គណបក្សយុវជន ដាក់បេក្ខជនតំណាងរាស្រ្ត វ័យក្មេងប្រមាណ៤០ភាគរយ ក្នុងនោះមានបេក្ខជនវ័យ២៥ឆ្នាំ មានរហូតដល់១៣នាក់

Credit: freshnews
(ភ្នំពេញ)៖ គណបក្សយុវជនកម្ពុជា បានដាក់បេក្ខជនតំណាងរាស្រ្តវ័យក្មេងក្រោមអាយុ៣០ឆ្នាំ ច្រើនជាងគេ គឺរហូតដល់ប្រមាណ៤០ភាគ សម្រាប់ប្រកួតប្រជែងក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ នៅចុងខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ក្នុងនោះក៏មានផងដែរ នូវយុវជនអាយុ២៥ឆ្នាំប្រមាណ១៣នាក់។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានឱ្យដឹងថា​ បេក្ខជនវ័យក្មេងទាំងនោះ សុទ្ធសឹងតែជាអ្នកមានទេពកោសលខាងនយោបាយ ដែលត្រូវបានឈរឈ្មោះនៅមណ្ឌលមួយចំនួន ដែលជាមូលដ្ឋានរបស់គាត់ ក្នុងនោះមានមណ្ឌលបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង និងខេត្តកណ្តាល។

ប្រធានបក្សយុវជនរូបនេះ បានឲ្យដឹងទៀតថា មូលហេតុដែលគណបក្សសម្រេច ដាក់បេក្ខជនតំណាងរាស្រ្តវ័យក្មេងបែបនេះ គឺចង់បណ្តុះពូជអ្នកនយោបាយវ័យក្មេង ក្នុងការចូលរួមអភិវឌ្ឍជាតិ តាមរយៈសមត្ថភាពរបស់យុវជន និងបើកឱកាសដល់យុវជន ឲ្យភ្លក់រស់ជាតិធ្វើនយោបាយដោយខ្លួនឯង ដើម្បីកាត់បន្ថយយុវជនតែងតែគាំទ្រអ្នកនយោបាយចាស់ៗ ដើម្បីកុំឲ្យយុវជនងាយចាញ់បោក អ្នកនយោបាយចាស់ៗ។ ម៉្យាងវិញទៀត យុវជន គឺជាកម្លាំងស្នូល ក្នុងការចូលរួមអភិវឌ្ឍជាតិឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

សូមបញ្ជាក់ថា គណបក្សយុវជនកម្ពុជា ត្រូវបានអនុញ្ញាតជាផ្លូវការដោយគ.ជ.ប ឱ្យចូលរួមក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ គណបក្សថ្មីនេះ បានដាក់បេក្ខជនសរុបចំនួន២៣៤រូប សម្រាប់ការឈរឈ្មោះនៅរាជធានី/ ខេត្ត ចំនួន១៧។

គោលនយោបាយសំខាន់ៗរបស់ គណបក្សយុវជនកម្ពុជា គឺលើកកម្ពស់ការអប់រំ និងលើកកម្ពស់យុវជនជាកត្តាចម្បង។ លោក ពេជ្រ ស្រស់ ចង់ឲ្យយុវជនមានការងារធ្វើនៅក្នុងស្រុកឲ្យបានច្រើន និងទទួលបានប្រាក់ខែសមរម្យ ដើម្បីទប់ទល់នឹងការចំណាយផ្សេងៗ ព្រមទាំងរឹតបន្តឹងការអប់រំពីទាបទៅខ្ពស់ ពោលមិនមែនរឹតបន្តឹងតែនៅពេលប្រលងប៉ុណ្ណោះទេ៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម