ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងទោសដល់អតីតតំណាងរាស្ត្របក្សប្រឆាំង លោក​ អ៊ុំ សំអាន តាមសំណើសម្តេចនាយករដ្ឋមន្រ្តី, លោក អ៊ុំ សំអាន ចេញពីពន្ធនាគារនៅថ្ងៃនេះ

(ភ្នំពេញ)៖ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក​​ អ៊ុំ សំអាន ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា ព្រះបាទ សម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់លើកលែងទោស នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ តាមសំណើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ។

ព្រះរាជក្រឹត្យត្រាស់បង្គាប់៖ មាត្រា១៖ ត្រូវបានលើកលែងទោសឲ្យទណ្ឌិតឈ្មោះ អ៊ុំ សំអាន ភេទប្រុស អាយុ៤០ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទញុះញង់ឲ្យមានការរើសអើងតាមអំណាចសាលដីកាលេខ ៥៤ ចុះថ្ងៃទី០៩ ខែ០២ ឆ្នាំ២០១៨ របស់តុលាការកំពូល»។

ដីការបស់តុលាការបានបញ្ជាក់ថា «តាមអំណាចព្រះរាជក្រឹត្យខាងលើ ឈ្មោះ អ៊ុំ សំអាន កើតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៧៦ ត្រូវបានលើកលែងទោស» គប្បីធ្វើការដោះលែងឲ្យមានសេរីភាពវិញ។

ភ្លាមៗបន្ទាប់ពីទទួលបានព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រនៃកម្ពុជា សាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាឲ្យប្រធានពន្ធនាការដោះលែងឲ្យលោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ឲ្យមានសេរីភាពនៅរសៀលថ្ងៃនេះ។

គួរ​បញ្ជាក់​ថា​​ លោក អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកត្រឡប់ពីសហរដ្ឋអាមេរិក មកដល់ប្រទេសកម្ពុជា តាមច្រកព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប។

លោក អ៊ុំ សំអាន ត្រូវបានតុលាការចេញដីកាចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ (លេខ៥៤) សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ និងពិន័យជាប្រាក់ចំនួន៤លានរៀល ក្រោមការចោទប្រកាន់ចំនួន ពីរបទល្មើសគឺបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» (បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទ «ញុះញង់ឱ្យ​មានការរើសអើង» តាមមាត្រា៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌដែលប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ តាមរយៈការសរសេរ និងអត្ថាធិប្បាយ ចោទប្រកាន់រាជរដ្ឋាភិបាលពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម។ លោកត្រូវបានតុលាការសម្រេចឃុំខ្លួន នៅក្នុងពន្ធនាគារព្រៃស ដើម្បីអនុវត្តទោស៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម