​ព្រាប សុវត្ថិ បោះ​ទុន​ពង្រីក​មុខ​ជំនួញ​ថ្មី​ បើក​ហាង​បាយ និង​ហាង​កាហ្វេ

(ភ្នំពេញ)៖ បន្ទាប់ពីការងារសិល្បៈ ទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់រួចមក គេសង្កេតឃើញ លោក ព្រាប សុវត្ថិ បានបោះទុនបន្តពង្រីក នូវមុខជំនួញរបស់ខ្លួន ជាបន្តបន្ទាប់ ក្នុងនោះមានដូចជា ហាងកាត់សក់, កាត់ដេរ ​ហាងលក់ទឹកផ្លែឈើស្រស់ នៅមុខផ្ទះវីឡាម្ដុំទូលគោក និងការបោះទុនរាប់លានដុល្លារ លើវិស័យអចលនទ្រព្យ (ពុះដីឡូតិ៍លក់) នៅម្តុំភ្នំរាប។ ដោយឡែកថ្មីៗនេះ ​ព្រាប សុវត្ថិ បានបន្តជំនួញថ្មីមួយទៀតហើយ គឺការត្រៀមបើកសម្ពោធហាងបាយ និង​លក់កាហ្វេ នៅម្តុំវត្តសំរោងអណ្តែត ដែលជាអាជីវកម្មបន្ថែម ក្នុងចំណោមរបររកស៊ីជាច្រើន របស់លោកមានសព្វថ្ងៃ។

គេនៅចាំបានថា នេះមិនមែនជាលើកទី១ឡើយ ដែលព្រាប សុវត្ថិ បានបើកហាងលក់បាយនោះ ព្រោះកាលពីប៉ុន្មានឆ្នាំមុន ក៏ធ្លាប់បើកហាងលក់បាយ នៅតាមបណ្តោយផ្លូវប៉ាស្ទ័រដែរ (ផ្លូវ៥១) ដោយដាក់ឈ្មោះថា «ស្លឹកចាក»។ ប៉ុន្តែ​ហាងនោះត្រូវបានលោក ព្រាប សុវត្ថិ លក់ទៅឲ្យពិធីការិនី CTN គឺអ្នកនាង យុគ ចិន្តា ជាអ្នកគ្រប់គ្រងវិញ ដោយអ្នកនាង យុគ ចិន្តា បានប្តូរហាងនោះទៅជាឈ្មោះ «ស្លឹកឈូក» នឹងបន្តដំណើរការរហូតមកដល់ពេលនេះ។

ការបោះទុនរកស៊ីនូវមុខជំនួញថ្មីនេះ ត្រូវបានលោក ព្រាប សុវត្ថិ បង្ហើបឲ្យដឹងថា ដោយសារលោកមានដីនៅទីនោះ​នៅទំនេរ មិនដឹងធ្វើអី ក៏បើកហាងបាយ កាហ្វេ តែម្តងទៅ។ តារាដែលមិនទាន់មានអ្នកចម្រៀងណា អាចផ្តួលបានរូបនេះ ​បន្តថា ហាងរបស់លោក នឹងសាងសង់រួចរាល់អស់ ដោយដំណើរការ នៅចុងឆ្នាំ២០១៨ ខាងមុខនេះហើយ។

តារាចម្រៀងលោក ព្រាប សុវត្ថិ ​ត្រូវបានគេមើលឃើញថា លោកមានទ្រព្យច្រើនលានដុល្លារ ក្នុងនោះ​មានដីធ្លីជាច្រើនកន្លែង នៅក្បែរវត្តសំរោងអណ្តែត និងនៅខេត្តរតនគិរី ផងដែរ។ ប៉ុន្តែ ព្រាប សុវត្ថិ មិនដែលអួតអាងថា លោកជាអ្នកមានម្នាក់ ក្នុងចំណោមសិល្បករដទៃទៀត ដែលត្រូវបានមហាជនវាយតម្លៃថា ជាអ្នកមានទ្រព្យច្រើន ​ដោយកន្លងមក ព្រាប សុវត្ថិ ថែមទាំងមិនចង់ឲ្យអ្នកកាសែតថតរថយន្ត និងផ្ទះរបស់លោកចុះផ្សាយឡើយ ព្រោះខ្លាចគេថា លោកអួត។

ទោះជាយ៉ាងណា គេនៅតែចាត់ទុកថា ព្រាប សុវត្ថិ មានលុយមិនចាញ់ឧកញ៉ាមួយចំនួនឡើយ ដែលភាគច្រើន ទ្រព្យទាំងនោះបានមកពីអាជីពសិល្បៈ ដែលលោកត្រូវប៉ាន់ ជាង២០ឆ្នាំមកហើយ និងបានទិញដីធ្លីអំឡុងពេលនៅថោកៗ ហើយពេលនេះឡើងថ្លៃ ទើបធ្វើឲ្យលោក ស្ទើរតែក្លាយជាសេដ្ឋីទៅហើយ៕

















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម