នាយឧត្តមសេនីយ៍ នេត សាវឿន៖ នគរបាល​កម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំនគរបាលទ្វេភាគីតាមបណ្តាខេត្តជាប់ព្រំដែន​ ក្រោយអាក់ខានមួយរយៈ

(ភ្នំពេញ)៖ ​នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា នគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ គ្រោងនឹងបើកកិច្ចប្រជុំនគរបាលទ្វេភាគី​តាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ខណៈដែលកិច្ចប្រជុំនេះ ត្រូវបានអាក់ខាននាពេលកន្លងមក ហើយភាគីទាំងពីរ នឹងពិនិត្យលទ្ធភាពក្នុងការរៀបចំកិច្ចប្រជុំនេះ នៅដើមឆ្នាំ២០១៩​ខាងមុខ​។

​ការថ្លែងរបស់​នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ​​ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក បញ្ញយ៉ារ៉ាក់ ពុលថាប់ (PANYARAK POOLTHUP) ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ នាអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងជំនួបនោះ​នាយឧត្តមសេនីយ៍ ​នេត សាវឿន បានគូសបញ្ជាក់ថា វត្តមានរបស់លោក បញ្ញយ៉ារ៉ាក់ ពុលថាប់ (PANYARAK POOLTHUP) នាពេលនេះ គឺជាការលើកទឹកចិត្តដល់នគរបាលជាតិកម្ពុជា ដែលពេលកន្លងមកនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ តែងតែបានសហការគ្នាយ៉ាងល្អ ក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ ដូចជា៖ បទល្មើសភេរវកម្ម, បទល្មើសគ្រឿងញៀន និងបទល្មើសឆ្លង ដែលនានាជាច្រើន ហើយជាពិសេសអាជ្ញាធរថៃ ក៏បានជួយគាំពារពាក់ព័ន្ធទៅនឹងពលករបរទេសដែលធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃផងដែរ។

នាយឧត្តមសេនីយ៍ ​អគ្គស្នងការនគរបាលជាតិ ក៏បានបង្ហាញនូវគោលជំហរថា នឹងខិតខំប្រឹងប្រែងក្នុងការការពារសុវត្ថិភាព សុខសន្តិភាព ជូនដល់ភ្ញៀវទេសចរ​ និងវិនិយោគិនថៃ ក៏ដូចជាភ្ញៀវទេសចរ​ទាំងអស់ផងដែរ ហើយនៅពេលខាងមុខ កម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំធំៗនានាដូចជា៖ កិច្ចក្រជុំអាយប៉ា (AIPA) នៅខេត្តសៀមរាប និងកិច្ចប្រជុំ អាស៊ានណាប៉ូល (Asenapol) នៅឆ្នាំ២០២០ ដែលទាំងនេះ ក៏ត្រូវការការសហការយ៉ាងល្អរវាងប្រតិភូថៃ។

ក្នុងជំនួបនោះដែរ លោក បញ្ញយ៉ារ៉ាក់ ពុលថាប់ (PANYARAK POOLTHUP) ឯកអគ្គរាជទូត​ថៃ ប្រចាំ​កម្ពុជា បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរក្នុងការបង្ការ និងបង្រ្កាបគ្រឿងញៀននាពេលកន្លងមក ហើយក៏បានបញ្ជូនតំណាងទៅធ្វើការនៅប្រទេសថៃ ដើម្បីទប់ស្កាត់នូវបញ្ហានេះផងដែរ​។ ជាពិសេសនគរបាលជាតិកម្ពុជា នៅពេលកន្លងមកបានការពារភ្ញៀវទេសចរ​ ក៏ដូចជាវិនិយោគិនថៃ ដែលកំពុងតែរស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការការពារយ៉ាងដិតដល់និវេសនដ្ឋាន និងស្ថានទូតថៃ​ប្រចាំនៅកម្ពុជា។

ឯកអគ្គរាជទូតថៃរូបនេះ​ ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការយ៉ាងល្អ ពាក់ព័ន្ធ​ការការពារព្រំដែនរវាងប្រទេសទាំងពីរ នាពេលកន្លងមក ហើយលោក ក៏បានរំពឹងទុកថា នឹងបានជួបប្រជុំពាក់ព័ន្ធ​ការងារព្រំដែននេះរវាងថៃ និងកម្ពុជា នៅពេលឆាប់ៗនេះផងដែរ៕





















Comments

Popular posts from this blog

កម្ពុជាសិក្សាផែនការ B ដើម្បីពង្រឹងលក្ខណៈបច្ចេកទេសកីឡាករ-កីឡាការិនីត្រៀមស៊ីហ្គេម