ទឹកជំនន់ធ្វើឲ្យប៉ះពាល់ស្រូវប្រជាកសិករ នៅខេត្តកំពង់ចាម ជិត៨ពាន់ហិចតា, ថ្ងៃនេះអាជ្ញាធរ នាំស្រូវពូជចែកជូនប្រជាពលរដ្ឋ៣៣៦គ្រួសារ នៅស្រុកជើងព្រៃ

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ បានដឹកនាំក្រុមការងារ ចុះចែកស្រូវពូជជូនប្រជាពលរដ្ឋចំនួន៣៣៦គ្រូសារ នៅភូមិផ្តៅជុំលិច ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងនោះ១គ្រួសារ ទទួលបានគ្រាប់ពូជស្រូវទម្ងន់៤០គីឡូក្រាម។

ស្ថិតក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងថា ក្នុងរដូវទឹកជំនន់ឆ្នាំនេះ ប្រជាពលរដ្ឋដែលលិចលង់ច្រើនជាងគេ គឺប្រជាពលរដ្ឋនៅស្រុកកោះសូទិន ប៉ុន្តែពួកគាត់ដំណាំស្រូវខូចខាត តែជាង៤ហិចតាប៉ុណ្ណោះ ដោយសារពួកគាត់ទទួលរងដោយទឹកលិចស្ទើររាល់ឆ្នាំ ទើបពួកគាត់មិនដាំស្រូវមុនរដូវនោះទេ។

ដោយឡែក ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាស្រុកឆ្ងាយពីដងទន្លេ ថ្វីត្បិតតែមិនលិចលង់ផ្ទះសំបែង ប៉ុន្តែបែរជាលិចលង់់ត្រាំខូចស្រូវអស់ជាច្រើនហិចតាដូចជា ស្រុកជើងព្រៃ ខូចខាតដំណាំស្រូវអស់ជាង២០០ហិចតា ហេតុដូច្នេះ ហើយទើបនៅពេលទឹកស្រក អាជ្ញាធរខត្តបានគិតគូរចែកគ្រាប់ពូជស្រូវជូន ដើម្បីឲ្យបងប្អូនយកទៅបន្តដាំបង្កបង្កើនផលឡើងវិញ។

លោកអភិបាលខេត្ត បានលើកឡើងថា នៅពេលទឹកកំពុងលង់លិច អាជ្ញាធរខេត្ត បានគិតគូរយកអំណោយទៅចែកសង្គ្រោះបន្ទាន់ ដល់បងប្អូនដែលរស់នៅតាមដងទន្លេ លុះពេលទឹកស្រុក អាជ្ញាធរខេត្ត នាំស្រូវពូជមកចែកជូនបងប្អូនដែលរស់នៅឆ្ងាយពីដងទន្លេវិញ។

លោកអភិបាល ក៏បានថ្លែងផងដែរថា មុនពេលមានគ្រោះទឹកជំនន់មកដល់គណៈកម្មការគ្រោះមហន្តរាយ បានរៀបចំផែនការត្រៀមជាមួយកងកម្លាំងទាំង៣ប្រភេទ ក្នុងការរកជម្រកជូនបងប្អូន និងត្រៀមជួយជម្លៀសបងប្អូនទៅរកទីបន្លែងសុវត្ថភាព ពេលទឹកលិច ឬបាក់ច្រាំងទន្លេ និងចុះផ្តល់ជំនួយសង្គ្រោះបន្ទាន់ សម្រាប់បងប្អូនដែលទទួលផលប៉ះពាល់ ហើយកិច្ចការទាំងអស់នេះ គឺគណៈកម្មការគ្រោះមហន្តរាយ បានគិតគូរដោយមានការទទួលខុសត្រូវ រហូតមកដល់ពេលនេះ គឺទទួលបានជោគជ័យ ពោលគឺគ្មានប្រជាពលរដ្ឋណាម្នាក់រងគ្រោះ ដល់អាយុជីវិតក្នុងស្ថានភាព នៃទឹកជំនន់នោះទេ បើទោះជាមានប្រជាពលរដ្ឋជាង១០០នាក់ ត្រូវបានសត្វពស់ចឹក ប៉ុន្តែពួកគាត់ត្រូវបានចាក់ថ្នាំព្យាបាលសង្គ្រោះភ្លាមៗឲ្យត្រឡប់ទៅវិញផងដែរ។

លោក គឹម សាវឿន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បានឲ្យដឹងដែរថា ទឹកជំនន់ឆ្នាំនេះ បានធ្វើឲ្យរងនូវផលប៉ះពាល់ដំណាំស្រូវសរុបចំនួន៧.៩១៤ ហិចតា ក្នុងនោះខូចខាតចំនួន៦.៤០៧ហ.ត មិនអាចស្តារឡើងវិញ ចំនួន៦.៣៩២ ហ.ត និងប៉ះពាល់លើប្រជាកសិករចំនួន៨.០៣៩គ្រួសារ។

ក្នុងនោះស្រុកជើងព្រៃ ប៉ះពាល់លើផ្ទៃដីដំណាំស្រូវ ២៦២ហ.ត ខូចខាតចំនួន២២៤ហ.ត។ ជាមួយគ្នានេះដែរ ទឹកជំនន់ក៏បានធ្វើឲ្យរងនូវផលប៉ះពាល់ ដល់ដំណាំរួមផ្សំចំនួន៦២៩ហ.ត (ពោត និងបន្លែ ១០១ហ.ត ចេកចំនួន៣៣ ហ.ត)៕













Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម