កម្ពុជា-ចិន កំពុងស្វែងរកឱកាសផលិតភាពយន្ដរួមគ្នា ដើម្បីពង្រីកខ្លួនចូលទីផ្សារអន្ដរជាតិ

(ភ្នំពេញ)៖ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ដ និងផ្សព្វផ្សាយវប្បធម៌បានឲ្យដឹងថា ចិនកំពុងតែស្វែងរកឱកាសអភិវឌ្ឍន៍វិស័ភាពយន្ដជាមួយនឹងផលិតករខ្មែរ ហើយការសហការរវាងគ្នានេះ​ នឹងជួយជំរុញវិស័យភាពយន្ដនៃ ប្រទេសទាំង២ ឲ្យកាន់តែប្រសើរឡើងទ្វេដង។

ការលើកឡើងបែបនេះរបស់លោក ប៉ុក បូរក្ស ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពី កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន លើវិស័យភាពយន្ដដែលរៀបចំឡើងក្រោម ការចូលរួមពីមន្ដ្រីក្រសួងវប្បធម៌កម្ពុជា-ចិន រួមទាំងផលិតករជាច្រើនរូប នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។

លោក ប៉ុក បូរក្ស បានឲ្យដឹងថា កិច្ចសហការរវាងកម្ពុជា-ចិន (ខេត្តយូណាន) ទៅលើវិស័យភាពយន្ដនេះមិនមែនលើទី១ទេ កន្លងមកនាយកដ្ឋានធ្លាប់បានធ្វើការជាមួយគ្នាអស់រយៈពេល២ឆ្នាំមកហើយ ដែលកន្លងមកភាគីទាំង២ បានចូលរួមទាំងនៅក្នុងប្រទេសចិន និងកម្ពុជា។

លោកបន្ដថា ការធ្វើកិច្ចសហប្រតិបត្តិការរួមគ្នារវាងកម្ពុជា-ចិន លើវិស័យភាពយន្ដនេះ គឺបន្ទាប់ពីខាងភាគីទាំង២ ពិភាក្សាគ្នាកាលពីពេលកន្លងទៅ ជាក់ស្ដែងខាងភាគីចិនក៏បានបញ្ជូនផលិតករជា​ច្រើនរូប មកធ្វើទស្សនកិច្ចនៅកម្ពុជា និងបានរៀបចំនូវកិច្ចសហការនាថ្ងៃនេះ។

លោកថា «កិច្ចសហការនេះភាគីទាំង២ បានពិភាក្សាលើ៣ចំណុច រួមមាន ១៖ ភាគីទាំង២ពិភាក្សាគ្នាលើការបណ្ដុះបណ្ដាល លើផ្នែកធនធានមនុស្ស លើវិស័យភាពយន្ដ ដោយការបណ្ដុះបណ្ដាលនេះ ចែកចេញជាពីរផ្នែកទៅលើ អ្នកចេះស្រាប់ និងនិស្សិត ទី២៖ គឺការសិក្សាជាមួយផលិតករភាពយន្ដរបស់កម្ពុជា​ និងចិន ដើម្បីសហការគ្នាក្នុងការផលិតជាភាពយន្ដ រវាងកម្ពុជា-ចិន និងទី៣៖ ការសិក្សាស្វែងរកឱកាស ដើម្បីឲ្យខ្សែភាពយន្ដកម្ពុជា អាចចូលលក់ក្នុងប្រទេសចិន»។

លោកឲ្យដឹងថា Zhao ChunMin នាយកដ្ឋានភាពយន្ដនៃ ខេត្តយូណាន ប្រទេសចិនលើកឡើងថា ខ្សែភាពយន្ដក្នុងប្រទេសចិន គឺទទួលបានការគាំទ្រច្រើន ហើយទទួលបានប្រាក់ចំណូលដល់ជាង៥ពាន់លានយ័ន កាលពីឆ្នាំ២០១២ តែសម្រាប់ឆ្នាំ២០១៨នេះរំពឹងថា ទទួលបាននូវប្រាក់ចំណូលសរុបរហូតដល់៦ពាន់លានយ័នផងដែរ។

លោកបន្ដថា វិស័យភាពយន្ដរបស់ប្រទេសចិន បានចូលរួមយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ វិស័យភាពយន្ដលើទីផ្សារអន្ដរជាតិ៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម