លោក នេត្រ ភក្ត្រា៖ ដើម្បីទប់ស្កាត់ការវិលត្រឡប់ នូវរបបខ្មែរក្រហម យុវជនកម្ពុជាត្រូវស្វែងយល់ ប្រវត្តិសាស្ត្រប្រទេសខ្លួន ឱ្យច្បាស់លាស់

(ភ្នំពេញ)៖ «ដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញ នូវឧក្រិដ្ឋកម្មសាហាវយង់ឃ្នង ដូចក្នុងរបបខ្មែរក្រហម យុវជនកម្ពុជាត្រូវតែសិក្សា និងស្វែងយល់ ចងចាំនូវប្រវត្តិសាស្ត្ររបស់ប្រទេសខ្លួន ឱ្យបានច្បាស់លាស់»។

នេះគឺជាការលើកឡើងរបស់ លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យ នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០១៨ នេះនៅអំឡុងពេល ធ្វើបាឋកថាដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូជាង ១០០០នាក់នៅក្នុងបរិវេណវិទ្យាល័យកំពង់ស្ពឺក្នុងខេត្តកំពង់ស្ពឺ។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ប្រវត្តិសាស្ត្រគឺជាផ្នែកមួយ នៃអត្តសញ្ញាណជាតិដែលចាំបាច់យុវជនទាំងអស់គ្នាត្រូវសិក្សាស្វែងយល់។

​ប្រធានផ្នែកកិច្ចការសាធារណៈរូបនេះ ក៏បានជម្រាបជូនដល់សិស្សានុសិស្សទាំង អស់អំពីប្រវត្តិ​នៃការបង្កើតអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ដើម្បីជំនុំជម្រះក្តីលើឧក្រិដ្ឋកម្មដែលបានកើតឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយនាំយកមនុស្សពីរជំពូក គឺអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់ ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតមកជំនុំម្រះក្តី។

បើតាមលោកប្រធានស្តីទី ជនជាប់ចោទបីរូប គឺ នួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងជាអតីតប្រធានសភាតំណាងប្រជាជន ខៀវ សំផន អតីតប្រមុខរដ្ឋ និងឌុច អតីតប្រធានគុកទួលស្លែងត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ចំពោះបទចោទប្រឆាំងនឹងរូបគាត់។ ដោយឡែក សាលក្រមទី២ ក្នុងសំណុំរឿង ០០២ ប្រឆាំងនឹង នួន ជា និងខៀវ សំផន គ្រោងនឹងប្រកាសនៅអំឡុងចុងត្រីមាសទី៣ ឆ្នាំ២០១៨ ទាក់ទងនឹង បទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ប្រឆាំងនឹងជនជាតិចាម និងជនជាតិវៀតណាម។

​លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថា របបខ្មែរក្រហម​​បាន​ឡើង​​កាន់អំណាច ​​នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ហើយត្រូវ​​ផ្តួលរំលំ​​នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ប្រជាជន​កម្ពុជា ចន្លោះពី ១,៧ លានទៅ ២,២លាននាក់ បានបាត់បង់​ជីវិត ដោយ​សារ​ការ​បង្អត់​អាហារ​ ការធ្វើទារុណកម្ម ការ​សម្លាប់ និង​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​ហួស​កម្លាំង​ ក្នុង​រយៈ​ពេល​ ៣ឆ្នាំ ៨ខែ ២០ថ្ងៃនៃ​របប​នោះ។

លោកបានថ្លែងថា តុលាការខ្មែរក្រហមត្រូវបានបង្កើតឡើង ក្នុងប្រទេស ដែលឧក្រិដ្ឋកម្មត្រូវបានប្រព្រឹត្តឡើង និងបានផ្តល់ការពិត និងយុត្តិធម៌ជូនដល់ប្រជាជនកម្ពុជា មិនមែនត្រឹមតែជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទេ ប៉ុន្តែក៏សម្រាប់ជនរងគ្រោះ ដែលបានរស់រានមានជីវិតផងដែរ។ មិនតែប៉ុណ្ណោះ វត្តមានរបស់សាលាក្តីខ្មែរក្រហម នៅក្នុងប្រទេសកម្ពុជា បានផ្តល់ឱកាសឱ្យយុវជនដែលកើតមិនទាន់របបខ្មែរក្រហម មានឱកាសក្នុងការសិក្សាស្វែងយល់ ពីដំណើរការនីតិវិធីជំនុំជម្រះក្តី ព្រមទាំងសិក្សាពីប្រវត្តិសាស្ត្រ នៃរបបកម្ពុជាប្រជាធិបតេយ្យផងដែរ៕























Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម