លោក ពូទីន ប្រាប់លោក ត្រាំ៖ យើងមានអាវុធលឿនជាងសំឡេង អាចកម្ទេចរាល់ប្រព័ន្ធការពារមីស៊ីលទាំងអស់



(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាទីក្រុងម៉ូស្គូមិនចង់ប្រឡូកចូលក្នុងការរត់ប្រណាំងសពា្វវុធជាថ្មី ទៀតនោះទេ។ ក៏ប៉ុន្តែព្រមពេលជាមួយគ្នា លោកក៏បានព្រមានដែរថារុស្ស៊ី នឹងមិនឱ្យសហរដ្ឋអាមេរិកដកខ្លួនជាឯកតោភាគី ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ INF ដោយទទេៗឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការលើកឡើងបែបនេះរបស់លោក ពូទីន ធ្វើឡើងក្នុងកិច្ចប្រជុំមួយនៅឯទីក្រុង Sochi នៅថ្ងៃចន្ទសប្ដាហ៍នេះ។ ថ្លែងនាឱកាស នោះប្រធានាធិបតីរុស្ស៊ីរូបនេះបានគូសបញ្ជាក់ដូច្នេះថា៖«រុស្ស៊ីមិនចង់ប្រឡូកចូលក្នុងការរត់ប្រណាំងសពា្វវុធជាថ្មីទៀតនោះទេ ។ ក៏ប៉ុន្តែយើងក៏នឹងមិនឱ្យសហរដ្ឋអាមេរិក ដកខ្លួនជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ INF ដោយទទេៗដែរ... ដូច្នេះសហរដ្ឋអាមេរិកគួរតែធ្វើការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ»។

បន្ថែមពីលើនេះ លោក ពូទីន ក៏បានរំលឹកឡើងវិញផងដែរថា រុស្ស៊ីធ្លាប់បានព្រមានសហរដ្ឋអាមេរិកម្ដងរួចមកហើយ ទាក់ទិន នឹងការសម្រេចចិត្តចាកចេញពីសន្ធិសញ្ញាស្ដីពីប្រព័ន្ធមីស៊ីល ឬហៅកាត់ថា ABM។ «ឥលូវ យើងមានអាវុធលឿនជាងសំឡេង ដែលមានសមត្ថភាពកម្ទេចរាល់ប្រព័ន្ធការពារមីស៊ីលទាំងអស់»។ នេះគឺជាការបញ្ជាក់បន្ថែមរបស់លោកពូទីន។ តែទោះជាយ៉ាង នេះក្ដី ប្រមុខវិមានក្រឹមឡាំងនៅតែបញ្ជាក់ដដែលពីជំហរបើកទ្វារចរចាជាមួយសហរដ្ឋអាមេរិក ជានិច្ច។

គួររំលឹកថា កាលពីខែតុលា កន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានដកសហរដ្ឋអាមេរិកចេញពី
កិច្ចព្រមព្រៀងនុយក្លេអ៊ែរ INF ជាមួយរុស្ស៊ី ដោយចោទថាទីក្រុងម៉ូស្គូ មិនបានគោរពតាមកិច្ចព្រមព្រៀងនេះ។ តែរុស្ស៊ីបាន បដិសេធ ហើយមកទល់នឹងពេលនេះទីក្រុងវ៉ាស៊ីនតោន ក៏មិនទាន់ចេញសេចក្ដីសម្រេចចិត្តជាផ្លូវការណាមួយនៅឡើយដែរ៕













Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម