សម្ដេច​ ស ខេង អរគុណ​ប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ ដែល​ឧបត្តម្ភគាំទ្រទាំងបច្ចេកទេស សម្ភារ និងថវិកា សម្រាប់ការរៀបចំ​ការបោះឆ្នោតនៅកម្ពុជា

(កំពត)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណដល់បណ្ដាប្រទេសជាមិត្ត និង​សហគមន៍អន្តរជាតិ ដែលបានឧបត្តម្ភគាំទ្រទាំងបច្ចេកទេស សម្ភារ និងថវិកា ក្នុងការរៀបចំដណើរការបោះឆ្នោតជាតិ អាណត្តិទី៦របស់កម្ពុជានាពេលកន្លងទៅ។

ក្នុងពិធីសន្និបាតបូកសរុបការងាររៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅសាលាខេត្តកំពត នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង ​បានអំពាវនាវក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នៅតែមានតម្រូវការ​ការគាំទ្រខាងបច្ចេកទេស និងហិរញ្ញវត្ថុ មធ្យោបាយ សម្ភារប្រកបដោយភាពស្មោះស ពីសហគមន៍អន្តរជាតិ និងប្រទេសជាមិត្តសម្រាប់ដំណើរការបោះឆ្នោតជាបន្តទៀត។

សម្តេចក្រឡាហោម ស ខេង ក៏បានវាយតម្លៃខ្ពស់ និងធ្វើការកោតសរសើរ ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងមន្ត្រីគ្រប់លំដាប់ថ្នាក់ អាជ្ញាធរសាធារណៈ កម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយ សមាគមន៍ អង្គការមិនមែនរដ្ឋាភិបាល អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងអ្នកពាក់ព័ន្ធនានាព្រមទាំង​ប្រជាពលរដ្ឋទាំងអស់ ដែលបានពុះពាជំនះគ្រប់ឧបសគ្គ និងការលំបាកនានា ខិតខំរួមគ្នាជំរុញដំណើរការប្រជាធិបតេយ្យ នីតិរដ្ឋ បានយ៉ាងល្អប្រសើរ។

ដំណើរការប្រជាធិបតេយ្យនេះ ត្រូវបានលេចចេញជារូបរាងឡើង តាមរយៈការចាត់តាំងចាត់ចែងការរៀបចំការបោះឆ្នោត និងចូលរួមគោរពអនុវត្តច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោតប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ ធ្វើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះ ប្រព្រឹត្តិទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ក្នុងបរិយាកាសដែលប្រទេសជាតិ មានសុខសន្តិភាព មានស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ មានសុវត្ថិភាពសង្គមយ៉ាងល្អប្រសើរបំផុត។

​​ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសជូនដល់ថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងលេខាធិការដ្ឋានគណៈកម្មាធិការរៀបចំការបោះឆ្នោត នៅតាមបណ្តារាជធានី ខេត្ត ដែលបានខិតខំបំពេញភារកិច្ចជូនជាតិមាតុភូមិកន្លងមក រហូតទទួលបានជោគជ័យដ៏ត្រចះត្រចង់។

សូមជម្រាបថា សន្និបាតបូកសរុបការងាររៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ មានការអញ្ជើញចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួន អង្គការជាតិ អន្តរជាតិ តំណាងគណបក្សនយោបាយ សរុបប្រមាណ​៤៤០នាក់៕

























Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម