មនុស្សស្លាប់​កើនដល់​១,៤០៧នាក់ ដោយសារគ្រោះ​រញ្ជួយដី និង​ស៊ូណាមិ​វាយប្រហារ​ឥណ្ឌូណេស៊ី

(ហ្សាការតា)៖ ប្រធានអាជ្ញាធរ​គ្រប់គ្រងគ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី លោក ស៊ូតូផូ នូក្រូហូ (Sutopo Purwo Nugroho) នៅថ្ងៃពុធនេះ​បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយ​គ្រោះរញ្ជួយដី និងរលកយក្ស​ស៊ូណាមិ ដ៏មហាប្រល័យ​បានកើនដល់ ១,៤០៧នាក់ហើយ។ នេះបើតាម ការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិន​ស៊ីនហួរ នៅមុននេះ​បន្តិច​នារសៀល​ថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨។
កាលពីថ្ងៃអង្គារ​តួលេខអ្នកស្លាប់​ត្រូវបានគេអះអាង​ថា មានចំនួន ៨៤៤នាក់ ហើយមកទល់​នឹងពេលនេះ​ អាជ្ញាធរឥណ្ឌូណេស៊ីនៅតែបន្ត​ប្រតិបត្តិការ​តាមស្វែងរក និងជួយសង្រ្គោះ​របស់ពួកគេ ស្របពេល​ការផ្ដល់ជំនួយសង្រ្គោះ​បន្ទាន់​ បានបញ្ជូនជា​បណ្ដើរទៅកាន់តំបន់​រងគ្រោះ ជាទីដែលអ្នក​នៅរស់រានមានជីវិត​កំពុងគ្មានអគ្គិសនី និងទឹកស្អាត​ប្រើប្រាស់​គ្រប់គ្រាន់។ បន្ថែមពីលើនេះ ភាពតានតឹងក៏បាន​ផ្ទុះឡើងផងដែរ ដោយប៉ូលិសបាន​បង្កើនការយាមកាម​នៅតាមហាងទំនិញ ជាច្រើនដើម្បី​ទប់ស្កាត់អំពើលួច ឬប្លន់។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រ បានវាយប្រហារលើកោះស៊ូឡាវ៉េស៊ី (Sulawesi) កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយបង្កឱ្យទៅជារលកយក្សស៊ូណាមិ វាយប្រហារយ៉ាងធ្ងន់ធ្ងរលើទីក្រុងប៉ាលូ (Palu)។ ដោយឡែកអង្គការ​សហប្រជាជាតិ នៅថ្ងៃអង្គារ​សប្ដាហ៍នេះ​បានប្រកាសផ្ដល់​ជំនួយ ១៥លានដុល្លារ​អាមេរិកសម្រាប់​ជួយដល់ប្រជាជនរង​គ្រោះ ដោយសារតែ​គ្រោះរញ្ជួយដី​កម្រិត​ ៧.៥រ៉ិចទ័រ និងរលកយក្ស​ស៊ូណាមិ ដែលបានវាយប្រហារ​លើកោះ ស៊ូឡាវ៉េស៊ី (Sulawesi) ប្រទេស​ឥណ្ឌូណេស៊ី កាលពីថ្ងៃ​សៅរ៍សប្ដាហ៍មុន៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម