នៅទីបំផុត! តុលាការកាត់ទោសមេសហជីពទាំង៦រូប ឱ្យជាប់ពន្ធនាគារ២ឆ្នាំ៦ខែ ប៉ុន្តែទោសទាំងអស់ត្រូវព្យួរ មិនអនុវត្តឡើយ

(ភ្នំពេញ)៖ ទីបំផុត នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ ចៅក្រមជំនុំជម្រះ លោក អ៊ឹម វណ្ណ: បានប្រកាសសាលក្រមកាត់ទោស ប្រធានសហជីពទាំង៦រូប ដាក់ពន្ធនាគារក្នុងម្នាក់ៗ២ឆ្នាំ៦ខែ ប៉ុន្តែទោសទាំងអស់ត្រូវព្យួរធម្មតាមិនអនុវត្តនោះឡើយ ជុំវិញសំណុំរឿងផ្តើមគំនិតដឹកនាំបាតុកម្មឲ្យមានអំពើហិង្សានៅផ្លូវវេងស្រេង កាលពីអំឡុងចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤នេះ។

មេសហជីពធំៗ ចំនួន០៦រូប មានលោក អាត់ ធន់, លោកស្រី ម៉ម ញឹម, លោក ប៉ាវ ស៊ីណា, លោក ជា មុនី, លោក រ៉ុង ឈុន និងលោកស្រី យ៉ាង សោភ័ណ្ឌ។ សាលក្រមបានតម្រូវឲ្យក្រុមជនជាប់ចោទ រួមគ្នា សងសំណងទៅជនរងគ្រោះ ជាមន្ត្រីនគរបាល ចំនួន២នាក់ ចំនួន៣៥លានរៀល។

យោងតាមសាលក្រម តុលាការបានកែប្រែបទចោទប្រកាន់លើជនជាប់ចោទទាំង០៦នាក់ ដោយចោទប្រកាន់ ពួកគេពីបទ៖
* ផ្តើមគំនិត ក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស
* ផ្តើមគំនិត ក្នុងអំពើធ្វើឲ្យខូចខាតដោយ ចេតនាមានស្ថានទម្ងន់ទោស
* ផ្តើមគំនិតក្នុងអំពើ គំរាមកំហែងថា នឹងធ្វើឲ្យខូចខាតដែល ភ្ជាប់នូវបញ្ជាអ្វីមួយ
* ផ្តើមគំនិត ក្នុងអំពើប្រើមធ្យោបាយដើម្បីជាឧបសគ្គដល់ចរាចរណ៍ សាធារណៈ

ប្រព្រឹត្តនៅចំណុចមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីអំឡុង ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ រហូតដល់ ថ្ងៃទី០៣ ខែមករា ឆ្នាំ ២០១៤ យោងតាមមាត្រា២៨ មាត្រា២១៨ មាត្រា៤១១ មាត្រា៤២៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៧៨ នៃ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យក្រសួងពាក់ព័ន្ធ បញ្ចប់រឿងក្ដីក្ដាំជាមួយសហជីពទាំងអស់នៅតុលាការ ត្រឹមឆ្នាំ២០១៨ ក្នុងនោះសម្ដេចក៏បានជំរុញដល់មេសហជីពទាំងអស់ ដែលកំពុងមានក្តីក្តាំនៅតុលាការ ត្រូវបញ្ជូនសំណើដោះស្រាយបញ្ហាទៅកាន់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ៕















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម