ប៉ូលិសម៉ាឡេស៊ី៖ ទ្រព្យសម្បត្តិពាក់ព័ន្ធលោក ណាជីប រ៉ាហ្សាក់ ដែលត្រូវបានរឹបអូស គឺមានតម្លៃដល់ទៅ ២៧៥លានដុល្លារ!


(គូឡាឡាំពួរ)៖ ប៉ូលិសម៉ាឡេស៊ីបាននិយាយនៅថ្ងៃពុធនេះថា គ្រឿងអលង្កា កាបូបយួរដៃ នាឡិកា និងវត្ថុមានតម្លៃដទៃៗទៀត ដែលត្រូវបានរឹបអូសពីខុនដូមួយចំនួន មានជាប់ពាក់ព័ន្ធនឹងអតីតនាយករដ្ឋមន្ត្រីលោក ណាជីប រ៉ាហ្សាក់ មានតម្លៃសរុបជាង ២៧៥លានដុល្លារឯណោះ។ នេះបើតាមសម្តីលោក អាម៉ារ ស៊ីង (Amar Singh​) ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១៨។

ប្រមុខប៉ូលិសប្រឆាំងបទល្មើសពាណិជ្ជកម្មម៉ាឡេស៊ី លោក Amar Singh ថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធនេះ។ លោក Singh បានបញ្ជាក់នាឱកាសនោះទៀតថា គ្រឿងអលង្កា និងវត្ថុមានតម្លៃទាំងអស់ ដែលត្រូវបានរឹបអូសចេញពីខុនដូចំនួន ០៦ មានជាប់ពាក់ព័ន្ធនឹងលោក ណាជីប មានតម្លៃសរុបពី ២២៤លានដុល្លារ ដល់ ២៧៣លានដុល្លារ ហើយមិនតែប៉ុណ្ណោះ ក្នុង ចំណោមគ្រឿងអលង្កានេះទៀតសោត មានខែ្សកពេជ្រមួយខ្សែមានតម្លៃថ្លៃជាងគេដល់ទៅ ៦.៤លាន ringgit (ជិត ១.៦លានដុល្លារ)។

ប៉ុន្តែទន្ទឹមគ្នា លោក Singh មិនទាន់អះអាងជាផ្លូវការពីម្ចាស់គ្រឿង អលង្កាទាំងនេះនៅឡើយទេ ដោយគ្រាន់តែឱ្យដឹងថា លោក ណាជីប និងភរិយា គឺលោកស្រី រ៉ូស្មាហ៍ មែនស័រ (Rosmah Mansor) នឹងត្រូវកោះហៅមកសួរចម្លើយក្នុងពេលឆាប់នេះ។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir ធ្លាប់បានគូសបញ្ជាក់កាលពីសប្ដាហ៍មុនថា លោក ណាជីប រ៉ាហ្សាក់ គឺជាអ្នក ទទួលខុសត្រូវទាំងស្រុងក្នុងសំណុំរឿងអាស្រូវពុករលួយ ពាក់ព័ន្ធនឹងមូលនិធិរដ្ឋ 1MDB បើទោះជាលោក ណាជីប បានបដិសេធជាច្រើនដងថា មិនបានប្រព្រឹត្តកំហុសអ្វីក៏ដោយ៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម