សហរដ្ឋអាមេរិក៖ បាញ់ប្រហារ​​នៅជិត​ទីស្នាក់ការ Youtube ក្នុងរដ្ឋ​កាលីហ្វរញ៉ា «បង្កឲ្យមនុស្ស​ម្នាក់​ស្លាប់ និង ០៤នាក់​រងរបួស»


(សាន់ហ្វ្រាន់ស៊ីស្កូ)៖ មនុស្សម្នាក់ស្លាប់ និង ០៤នាក់ ផ្សេងទៀតរងរបួស នៅក្នុងហេតុ​ការណ៍បាញ់​ប្រហារយ៉ាង​កម្រោលមួយ ស្ថិតនៅក្បែរទីស្នាក់​ការកណ្តាល នៃបណ្តាញ​សង្គម Youtube ដ៏ល្បីល្បាញ​របស់ពិភពលោក ស្ថិតនៅក្នុងរដ្ឋ​កាលីហ្វរញ៉ា ភាគ​និរតី​សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃពុធ ទី០៤ ខែមេសា ឆ្នាំ២០១៨។

លោក អេដ បារប៊ឺរីនី (Ed Barberini) មេបញ្ជាការ​ប៉ូលិសទីក្រុង San Bruno ដែលមាន​ចម្ងាយ ១៩គីឡូម៉ែត្រ ស្ថិតនៅភាគ​ខាងត្បូង នៃទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) បាន​បញ្ជាក់ថា ខ្មាន់​កាំភ្លើងនោះ គឺជានារីដែល​បានបង្កការ​បាញ់ប្រហារ​ឲ្យមនុស្ស ០៤នាក់​ រងរបួសរួចក៏បាញ់សម្លាប់ខ្លួន​ឯងជា​ក្រោយ។

ទោះបីជាប៉ូលិស​បានស្វែងយល់ហេតុការណ៍​ទាំងមូលក៏ដោយ ក៏ការស៊ើបអង្កេត​រកមូលហេតុ ដែលបាននាំឲ្យស្ត្រី​ខាងលើនេះ បង្កការបាញ់រះ និងធ្វើអត្តឃាត​ខ្លួនឯងនោះ នៅតែធ្វើឡើង​បន្តទៀត។ បន្ទាប់ពីការ​បាញ់ប្រហារ​កាលពីវេលា​ម៉ោង ១៤៖៤៨នាទី រសៀល​ថ្ងៃអង្គារ (ម៉ោងនៅ​កាលីហ្វរញ៉ា) នោះ ប៉ូលិសបាន និងកំពុងបន្តការ​ស៊ើបអង្កេត​ផងដែរ ដើម្បីស្វែងរក​ជនពាក់ព័ន្ធ។

ដោយឡែកសម្រាប់​អ្នករងរបួស​ទាំង ០៤នាក់នោះ គឺមានស្ត្រី​ពីរនាក់ និងបុរសពីរនាក់ ដែលមាន​អាយុចន្លោះពី ២៧ឆ្នាំ ដល់ ៣៦ឆ្នាំ ហើយក្នុងចំណោមនោះ​ ស្ត្រីម្នាក់ និងបុរសម្នាក់​​កំពុងស្ថិតនៅក្នុង​អការៈរបួស​ធ្ងន់ធ្ងរ។ បន្ថែមពីនេះ​ក្រុម Google ដែលជាអ្នក​គ្រប់គ្រង​លើ Youtube បានសន្យា​សហការជាមួយ​សមត្ថកិច្ច ដើម្បីស៊ើបអង្កេត​ករណីបាញ់ប្រហារនេះ​ផងដែរ៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម