លោក ខឹម វាសនា លើកឡើងថា ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី មិនឱ្យពលរដ្ឋទៅបោះឆ្នោត គឺមានន័យថា គាត់មិនគិតពីសុខទុក្ខពលរដ្ឋឡើយ
ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា កាលពីពេលថ្មីៗនេះ បានបញ្ចេញទស្សនៈរបស់ខ្លួនជុំវិញករណី ដែលអតីតមេបក្សប្រឆាំង ទណ្ឌិត សម រង្ស៊ី បានអំពាវនាវហើយ អំពាវនាវទៀត កុំឱ្យពលរដ្ឋទៅបោះឆ្នោត ដោយលោកបានចាត់ទុកថា សកម្មភាពរបស់ទណ្ឌិតសម រង្ស៊ី គឺធ្វើឡើងដោយមិន គិតពីសុខទុក្ខពលរដ្ឋខ្មែរឡើយ ។
លោក ខឹម វាសនា បានលើកឡើងក្នុងគណនី Facebook Veasana Khem យ៉ាងដូច្នេះថា៖
រឿងទៅបោះឆ្នោតឬដេកនៅផ្ទះជាសិទ្ធិសំរេចរបស់ពលរដ្ឋម្ចាស់ប្រទេស ខ្ញុំគ្មានសិទ្ធិអ្វីទៅបង្ខំពួកគាត់ ហើយក៏គ្មានចិត្តអ្វីទៅជំរុញអោយពួកគាត់សំរេចបែបនេះឬបែបនេះដែរ។ តួនាទីរបស់ខ្ញុំគឺបំភ្លឺដោយការវែកញែកហេតុផលសំរាប់បានជាមូលដ្ឋានអោយពួកគាត់ពិចារណាតែប៉ុណ្ណោះ។
ដើម្បីច្បាស់ពីចិត្តទណ្ឌិត សម រង្ស៊ី ចំពោះសុខទុក្ខរបស់ពលរដ្ឋខ្មែរ ខ្ញុំសូមលើកយកការអំពាវរបស់ទណ្ឌិត សម រង្ស៊ី ដែលសូមកុំអោយពលរដ្ឋទៅបោះឆ្នោតមកវែកញែករកមើលចិត្តរបស់គាត់ចំពោះពលរដ្ឋខ្មែរបន្តិច។ បើលោក សម រង្ស៊ី មានចិត្តគិតដល់សុខទុក្ខមនុស្សខ្មែរមែន គាត់មិនអាចអំពាវនាវអោយពលរដ្ឋអ្នកគាំទ្រគាត់ កុំអោយទៅបោះឆ្នោតនោះទេ ព្រោះថាផ្លូវនេះជាហេតុធ្វើអោយចំណេញដល់ CPP ច្បាស់ណាស់ ព្រោះកៅអីតំណាងរាស្ត្រដែលត្រូវបានគណនាលើតែចំនួនអ្នកទៅបោះឆ្នោត នឹងត្រូវបានទៅCPPយ៉ាងលើសលុប ព្រោះថាអ្នកគាំទ្រCPPនឹងចេញទៅបោះឆ្នោត ហើយCPPនឹងពន្យល់មហាជននិងអន្តរជាតិថា ទីមួយនៅកម្ពុជាគ្មានច្បាប់ចែងពីចំនួនឬភាគរយនៃអ្នកទៅបោះ ឆ្នោតដើម្បីអោយកាបោះឆ្នោតយកជាបានការនោះទេ។
ទីពីរ អតីតគណៈបក្សសង្គ្រោះជាតិ មិនអាចយកលេសថាអ្នកមិនទៅបោះឆ្នោតទាំងអស់សុទ្ធតែជាអ្នកគាំទ្រខ្លួនទេ ព្រោះថារៀងរាល់តែអាណត្តិដែល CNRP ក៏ចូលរួមបោះឆ្នោតដែរនោះ ក៏មានអ្នកមិនទៅបោះឆ្នោតប្រហែលជាងពីរលាននាក់តែដដែលហ្នឹង អីចឹងវាជាហេតុផលមួយបញ្ជាក់យ៉ាងច្បាស់ថា អ្នកមិនទៅបោះឆ្នោតក្នុងអាណត្តិ២០១៨ខាងមុខនេះ មិនមែនសុទ្ធតែជាអ្នកគាំទ្របក្សសង្គ្រោះជាតិទាំងអស់នោះដែរ។
ម្យ៉ាងទៀតយើងត្រូវយល់អោយច្បាស់ថា ទោះជាយ៉ាងណាក៏ CPP មិនអាចអោយលទ្ធផលបោះឆ្នោតឆាចោលបានជាដាច់ខាត គេនឹងរកគ្រប់មធ្យោបាយដើម្បីបញ្ជាក់ថាការបោះឆ្នោតនេះជាការបោះឆ្នោតដែលអាចទទួលយកបាន ។ យើងស្គាល់CPPហើយ គេធ្លាប់ឆ្លងកាត់រឿងបែបៗនេះរាប់ភ្លេច គេដឹងសន្ទុះចិត្តបរទេសចំពោះខ្មែរច្បាស់ណាស់ថា យូរឬឆាប់គង់តែជៀសទទួលស្គាល់ថា រដ្ឋាភិបាលក្រោយការបោះឆ្នោះជារដ្ឋាភិបាលស្របច្បាប់មិនរួចទេ យើងអាចស្ទង់មើលសន្ទុះអន្តរជាតិ ក្រោយការរំលាយបក្សសង្គ្រោះជាតិ ដែលលោក សម រង្ស៊ី និងមន្ត្រីផ្សេងទៀត របស់គាត់បានទៅបរទេសកៀងគររកការគាំទ្រនោះទៅមើល យើងនឹងអាចយល់របៀបដែលបរទេសប្រកាន់យកចំពោះខ្មែរហើយ។ ក្នុងករណីនេះ បើលោក សម រង្ស៊ី ជាមនុស្សមានសណ្តានជាអ្នកគិតដល់សុខទុក្ខប្រជាពលរដ្ឋជាចំបង ជាងមុខមាត់ខ្លួនមែននោះ ផ្លូវគឺមានតែមួយគត់ៈ គឺលោក សម រង្ស៊ី នឹងអំពាវប្រាប់ទៅអ្នកគាំទ្រខ្លួនថា យើងគ្មានជំរើសទេ ក្នុងករណីយើងមានបក្សសង្គ្រោះជាតិជាជំរើសនោះវាល្អហើយ តែជាក់ស្តែងយើងគ្មានទេ អីចឹងសូមបងប្អូនទៅបោះឆ្នោតអោយគណៈបក្សណាមួយតួយ៉ាងគណបក្សប្រជាធិបតេយ្យមូលដ្ឋានទៅ ទោះយ៉ាងណាក៏គ្រាន់ជាងទៅបោះឆ្នោតអោយCPPដែរណាបងប្អូន។ តែនេះ អោយតែមិនបានមកអញ គឺអញគ្មានជួយគិតរកផ្លូវបន្ទាប់អោយពលរដ្ឋអ្នកគាំទ្រគាត់ឡើយ។ កុំសូម្បីតែគ្មានបក្សណាល្អជាងបក្សសង្គ្រោះជាតិរបស់គាត់ សូម្បីតែមានបក្សល្អជាងបក្សសង្គ្រោះជាតិរបស់គាត់ ក៏គាត់នៅតែលាបពណ៌ថាសុទ្ធតែបក្សអាយ៉ង បក្សរណប បក្សអាប បក្សបង្គ្រប់កិច្ចជាដើម ព្រោះថាអោយតែមិនបានមកអញហើយ អញគ្មានគិតអោយអ្នកណាចំរើនអីទេ។ នេះឬជាចិត្តអ្នកស្នេហាជាតិហ៊ានប្តូរជីវិតដើម្បីក្តីសុខរបស់ពលរដ្ឋនោះ? អោយតែមិនបានមកអញ ទោះពលរដ្ឋទៅរើសបានបក្សណាល្អជាងបក្សខ្លួនក៏មិនព្រមដែរ សុខចិត្តនាំពលរដ្ឋទៅផ្លូវងាប់អោយតែបានសង្គ្រោះមុខមាត់ខ្លួន មិនជួយគិតពលរដ្ឋដើម្បីជ្រើសរើសជំរើសល្អបន្ទាប់ក្នុងករណីទាល់ច្រកនោះទេ។ មើលប៉ុណ្ណឹងមិនយល់សណ្តានចិត្តលោក សម រង្ស៊ី ចំពោះខ្លួនទៀតអ្នកគាំទ្របក្សសង្គ្រោះជាតិ។
ពិតជាគួរអោយសង្វេគស្រណោះដែលពួកគាត់ក្លាយទៅជាឈ្នាន់សំរាប់សំរេចមហិច្ឆិតារបស់មេដឹកនាំដែលធ្វើនយោបាយដើម្បីប្រយោជន៍ខ្លួនតួយ៉ាងលោក សម រង្ស៊ី និងមន្ត្រីទាំងឡាយរបស់គាត់៕
Credit: កម្ពុជាពិត

Comments