វ៉ូវីណាម​កម្ពុជា​​ឈ្នះ​មេដាយ ១៧គ្រឿង ថ្ងៃ​បើក​ឆាក​ជើងឯក​អាស៊ី នៅ​កោះបាលី

(ភ្នំពេញ)៖​ ការប្រកួតកីឡាវ៉ូវីណាមជ្រើសជើងឯកទ្វីបអាស៊ី លើកទី៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី បានបញ្ចប់ការប្រកួតថ្ងៃដំបូងហើយ កាលពីថ្ងៃទី០៤ ខែវិច្ឆិកាម្សិលមិញ គ្រាដែលក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជា បានទទួលជោគជ័យយ៉ាងផុសផុល ដោយដណ្ដើមបានមេដាយសរុប ១៧គ្រឿង រួមមានមេដាយមាស ៤, ប្រាក់ ៦ និងសំរឹទ្ធ ៧។

យោងតាមការបញ្ជាក់លើផេកហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានឲ្យដឹងថា សម្រាប់មេដាយមាស គឺដណ្ដើមបានលើវិញ្ញាសាប្រយុទ្ធ ៣វិញ្ញាសា រួមមានប្រយុទ្ធទម្ងន់បុរស ៥៤គីឡូក្រាម ដោយកីឡាករ ទិន ឌិន ឬអ្នកគាំទ្រច្រើនស្គាល់ជាកីឡាករគុនខ្មែរ សែន រ៉េដេត, ប្រយុទ្ធទម្ងន់បុរស ៤៨គីឡូក្រាមដោយកីឡាករ ហ៊ឹម ដាណេ, ប្រយុទ្ធទម្ងន់នារី ៥៤គីឡូក្រាម កីឡាការិនី អេ ព្រីយ៉ានុតភូថង និង ១គ្រឿងទៀត ដណ្ដើមបានលើវិញ្ញាសាសម្ដែងជាក្រុមបុរស ៦នាក់។

ដោយឡែកមេដាយប្រាក់ ៦គ្រឿង ដណ្ដើមបានពីវិញ្ញាសាសម្ដែងចំនួន ៥ និងវិញ្ញាសាប្រយុទ្ធ ១គ្រឿង ស្របពេលមេដាយសំរឹទ្ធ ៧គ្រឿង ដណ្ដើមបានពីវិញ្ញាសាសម្ដែង ៤ និងវិញ្ញាសាប្រយុទ្ធចំនួន ៣។ យ៉ាងណាមិញបេសកកម្មនេះ នៅមិនទាន់បញ្ចប់នោះទេ ដោយការប្រកួតនឹងបន្ដរហូតដល់ថ្ងៃទី០៧ ខែវិច្ឆិកាខាងមុខ ទើបប្រតិភូ និងអត្តពលិកកម្ពុជា ត្រឡប់មកមាតុភូមិវិញ។ តែថ្នាក់ដឹកនាំកីឡាវ៉ូវីណាមកម្ពុជា បានបង្ហាញពីជំនឿចិត្តខ្ពស់ក្នុងការដណ្ដើមមេដាយមាសបន្ថែមទៀត ពីព្រឹត្តិការណ៍ជើងឯកប្រចាំទ្វីបអាស៊ីនេះ៕















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម