លោក ពេជ្រ ស្រស់ គាំទ្រដល់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលចង់បង្កើតកម្មវិធីពិភាក្សា ជាមួយគណបក្សនយោបាយទាំងអស់
(ភ្នំពេញ)៖ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានបង្ហាញការគាំទ្រចំពោះការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ដែលចង់ឱ្យមានជំនួបពិភាក្សារវាងគណបក្សនយោបាយទាំងអស់ ដើម្បីដោះស្រាយបញ្ហាជាតិ។ លោកចាត់ទុកថា ការពិភាក្សានេះ គឺជារបត់នយោបាយថ្មីមួយ សម្រាប់ការផ្សះផ្សារជាតិ និងឯកភាពជាតិ។
លោកពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បើតាមគំនិតរបស់ខ្ញុំ ពេជ្រ ស្រស់ ផ្ទាល់គឺជាចំណុចគួរឲ្យចាប់អារម្មណ៍ ដោយហេតុថាជារបត់នយោបាយថ្មីមួយសំរាប់ប្រទេសកម្ពុជា ឆ្ពោះទៅរកការផ្សះផ្សារជាតិ និងការអភិវឌ្ឍន៍ជាតិខ្មែរយើងឲ្យមានការរីកចំយ៉ាងឆាប់រហ័ស»។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសបង្កើតវេទិកាសំណេះសំណាលមួយរវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយទាំង២០ ដែលបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដើម្បីបានទទួលស្តាប់នូវគំនិតយោបល់នានា ពីមេដឹកនាំគណបក្សនយោបាយទាំងអស់នោះ យកធ្វើជាធាតុចូលក្នុងដឹកនាំ និងអភិវឌ្ឍន៍ជាតិកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺន ៥ពាន់នាក់មកពីបណ្តារោងចក្រ សហគ្រាសចំនួន១៧ នៅក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ។
បើតាមសម្តេចតេជោ ហ៊ុន សែន ការប្រកាសបង្កើតវេទិកានេះឡើង ដើម្បីផ្តល់ឱកាសឲ្យគណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតហើយមិនទទួលបានអាសនៈនោះ បានចូលរួមកែលំអរគោលនយោបាយ និងផ្តល់ជាគំនិតយោបល់ល្អៗ សម្រាប់ចង្អុលបង្ហាញដល់រាជរដ្ឋាភិបាលក្នុងការដឹកនាំ និងអភិវឌ្ឍន៍ជាតិ។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា គណបក្សនយោបាយទាំងអស់នោះ អាចលើកបង្ហាញពីការអនុវត្តន៍គោលនយោបាយ របស់រាជរដ្ឋាភិបាលផងដែរ ដើម្បីកុំឲ្យរាជរដ្ឋាភិបាលជិះសេះលែងដៃ៕
Comments