ប្រកាសបញ្ចូលសមាជិកថ្មី CPP​ ជិត៣០០នាក់ នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ, លោក ឃ្លាំង ហួត ប្រាប់កុំឲ្យជឿតាមការញុះញង់របស់ក្រុមក្បត់ជាតិ

​(ភ្នំពេញ)៖ លោក ឃ្លាំង ហួត ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ រួមដំណើរដោយ គណៈពង្រឹងមូលដ្ឋានសង្កាត់​កោះដាច់ បានអញ្ជើញសំណេះសំណាល​ និងបញ្ចូល​អតីតគណបក្សប្រឆាំង ចូលជាសមាជិកបក្ស​ថ្មី​ នៃគណបក្សប្រជាជនកម្ពុជា ចំនួន​២៩៦នាក់​ ស្ថិតនៅភូមិ ចំនួន៤ ក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ​។

ថ្លែងក្នុងឱកាសនោះ លោក ឃ្លាំង ហួត បាន​នាំនូវសព្វសាធុការពរពីសំណាក់ សម្តេច​តេជោ​ ហ៊ុន​ សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា​ ជូន​សមាជិកថ្មី និងអង្គពិធី​ទាំងមូល​​ផងដែរ​។

លោក ឃ្លាំង ហួត ​បានជម្រាបថា​ មានតែគណបក្សប្រជាជនតែមួយគត់ ដែលបានរំដោះប្រទេសកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម​ ហើយខិតខំកសាង​ និងស្តារប្រទេសតាំងពីបាតដៃទទេ​ ព្រមទាំងបាន​ដាក់ចេញនូវនយោបាយ​​ឈ្នះ​​ឈ្នះ​ នៅចុងឆ្នាំ១៩៩៨ ​ដោយកម្ចាត់ចោលទាំងស្រុង នូវអង្គការចាត់តាំងខ្មែរក្រហម​ ហើយបាន​បញ្ចប់នូវសង្គ្រាមផ្ទៃក្នុងដ៏រាំរ៉ៃ ជាប្រវត្តិសាស្រ្ត​ និងនាំមកនូវសុខ សន្តិភាពពាសពេញផ្ទៃប្រទេស រហូតមានការរីកចម្រើន​ ​និងអភិវឌ្ឍដូចសព្វថ្ងៃនេះ​​។

ជាមួយគ្នានេះ លោកប្រធានគណបក្សខណ្ឌរូបនេះ បានអំពាវនាវដល់មន្ត្រីបក្ស​ និងសមាជិកទើបបញ្ចូលថ្មី​ ត្រូវប្រឆាំងដាច់ខាតនូវរាល់ការញុះញង់របស់ជនអគតិ មួយចំនួន​ ពិសេសគឺចលនាឧទ្ទាមខុសច្បាប់អតីតបក្សសង្គ្រោះជាតិ​ ដែល​បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋទៅចូលរួមការបោះឆ្នោតនាថ្ងៃទី២៩ កក្តដា​ ឆ្នាំ២០១៨ខាងមុខ​ ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការ នៃការបោះឆ្នោត។

បើតាមលោក ឃ្លាំង ហួត ក្នុងនាមជាពលរដ្ឋ ត្រូវរក្សាការពារតម្លៃសុខសន្តិភាព ដែលមាននាពេលបច្ចុប្បន្ននេះ ឲ្យបានគង់វង្ស​ ទោះក្នុងតម្លៃណាក៏ដោយ ត្រូវប្រឆាំងដាច់ខាតនូវ រាល់សកម្មភាពបដិវត្តពណ៌នៅកម្ពុជា ចូលរួមថែរក្សាសមិទ្ធផលនានាក្នុងសង្គមជាតិ និងសូមអញ្ជើញប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា ដើម្បីបន្តការគាំទ្រសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៦នេះ​ និងអាណត្តិបន្តបន្ទាប់ទៀត​៕



























Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម