មន្រ្ដីជាន់ខ្ពស់ធនាគារជាតិ៖ ដើម្បីឲ្យសេដ្ឋកិច្ចមានកំណើនខ្ពស់ ត្រូវទាញយកផលប្រយោជន៍ពីវិស័យដែល ជំរុញកំណើនសេដ្ឋកិច្ចឲ្យបានច្រើនជាងមុន

(ភ្នំពេញ)៖ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានបង្ហាញពីគន្លឹះផ្សេងៗ ដើម្បីទាញយកផលប្រយោជន៍ពីវិស័យ ដែលជួយជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា ដែលការទាញយកផលប្រយោជន៍ ពីវិស័យទាំងនេះនឹងជួយឲ្យកំណើនសេដ្ឋកិច្ចកើនឡើង។

ការលើកឡើងបែបនេះរបស់លោកស្រី ជា សិរី ធ្វើឡើងក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៥ស្ដីពី «ការពង្រីកប្រភពកំណើនសេដ្ឋកិច្ចកម្ពុជា» ដែលរៀបចំឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨។

លោកស្រី ជា សិរី ឲ្យដឹងថា «ធាតុផ្សំដែលអាចជួយឲ្យកំណើនសេដ្ឋកិច្ចនៃកម្ពុជាគឺ ធ្វើយ៉ាងណាទាញឲ្យផលប្រយោជន៍ ពីវិស័យធំៗដែលគាំទ្រសេដ្ឋកិច្ចឲ្យបានច្រើនជាងមុនដូចជា វិស័យទេសចរណ៍ជាដើមគឺ ធ្វើយ៉ាងណាទាញយកប្រយោជន៍ ពីវិស័យទេសចរណ៍ឲ្យកាន់តែច្រើន»។

លោកស្រី ជា សិរី បានពន្យល់លម្អិតពីការទាញយកប្រយោជន៍ ពីវិស័យទេសចរណ៍ថា ប្រសិនបើទេសចរចូលមកកម្ពុជា បែរជាប្រើប្រាស់របស់ដែលនាំចូល នោះការចំណេញនៅមានតិចតួចនៅឡើយ ដូច្នេះកម្ពុជាគួរមានដំណោះស្រាយ និងរកវិធីសាស្រ្ដដទៃទៀត ដែលអាចជួយឲ្យកំណើនសេដ្ឋកិច្ចកើនឡើង ឧទាហរណ៍ថា​កម្ពុជាអាចចាប់យកវិស័យទេសចរណ៍ ភ្ជាប់ជាមួយវិស័យកសិកម្ម ដើម្បីជំរុញការផលិតការផលិតក្នុងស្រុក យកទៅផ្គត់ផ្គង់តាមកន្លែងផ្សេងៗដូចជា ប្រើប្រាស់ក្នុងសណ្ឋាគារជាដើម។

លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់ជំនាញសាកលគ្រប់គ្រងផ្នែកម៉ាកក្រូសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៃ ធនាគារពិភពលោក បានលើកឡើងថា មានវិស័យជាច្រើនដែលអាចជួយឲ្យ កំណើនសេដ្ឋកិច្ចកាន់តែកើនឡើង។ ដូចអ្នកទាំងអស់គ្នាឃើញវិស័យកសិកម្មមានដូចជា៖ រោងចក្រកែច្នៃដំឡូងមី, ដំណាំស្វាយ, ដំណាំចេក វិស័យទាំងនេះអាចនាំចេញទៅក្រៅប្រទេស ដោយមិនចាំបាច់ពឹងផ្អែកប្រទេសជិតខាង ហើយនេះជាការជួយដល់កំណើនសេដ្ឋកិច្ច។

លោកបន្ដថា លើសពីនេះក៏មានវិស័យឧស្សហកម្មលើវិស័យ អេឡិចត្រូនិក ថ្មីៗនេះមានក្រុមហ៊ុនពីបណ្ដាប្រទេសមក បង្គុំអេឡិចត្រូនិកនៅកម្ពុជា និងមួយទៀតគឺវិស័យទេសចរណ៍ជាក់ស្ដែងកម្ពុជា ទទួលបានភ្ញៀវទេសចរបន្ថែមទៀតគឺ ស្ថិតក្នុងខេត្តព្រះសីហនុ ខណៈពីមុនមានតែអង្គរវត្តប៉ុណ្ណោះ។

សូមបញ្ជាក់ថា សន្និសីទម៉ាក្រូសេដ្ឋកិច្ចរៀបចំឡើង ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍ សមត្ថភាពស្រាវជ្រាវ និងផ្តល់ជាវេទិកាពិភាក្សា លើប្រធានបទសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា៕











Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម