រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម៖ គ្មានសញ្ញាណាមួយបង្ហាញពីការធ្លាក់ចុះនៃការនាំចេញរបស់កម្ពុជាឡើយ នៅឆ្នាំខាងមុខ!

(ភ្នំពេញ)៖ ទោះបីមួយរយៈពេលចុងក្រោយនេះមានលេចឮ នូវព័ត៌មានដែលអឺរ៉ុប មានគម្រោងដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាក្ដី ក៏រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ បានចេញមកបញ្ជាក់ថា ផលិតផលរបស់ខ្មែរនៅតែអាចនាំចេញបាន និងគ្មានសញ្ញាណាមួយបញ្ជាក់ឲ្យឃើញពីការធា្លក់ចុះនៃការនាំចេញនោះទេ សម្រាប់ឆ្នាំខាងមុខ។

ថ្លែងក្នុងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅក្រោយបញ្ចប់ ការថ្លែងសន្ទរកថាបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៨
និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០១៩ ដែលរៀបចំឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ លោករដ្ឋមន្រ្ដី ប៉ាន សូរស័ក្ដិ បញ្ជាក់ថា «ខ្ញុំមិនទាន់ឃើញមានបញ្ហាអ្វី ដែលអាចឲ្យសន្ទុះនៃការអភិវឌ្ឍន៍ (ការនាំចេញ) របស់ប្រទេសជាតិយើងថយក្រោយទេ ជាពិសេសកសិផល ក៏ដូចជាការនាំចេញផលិតផលសម្រេច។ យើងឃើញថា ការវិនិយោគច្រើនពីបរទេស ជាពិសេសប្រទេសចិន ដែលរៀបចំធ្វើរោងចក្រដំឡូងមី រោងចក្រកែច្នៃមៀននៅប៉ៃលិន ការរៀបចំនូវការជំរុញការកាត់ដេរកាបូប ការបញ្ជាទិញ នៅតែមានបន្ដបន្ទាប់ថែមទៀត ដោយសារតែមានភាពអនុគ្រោះ»។

លោកបន្ដថា ជាមួយគ្នានេះដែរនៅឆ្នាំ២០១៩ខាងមុខ ក្នុងនាមកម្ពុជាជាសមាជិកអាស៊ាន នឹងទទួលបានការបើកជំហរទីផ្សារកាន់ តែទូលាយថែមទៀត តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយ ដែលនឹងត្រូវបានបញ្ចប់ក្នុងឆ្នាំ២០១៩ ពេលនោះ កម្ពុជាអាចនឹងនាំចេញទៅកាន់ប្រទេស ដែលមានប្រជាជន ជាងពាក់កណ្ដាលពិភពលោក។

លោកបន្ថែមថា សម្រាប់ការងារនៅឆ្នាំ២០១៩ខាងមុខនេះ ក្រសួងពាណិជ្ជកម្មនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា ធានាបាននៅទីផ្សារកសិផល ក៏ដូចជាការពារកុំឲ្យកសិផល របស់ប្រជាកសិករធ្លាក់ចុះនៃតម្លៃផងដែរ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម