ព្រឹកថ្ងៃនេះគណបក្សប្រជាជនកម្ពុជា រៀបចំសន្និបាតគណៈកម្មាធិការកណ្តាល រយៈពេល៣ថ្ងៃ នៅកោះពេជ្រ

(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា រៀបចំសន្និបាតគណៈកម្មាធិការកណ្តាលរបស់ខ្លួន រយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ សន្និបាតនេះ ធ្វើឡើងចាប់ផ្តើមនៅម៉ោង៨ព្រឹកថ្ងៃទី១៨ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨។

លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា កិច្ចប្រជុំនេះដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកគណៈកម្មាធិការកណ្តាល និងថ្នាក់ដឹកនាំមិនមែនជាសមាជិកគណៈកម្មាធិការកណ្តាល សរុបជាង១ពាន់នាក់។

លោកបានបន្តថា សន្និបាតធ្វើឡើងជាទៀងទាត់ ដើម្បីបូកសរុបលទ្ធផលការងារនយោបាយកន្លងមក ព្រមទាំងកំណត់ទិសដៅនយោបាយ សម្រាប់ពេលខាងមុខ ក្នុងនោះក៏នឹងមានការពិភាក្សាត្រួតពិនិត្យ ការងារបច្ចុប្បន្នរបស់គណបក្ស តើមានអ្វីខ្លះដែលសម្រេចបានជោគជ័យ អ្វីខ្លះដែលនៅសេសសល់ អ្វីខ្លះជាបញ្ហាប្រឈម និងអ្វីដែលត្រូវកែលម្អ ដើម្បីធ្វើយ៉ាងណាដឹកនាំកម្ពុជា ឱ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

នៅក្នុងពិធីសម្ពោធដាក់ដំណើរការវារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា មហាសន្និបាតនេះ នឹងពិភាក្សាលើកិច្ចការទាំងឡាយដែលត្រូវធ្វើចំពោះមុខនៃការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ និងនាំប្រទេសពីស្ថានភាពមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច៥អាណត្តិមកនេះ នាពេលបច្ចុប្បន្ន មានសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៨៦៥នាក់ បន្ទាប់ពីបញ្ចូលថ្មីចំនួ​ន ៣៤២នាក់បន្ថែមទៀតកាលពីមហាសន្និបាត ខែមករា ឆ្នាំ២០១៨៕













Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម