមកដាក់កែច្នៃត្រីប្រហុកនាំពីវៀតណាម, មន្រ្តីកាំកុងត្រូល និងអាជ្ញាធរខេត្ត រឹបអូសបានជាង១តោន យកទៅដុតចោល

Credit: freshnews
(តាកែវ)៖ ប្រហុកផ្ទុកទៅដោយសារធាតុគីមីទម្ងន់ជាង១តោន ដែលក្រុមឈ្មួញយកត្រីពីប្រទេសវៀតណាម រួចកែច្នៃ នឹងគ្រោងនាំចេញទៅចែកចាយលើទីផ្សារនានាក្នុងប្រទេសកម្ពុជានោះ ត្រូវបានមន្រ្តីកាំកុងត្រូលធ្វើការឃាត់ទុក និងបានយកទៅដុតបំផ្លាញចោលរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅសាលាឃុំអង្កាញ់ ស្ថិតក្នុងស្រុកទ្រាំង ខេត្តតាកែវ។

អភិបាលរងខេត្តតាកែវលោក ខាន់ សុខា តំណាងលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានថ្លែងថា សាច់ត្រីប្រហុកនេះ វាពិតជាប៉ះពាល់ខ្លាំងណាស់ ចំពោះសុខភាព របស់បងប្អូនប្រជាពលរដ្ឋ ដែលបានបង្កឲ្យទៅជាជម្ងឺមហារីក ដោយសារតែសាច់ត្រីប្រហុកនេះ មានផ្ទុកសារធាតុគីមី formalin ជាសារធាតុចាក់ទៅលើសាកសពមិនឲ្យស្អុយរលួយ ប៉ុន្តែបែរជាមានប្រើទៅលើប្រហុកទៅវិញ។

ពាក់ព័ន្ធទៅ និងវិធានការណ៍ លោក ខាន់ សុខា បានបញ្ជាក់ថា «ក្នុងនាមអាជ្ញាធរខេត្ត យើងនឹងចាត់វិធានការណ៍តឹងរឹង និងមិនអត់ឱនឲ្យតទៀតទេ ចំពោះប្រជាពលរដ្ឋ ណាដែលនៅតែលួចនាំចូល សាច់ត្រីបពីប្រទេសវៀតណាម យកមកកែច្នៃធ្វើជាប្រហុកដាក់លក់លើទីផ្សារកម្ពុជា ព្រោះករណីនេះ មិនមែនជាលើកទី១នោះទេ ដែលពីមុនយើងបានយោគយល់ និងធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យារួចហើយដែរ ប៉ុន្តែបើមានលើកក្រោយ អាជ្ញាធនឹងកសាងសំណុះរឿងបញ្ជូន ទៅតុលាការតាមនីតិវិធីច្បាប់តែម្តង ព្រោះវាប៉ះពាល់សុខភាពធ្ងន់ធ្ងរណាស់»។

ព្រះរាជអាជ្ញារងខេត្តតាកែវ លោក ផាន់ សុភ័ក្រ បានថ្លែងឲ្យដឹងដែរថា បញ្ហាកែច្នៃប្រហុកនេះ យើងគ្រាន់តែធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងកែច្នៃត្រីប្រហុក និងធ្វើការអប់រំណែនាំបន្ថែម ដោយមិនអនុវត្តន៍តាមច្បាប់ជាធរមាននោះទេ ប៉ុន្តែបើពួកគាត់នៅតែបន្តលួចនាំចូលត្រី ដែលពីវៀតណាមដែលផ្ទុកទៅដោយសារធាតុគីមីយកមកធ្វើប្រហុកតទៅទៀត យើងនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់ ដោយពិន័យជាប្រាក់ នឹងអាចជាប់ពន្ធធានាគារតែម្តង តាមមាត្រ៥២ និងមាត្រា៦២ នៃច្បាប់ស្តីពីការគ្រប់គ្រងគុណភាពទំនិញជាក់ជាពុំខាន។

ពាក់ព័ន្ទទៅនិងប្រហុកយកត្រី នាំពីវៀតណាមមកធ្វើនិងមានសារធាតុគីមីនេះ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានឲ្យដឹងថា ទីតាំងដែលផលិតប្រហុក ហើយលួចនាំចូលសាច់ត្រីប្រហុកពីប្រទេសវៀតណាម ដែលស្ថិតនៅក្នុងឃុំអង្កាញ់ ស្រុកទ្រាំង វាជាករណីដដែលៗ ប៉ុន្តែគ្រាន់តែថា ខុសម្ចាស់ទីតាំង និងខុសភូមិគ្នាតែប៉ុណ្ណោះ ដោយកាលពីមុនៗ គឺមន្រ្តីជំនាញកាំកុងត្រូល បានរកឃើញសាច់ប្រហុកដែលមានផ្ទុកសារធាតុគីមី formalin នេះ ចំនួនប្រមាណជាង១០តោនមកហើយ ដែលត្រូវបានដុតបំផ្លាញចោល ហើយលើកនេះជាលើកទី០៣ ដែលមន្រ្តីជំនាញកាំកុងត្រូល រួមនឹងអាជ្ញាធរខេត្ត និងព្រះរាជអាជ្ញា បានធ្វើការដុតបំផ្លាញចោលនៅទីតាំងបរិវេណសាលាឃុំអង្កាញ់៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម