លោក កឹម សុខា បង្ហោះខ្លឹមសារលើ Facebook ច្រានចោលសម្តីមេធាវីលោក ហែម សុជាតិ ដែលផ្សាយតាមវិទ្យុអាស៊ីសេរី

Credit: freshnews
(ភ្នំពេញ)៖ ​តាមរយៈ Facebook របស់លោក កឹម សុខា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨នេះ បានប្រកាសច្រានចោលនូវសម្តីរបស់លោក ហែម សុជាតិ មេធាវីការពារក្តីលោក កឹម សុខា ដែលផ្សាយវិទ្យុអាស៊ីសេរី កាលពីម្សិលមិញ។

នៅលើទំព័រ ​Facebook របស់លោក កឹម សុខា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមបញ្ជាក់ថា លោក ហែម សុជាតិ ពុំបានជួបជាមួយលោក កឹម សុខា ដូចដែលបានចុះផ្សាយ (អាស៊ីសេរី) ឡើយ ហើយសម្តីរបស់លោក ហែម សុជាតិ គឺជាមតិផ្ទាល់ខ្លួនរបស់លោក។ អាស្រ័យហេតុនេះសូមសាធារណជន ជ្រាបជាពត៌មាន និងកុំមានការយល់ច្រឡំ»។

កាលពីម្សិលមិញ វិទ្យុអាស៊ីសេរី បានផ្សាយថា ក្រុម​មេធាវី (ហែម សុជាតិ) ​បាន​ទៅ​ជួប​សួរសុខទុក្ខ​លោក កឹម សុខា កាលពី​ថ្ងៃ​ទី​៤ ខែមេសា ហើយលោក កឹម សុខា បាន​ស្នើ​ជាថ្មី​ម្ដងទៀត ចង់ឱ្យ​មាន​ឱកាស​ចរចា​ជាមួយ​គណបក្ស​កាន់អំណាច។ លោក​បញ្ជាក់​ថា លោក កឹម សុខា លើកឡើង​ថា ជម្លោះ​នយោបាយ​នា​ពេល​បច្ចុប្បន្ន​នេះ គ្មាន​ជម្រើស​អ្វី​ល្អ​ជាង​ការ​ចរចា រវាង​ខ្មែរ និង​ខ្មែរ​ឡើយ។

ទោះជាយ៉ាងនេះក្តី លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ បានថ្លែងថា ទោះបីជាក្រុមណាក៏ដោយ ឱ្យតែស្ថិតនៅក្នុងក្រុមក្បត់ជាតិ គឺគណបក្សកាន់អំណាចមិនអាចចរចាដូចគ្នា។ លោកបានលើកឡើងថា ក្រុម សម រង្ស៊ី និងក្រុម កឹម សុខា គឺជាក្រុមក្បត់ជាតិដូចគ្នា។

លោក សុខ ឥសាន បានលើកឡើងថា​ ការចរចានៅពេលនេះ គឺហួសពេលហើយ ដូចដែលសម្តេចតេជោ ហ៊ុន សែន បានលើកឡើងកន្លងមកថា អតីតបក្សប្រឆាំងបានដើរហួសគំនូសក្រហម។

កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីជំហរដាច់ណាត់របស់ខ្លួនថា សម្តេចនឹងមិនចរចាជាមួយទណ្ឌិត សម រង្ស៊ី ដើម្បីបន្តដង្ហើមអតីតបក្សសង្គ្រោះជាតិ និងបន្តជីវិតនយោបាយរបស់អតីតមេដឹកនាំបក្សប្រឆាំង ១១៨រូបដែលតុលការកាត់សិទ្ធិនយោបាយនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លទ្ធភាពនៃការចរចាជាមួយទណ្ឌិត សម រង្ស៊ី មិនអាចកើតមាននោះឡើយ។ លទ្ធភាពនៃការចរចាមិនអាចធ្វើទៅបានដោយសារតែទណ្ឌិត សម រង្ស៊ី តែងបានធ្វើសកម្មភាពវាយប្រហារសម្តេច ដូចជាការដុតរូបនៅប្រទេសអូស្ត្រាលី និងបណ្តាប្រទេសនានា និងសារឲ្យកងទ័ពបង្វែរចុងអាវុធរករាជរដ្ឋាភិបាលជាដើម៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម