ទស្សនៈពលរដ្ឋ៖ ទោះជាមាន់មិនរងាវ ក៏ព្រះអាទិត្យនៅតែរះ!

(ភ្នំពេញ)៖ សម្រែករបស់ ក្រុមអ្នកនយោបាយរត់ចោលស្រុក ដែលកំពុងផ្ញើខ្លួន នៅលើទឹកដីនៃចៅហ្វាយនាយបរទេស របស់ខ្លួន នៅអំឡុងពេល ការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឈានជិតមកដល់ បានឡើងខ្ពស់ហាក់ ដូចជាសត្វមាន់កំពុងតែស្លរឈាម រៀបនឹងស្លាប់ដោយពួកគេខិតខំបំផ្លៃផងបំផ្លើសផង បំភាន់និងបំប៉ោងផង លើស្ថានភាពពិតប្រាកដ របស់កម្ពុជា ដោយច្រៀងចម្រៀងដដែលៗ ដែលគេលែងជឿទៅហើយនោះថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ស្លាប់នឹងស្ថានភាពនយោបាយនៅកម្ពុជាកាន់តែតឹងតែង និងអាក្រក់ ទៅៗ។ តឹង តែងនិងអាក្រក់ទៅគឺសម្រាប់តែក្រុមជនក្បត់ជាតិ និងអ្នកនយោបាយរត់ចោលស្រុកតែប៉ុន្មានដំបរស្វាតែប៉ុណ្ណោះ ដែលបាននិងកំពុងផុងខ្លួន និងវណ្ឌកនឹងយុទ្ធសាស្ត្របែបលេលារបស់ចៅហ្វាយបរទេស និងមេចលនា ឧទ្ទាមខុសច្បាប់ សម រង្ស៊ី ដើម្បីរំខាន អុកឡុក និងក្រឡុកការបោះឆ្នោតនៅកម្ពុជា។ សម្រាប់ប្រជាជនខ្មែរកម្ពុជា ពេលគ្មានក្រុមខ្មោចបក្សសង្គ្រោះជាតិ គឺពោរពេញទៅដោយសេចក្តីសុខ សន្តិភាព ស្ថិរភាព និងភាពស្ងប់ស្ងាត់ និងប្រកបដោយសេចក្តីរីករាយបំផុត។

តាមពិត មានតែក្រុមអ្នកនយោបាយរត់ចោលស្រុក ក្រុមបំពុលសង្គមតាមហ្វេសប៊ុក មួយចំនួន រួមនឹងប្រព័ន្ធផ្សព្វផ្សាយបរទេស ដែលនៅក្រៅប្រទេសកម្ពុជាប៉ុណ្ណោះ ដែលជាអ្នកបំពុលសង្គមកម្ពុជា និងស្រែកបំភ្លៃការពិតអំពីកម្ពុជា ដើម្បីបម្រើនយោបាយចៅហ្វាយនាយខ្លួន និងដើម្បីផលប្រយោជន៍ក្រុមខ្លួនមួយក្តាប់តូច។ ពួកគេជឿថា ប្រជាជនខ្មែរ នឹងជឿលើការញុះញង់របស់ពួកគេ ជឿលើការប្រឌិតព័ត៌មានរបស់ពួកគេ បានជាខិតខំ ប្រឹងប្រែងនៅក្នុងការស្រែក និងបំពុលនៅលើប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកប៉ុន្តែពួកគេភ្លេចគិតថា ការភូតកុហករបស់គេជាច្រើនអាណត្តិមកនេះ ការយកឈាម និងសាកសពពលរដ្ឋខ្មែរស្លូតត្រង់ ដើម្បីធ្វើជាស្ពានចម្លងឆ្ពោះទៅរកការគ្រប់គ្រងអំណាចរបស់ ពួកគេ គឺបានសាប គ្មានតម្លៃ និងគ្មានការចាប់អារម្មណ៍អស់ទៅហើយ។ ប៉ុន្តែដើម្បីការសងសឹក នឹងការបំផ្លាញនូវអ្វី ដែលខ្លួនមិនទទួលបាន ពួកគេសុខចិត្តធ្វើអ្វីៗទាំងអស់ដោយ មិនអើពើនឹងច្បាប់ និងមិនញញើតក្នុងការសម្លាប់ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស សេរីភាពនៅកម្ពុជាឡើយ។

ក្រុមអ្នកនយោបាយរត់ចោលស្រុក និងក្រុមបំពុលសង្គមតាមហ្វេសប៊ុក មួយចំនួននៅក្រៅស្រុកបាន ព្យាយាម ខិតខំញុះញង់ពលរដ្ឋឱ្យងើបប្រឆាំងនឹងរដ្ឋអំណាច បះបោរ យកជីវិតទៅប្តូរ និងការពារទង្វើខុស ច្បាប់របស់ខ្លួន ខណៈពួកខ្លួនកំពុងរស់នៅក្រៅប្រទេស បម្រើឱ្យរបៀបវារៈនយោបាយចៅហ្វាយនាយបរទេសខ្លួន និងចង់បំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជារកបាន ដោយពិបាកនេះ។ ពួកគេរុញ ប្រជាពលរដ្ឋឱ្យលះបង់ជីវិត សម្រាប់ពួកគេ លះបង់សេចក្តី សុខដែលខ្លួនមានដើម្បីបម្រើនយោបាយឱ្យពួកគេ។ ប៉ុន្តែពលរដ្ឋខ្មែរមិនបានចាញ់បោកការញុះញង់របស់ក្រុមនេះទៀតឡើយ។ ដូច្នេះហើយបានជា នៅពេលមានកាអំពាវ នាវញុះញង់ពលរដ្ឋធ្វើអ្វីខុសច្បាប់ ពលរដ្ឋមិនចាប់អារម្មណ៍ និងមិនលង់តាមការបោកប្រាស់នេះទៀតទេ ហើយពលរដ្ឋក៏មិនជឿពួកគេទៀតដែរ។ ទោះបីជាពួកគេខំស្រែក ខំបំប៉ោង និងខំបំផ្លៃយ៉ាងណា ក៏ដំណើរ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងប្រព្រឹត្តទៅជាធម្មតា ដោយមិនខ្វល់នឹងសម្រែក ញុះញង់ និងគ្មានតម្លៃរបស់ក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់ និងក្រុមបំពុលសង្គមឡើយពោលគឺទោះ បីជាមាន់មិនរងាវ ក៏ថ្ងៃនៅតែរះដែរ៕

ដោយ៖ ពល ពានរិន្ទ
រាជធានីភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៨

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម