លោក ត្រាំ៖ «លោក អូបាម៉ា បានធ្វើ​របងផ្ទះដើម្បីការពារ​សុវត្ថិភាព​គ្រួសារ ដូច្នេះ​អាមេរិក​ក៏ត្រូវការជញ្ជាំងព្រំដែនមួយដែរ...»

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ បាននិយាយថា ការសាងសង់របងផ្ទះរបស់អតីត​ប្រធានាធិបតី​អាមេរិក​លោក បារ៉ាក់ អូបាម៉ា ក្នុងទីក្រុង​វ៉ាស៊ីនតោន​ឌីស៊ី ពិតជា​មានសារៈសំខាន់​ព្រោះវាគឺ​ជាការការពារសន្តិសុខ និងសុវត្ថិភាព។ ប៉ុន្តែ​ទន្ទឹមគ្នានេះលោក ត្រាំ ក៏បានអះអាងដែរថា ការសាងសង់ជញ្ជាំង​ព្រំដែនជាប់ជាមួយ​ម៉ិចស៊ីកូ ក៏មានភាពចំាបាច់​ដូចគ្នានេះ​ដែរ។ នេះបើ​តាមការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨។

ការកត់សម្គាល់​ខាងលើរបស់​លោក ត្រាំ ធ្វើឡើង​នៅលើ Twitter កាលពី​ថ្ងៃអាទិត្យ (ម៉ោងនៅ​ក្នុងតំបន់) និងនៅចំពេល​ដែល​គម្រោងសាងសង់​ជញ្ជាំងព្រំដែនរបស់​លោកជា​មួយម៉ិចស៊ីកូ ដើម្បីទប់ស្កាត់លំហូរ​ចូលជនអន្តោប្រវេសន៍​ខុសច្បាប់ កំពុង​ជាប់គាំង ដោយសារការជំទាស់​ពីសមាជិកភា​គណបក្សប្រជាធិបតេយ្យ ដែលកំពុង​គ្រប់គ្រងសភា​តំណាងរាស្ត្រ។

លោក ត្រាំ បានលើកឡើង​យ៉ាងដូច្នេះថា «លោក​ប្រធានាធិបតី អូបាម៉ា និងភរិយា​របស់លោក បានសាងសង់​របងផ្ទះ ដើម្បីការពារ​សន្តិសុខ និងសុវត្ថិភាព​របស់ពួកគេ... ដូចគ្នាដែរ​សហរដ្ឋអាមេរិក​ក៏ត្រូវការ​ជញ្ជាំងព្រំដែន​មួយ​ផង​ដែរ»។

គួរបញ្ជាក់ថា សេចក្ដីរាយការណ៍​ពីការសាងសង់របងផ្ទះ​របស់លោក អូបាម៉ា កើតមានឡើង​តាំងតែពីជាង ២ឆ្នាំមកម្ល៉េះ។ ប៉ុន្តែ​លោក ត្រាំ បានឆ្លៀត​យករឿងនេះ​មកនិយាយ​ឡើងវិញ ក្នុងចេតនា​ការពារគម្រោងសាងសង់​ជញ្ជាំងព្រំដែន​ ជាមួយម៉ិចស៊ីកូដែលលោក​ធ្លាប់​បាន​សន្យាថា នឹងធ្វើឲ្យបានតាំង​តែពីអំឡុងយុទ្ធនាការ​​ឃោសនា រកសំឡេង​ឆ្នោត​ឆ្នាំ២០១៦៕











Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម