លទ្ធផលស្ទង់មតិ៖ ប្រជាប្រិយភាព​របស់​លោក ដូណាល់ ត្រាំ បន្តធ្លាក់ចុះ​កាន់តែទាបបន្ថែម​ទៀត!

(វ៉ាស៊ីនតោន)៖ ប្រជាជនអាមេរិក​កាន់តែតិចៗទៅ ដែលមានមតិគាំទ្រ​​ចំពោះការដឹកនាំ​​របស់ ​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ដោយកម្រិត​​ប្រជាប្រិយភាពរបស់​លោក បានធ្លាក់ចុះ​នៅត្រឹម ៤៣ភាគរយ ដែលជាកម្រិត​ទាប​បំផុតក្នុងរ​យៈពេល ៧ខែកន្លង​មកនេះ។ នេះបើតាមលទ្ធផលស្ទង់មតិថ្មី ដកស្រង់ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅ​​ល្ងាច​ថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨។

បើតាមការស្ទង់មតិ​​ប្រចាំខែ ​ដែលធ្វើឡើងដោយ​សារព័ត៌មាន NBC News និង The Wall Street Journal កាលពីវិច្ឆិកា លោក ដូណាល់ ត្រាំ ទទួលបាន​ការគាំទ្រ​​​ពី​ប្រជាជន​អាមេរិក ៤៦ភាគរយ និង ៤៧ភាគរយ​កាលពីតុលា។ ម៉្យាងវិញ​ទៀត​ លទ្ធផល​ស្ទង់មតិថ្មីនេះ​បានបង្ហាញថា ប្រជាជនអាមេរិកកាន់តែមិនពេញចិត្ត​ចំពោះ​គោលនយោបាយ​​​របស់​លោក ត្រាំ ខ្លាំងឡើងៗ​ដោយក្នុងខែនេះ ៥៤ភាគរយ​នៃអ្នកស្ទង់មតិ​ មិនគាំទ្រចំពោះ​​ទង្វើរបស់​លោក ត្រាំ ធៀបនឹង​​ ៥២ភាគរយ​នៅខែវិច្ឆិកា និង ៤៩ភាគរយនៅ​ខែតុលា។

គួរជម្រាបថា ការស្ទាបស្ទង់មតិ​ខាងលើ ទទួលបានការចូលរួមពី​​ពលរដ្ឋអាមេរិកវ័យ​កណ្តាល​​​ប្រមាណ ៩០០នាក់ កាល​ពីចន្លោះ​ថ្ងៃទី០៩ ដល់ទី១២ ខែធ្នូ។ បន្ថែមពីនេះ​ប្រជាជន​អាមេរិក ២៨ភាគរយជឿថា សេដ្ឋកិច្ចអាមេរិកក្រោមការដឹកនាំរបស់លោក ត្រាំ នឹងប្រសើរឡើង​នៅឆ្នាំ២០១៩ ខណៈ៣៣ភាគរយ​ទៀតជឿជាក់ថា វានឹងប្រែជា​យ៉ាប់យ៉ឺន​ទៅវិញ៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម