សហរដ្ឋអាមេរិកប្រកាស «យកមូលដ្ឋានទ័ពអាកាសពីរ ធ្វើជាកន្លែងឃុំឃាំងជនអន្តោប្រវេសន៍» ខណៈការរិះគន់នៅតែបន្ត!
Credit: freshnews
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា មូលដ្ឋានទ័ពអាកាសចំនួនពីរនៅក្នុងរដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក នឹងត្រូវប្រើប្រាស់ ដើម្បីធ្វើជា «កន្លែងឃុំឃាំងជនអន្តោប្រវេសន៍ខុសច្បាប់» ដែលកំពុងតែកើនឡើង ស្របពេលដែលអាមេរិកកំពុងអនុវត្តន៍ គោលនយោបាយគ្មានការអត់ធ្មត់តទៅទៀត។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី២៦ ខែមិថុនា ឆ្នាំ២០១៨។
នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន ប្រធានមន្ទីរការពារជាតិអាមេរិកបញ្ចកោណខាងលើនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «អ្វីៗត្រូវបានបញ្ជាក់ហើយនាពេលនេះ ដោយមូលដ្ឋានទ័ពចំនួនពីរនោះគឺ មូលដ្ឋានទ័ពអាកាសហ្គោដហ្វែលឡូ (Goodfellow) និង ហ្វតប្លីសស៍ (Fort Bliss) ប៉ុន្តែខ្ញុំមិនអាចបញ្ជាក់ច្បាស់ថែមទៀតនោះឡើយថា តើមូលដ្ឋានទ័ពទាំងពីរនេះ នឹងត្រូវប្រើប្រាស់យ៉ាងដូចម្តេច...»។
ទោះបីជាបែបនេះក្តី លោក ម៉ាត់ទីស មិនបានបញ្ជាក់នោះឡើយ ចំពោះសំនួរអ្នកសារព័ត៌មានដែលបានសួរថា តើជនអន្តោប្រវេសន៍ប៉ុន្មាននាក់ នឹងត្រូវដាក់ឃុំឃាំងនៅក្នុងមូលដ្ឋានទ័ពអាកាសទាំងពីរនោះ។ ការប្រកាសនេះដែរ បានកើតមានឡើង បន្ទាប់ពីក្រសួងសន្តិសុខមាតុភូមិអាមេរិក និងក្រសួងសេវាកម្មមនុស្សជាតិ និងសុខាភិបាលបានស្នើឲ្យរដ្ឋបាលអាមេរិក បញ្ចេញជំនួយសម្រាប់ដោះស្រាយការចំណាយ លើការឃុំឃាំងជនអន្តោប្រវេសន៍នានា ដែលត្រូវនៅរង់ចាំទទួលការដោះស្រាយ តាមនីតិវិធីច្បាប់អាមេរិកនៅឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ទោះបីការរិះគន់កាន់តែឡើងកម្តៅទាំងក្នុងសហរដ្ឋអាមេរិក និងពីសំណាក់សហគមន៍អន្តរជាតិនោះក៏ដោយ ក៏លោក ដូណាល់ ត្រាំ បានចេញបញ្ជាដោយផ្ទាល់ថែមទៀត ឲ្យសមត្ថកិច្ចបញ្ជូនជនអន្តោប្រវេសន៍ ដែលបានចូលមកកាន់អាមេរិកដោយខុសច្បាប់នោះ ចេញពីទឹកដីអាមេរិកជាបន្ទាន់ «ដោយមិនចាំបាច់ត្រូវដោះស្រាយតាមផ្លូវច្បាប់ ឬប្រព័ន្ធតុលាការអ្វីឡើយ» ប៉ុន្តែលោកនៅតែគាំទ្រនយោបាយអន្តោប្រវេសន៍កន្លងមកជានិច្ច។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហោះសារនៅក្នុង Twitter របស់លោក យ៉ាងដូច្នេះថា «យើងមិនអាចបណ្តោយឲ្យមនុស្សទាំងនោះ ឈ្លានពានប្រទេសយើងបានទៀតទេ។ នៅពេលដែលពួកគេចូលមកកាន់ទីនេះ យើងត្រូវតែបញ្ជូនពួកគេចេញទៅកាន់កន្លែងដើមវិញភ្លាមៗដោយមិនចាំបាច់យកទៅ កាត់ក្តី ឬក៏ឡើងតុលាការ នោះឡើយ។ ប្រព័ន្ធដែលយើងអនុវត្តន៍នេះ គឺជាជំហរមួយទៅកាន់គោលនយោបាយអន្តោប្រវេសន៍ និងច្បាប់ ព្រមទាំងសណ្តាប់ធ្នាប់ដ៏ល្អ។ ក្មេងៗភាគច្រើនបានមកទីនេះ ដោយគ្មានឪពុកម្តាយមកជាមួយនោះឡើយ...»។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ រដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសអំពីផែនការមួយក្នុងការអនុញ្ញាតឲ្យក្មេងៗអន្តោប្រវេសន៍ អាចជួបជុំជាមួយឪពុកម្តាយរបស់ពួកគេវិញនៅក្នុងមណ្ឌលឃុំឃាំង ក្នុងរដ្ឋតិចសាស់ ដែលជាប់ព្រំដែនជាមួយប្រទេសម៉ិចស៊ីកូនោះ។ ទោះបីជាបែបនេះក្តី ក្រោយមកទៀតក្រសួងសន្តិសុខមាតុភូមិអាមេរិកបានតបទៅលោក ត្រាំ វិញថា វាមិនអាចកើតឡើងទៅរួចនោះឡើយ លុះត្រាណាតែឪពុកម្តាយដែលជាប់ឃុំខ្លួននោះ ត្រូវបញ្ចូនចេញពីសហរដ្ឋអាមេរិករួចរាល់ជាមុនសិន៕

Comments