រកឃើញស្ថានីយបុរាណ ១២៤ទីតាំង ក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប នៅខេត្តព្រះវិហារ

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា តាមការស្រាវជ្រាវថ្មីៗរបស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមការងារឧទ្យានរាជបណ្ឌិត្យសភា តេជោសែន ឫស្សីត្រឹប បានរកឃើញនូវស្ថានីយបុរាណវត្ថុក្នុងទីតាំងឧទ្យានមានចំនួន ១២៤ទីតាំង ក្នុងនោះមានស្ថានីយឡស្លដែកចំនួន ៤៣ ស្ថានីយត្រពាំងសន្លុងចំនួន១៧ និងស្ថានីយត្រពាំងបុរាណចំនួន ៦៤។

លោកបណ្ឌិត សុខ ទូច បញ្ជាក់យ៉ាងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាស្ដីពី ការសិក្សាបឋមដើម្បីរៀបចំផែនការមេក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ នៅសណ្ឋាគារ Green Palace រាជធានីភ្នំពេញ។

លោកបានថ្លែងបន្តទៀតថា ក្នុងចំណោមស្ថានីយឡស្លដែកធំៗមានស្ថានីយចំនួន ៥កន្លែង មានសំណល់អាចម៍ដែករាប់រយម៉ែត្រគូបលាយឡំជាមួយនឹងបំណែកតាឡែកតូធំ កុលាលភាជន៍ ដែកគោល ចង្កំ កាំបិត ពូថៅ ផ្លែដឹង (ប្រដាប់​ប្រើប្រាស់​ធ្វើ​ដោយ​ដែកមាន​ដងមាន​ផ្លែ​សម្រាប់​ពុះ ឬចាំង​ឈើ) នៅតាមទីតាំងនីមួយៗ ដែលបង្ហាញអំពីស្នាដៃសិល្បបច្ចេកទេសស្ល និងចម្រាញ់យកដែករបស់បុព្វបុរសខ្មែរ សម្រាប់ប្រើប្រាស់ផលិតសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់កសាងប្រាសាទ ព្រមទាំងយុទ្ធូបករណ៍ក្នុងសឹងសង្គ្រាម។

សូមជម្រាបថា ឧទ្យានរាជបណ្ឌិត្យសភា តេជោសែន ឫស្សីត្រឹបនេះ មានផ្ទៃដីសរុបចំនួន ១១៤.៣៥គីឡូម៉ែតការ៉េ មានទីតាំងស្ថិតក្នុងឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ និងបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ ហើយមានតំបន់ជីវចម្រុះ និងមានសក្ដានុពលជាច្រើន រួមមាន៖ ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្រ្ត បុរាណវត្ថុ (ឡស្លដែកបុរាណ) និងជាតិពិន្ធុ ដែលអាចបម្រើឱ្យមុខងារក្នុងវិស័យបិស្ថាន ព្រៃឈើ វប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍បានយ៉ាងប្រសើរ៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម