សម្ដេចតេជោ ហ៊ុន សែន៖​ ទោះបីកម្ពុជាស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ ក៏ខ្ញុំនៅជាមួយបងប្អូនជានិច្ច

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៥​ ខែឧសភា ឆ្នាំ២០១៨នេះ បានថ្លែងអំណរគុណ ទៅដល់បងប្អូនជនរួមជាតិ ដែលមានជំនឿលើការដឹកនាំ របស់សម្ដេច ហើយនៅតែបន្ដគាំទ្រ និងបោះឆ្នោតឲ្យ គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ខាងមុខនេះ។

ជាមួយគ្នានេះសម្តេចបានបញ្ជាក់ថា​ ទោះបីកម្ពុជាស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ ក៏ដោយ​ សម្តេចនៅជាមួយបងប្អូនជានិច្ច​។

ទំព័រ​ Facebook ផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៥​ ខែឧសភានេះ​ បានសរសេរយ៉ាងដូច្នេះថា «តាមរយៈរូបថត១សន្លឹកនេះ គឺបានបញ្ជាក់ច្បាស់ថា កម្ពុជាពីមុនយ៉ាងណា…ហើយកម្ពុជាសព្វថ្ងៃរីកចម្រើនយ៉ាងណា។ ទោះបីកម្ពុជាស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ ក៏ខ្ញុំនៅជាមួយបងប្អូនជានិច្ច! »។

ប្រមុខដឹកនាំកម្ពុជា បានបន្ដទៀតថា «អរគុណភរិយាជាទីស្រឡាញ់ និងអរគុណបងប្អូនជនរួមជាតិ ដែលមានជំនឿលើការដឹកនាំរបស់ខ្ញុំ ហើយនៅតែបន្តគាំទ្រ និងបោះឆ្នោតឲ្យ «គណបក្សប្រជាជនកម្ពុជា»។ ជូនពរបងប្អូន បានសប្បាយរីករាយថ្ងៃសៅរ៍ និងធ្វើដំណើរកំសាន្តជិតឆ្ងាយ មានសុខសុវត្ថិភាពគ្រប់ៗគ្នា!»។

សូមជម្រាបថា គ.ជ.ប បានចាប់ផ្តើមការចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ ក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។

យ៉ាងណាក៏ដោយ រហូតដល់ពេលនេះ មានគណបក្សភ្លើងទៀន និង​ គណបក្សអំណាចខ្មែរប៉ុណ្ណោះ ដែលបានប្រកាសមិនចូលរួម ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ក៏ប៉ុន្តែទោះបីជាគណបក្សទាំងនេះ មិនចូលរួមក្តី ក៏មានមានគណបក្សនយោបាយ ជាច្រើនទៀត បានប្រកាសចូលរួមការបោះឆ្នោតនៅចុងខែកក្កដា ខាងមុខនេះផងដែរ។

អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាពេលនេះ នឹងមានគណបក្សនយោបាយជាច្រើន បានចុះឈ្មោះបោះឆ្នោតច្រើនជាងអាណត្តិមុន។

តាមការរំពឹងទុក នឹងមានគណបក្សច្រើនជាង១០ ចូលរួមក្នុងការបោះឆ្នោតអាណត្តិនេះ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម