លោកខាងលិចធ្លាប់សរសើរ Facebook ដែលដើរតួជាឈ្នាន់បញ្ឆេះបដិវត្តន៍នៅអារ៉ាប់ និងអាហ្វ្រិកខាងជើង តែពេលនេះធ្លាក់ដល់បារាំងវិញ តើ Facebook ទទួលការសរសើរទៀតទេ?
(អឺរ៉ុប)៖ តួនាទីដែលបណ្តាញសង្គមនានា ជាពិសេស Facebook បានចូលរួមចំណែកកាលពីអំឡុងបាតុកម្ម Arab Spring ដែលចាប់ផ្តើមនៅទុយនីស៊ី កាលពីឆ្នាំ២០១០ និងបាតុកម្មនៅប្រទេសរុស្ស៉ីឆ្នាំ២០១១ និងឆ្នាំ២០១២ បានទទួលការសាទរយ៉ាងទូលំទូលាយពីលោកខាងលិច ប៉ុន្តែការអបអរភាពរីករាយនេះមិនត្រូវបានគេឃើញនៅក្នុង អំឡុងនៃការធ្វើបាតុកម្មអាវកាក់ពណ៌លឿង ដែលបានផ្ទុះជាអំពើហិង្សាយ៉ាងក្តៅគគុក នៅក្នុងប្រទេសបារាំងឡើយ។ ទោះជាបែបនេះក្តី Facebook កំពុងបន្តអនុវត្តន៍នូវអ្វីដែលខ្លួនស្ទាត់ជំនាញដដែល គឺបើកដៃឲ្យមនុស្សរាល់គ្នាបញ្ចេញកំហឹងរបស់ពួកគេ និងដុតកំហឹងអ្នកតាមដានឯទៀតៗឲ្យចូលរួម។
កាលពីឆ្នាំ២០១១ ក្រោយការកើតមានបាតុកម្មនៅទុយនីស៊ី ក្រុមអ្នកវិភាគ និងសាស្រ្តាចារ្យនៅលោកខាងលិច បានចាត់ទុកបណ្តាញសង្គម Facebook ថាគឺជាការបង្ហាញរូបរាងនៃដំណើរការលទ្ធិប្រជាធិបតេយ្យ និងជាអ្នកនាំសារអំពីសិទ្ធិសេរីភាពនៃលទ្ធិប្រជាធិបតេយ្យ នៅទូទាំងតំបន់អាហ្វ្រិកខាងជើង និងនៅមជ្ឈិមបូព៌ា ហើយ Facebook ថែមទាំងបានជួយលើកស្ទួយក្តីរំពឹងសម្រាប់ភាពជោគជ័យនៃការបះបោរនយោបាយផងដែរ។
នៅចុងឆ្នាំ២០១១ Facebook បានដើរតួនាទីស្នូលក្នុងការរៀបចំបាតុកម្មទ្រង់ទ្រាយធំនៅប្រទេសរុស្ស៊ី នៅក្រោយការបោះឆ្នោតសភាមួយ ដែលត្រូវបានអះអាងថា មានការក្លែងបន្លំ។ នាពេលនោះគេបានសង្កេតឃើញមានលំនាំដូចគ្នារវាងបាតុកម្មនៅទុយនីស៊ី និងបាតុកម្មនៅរុស្ស៉ី គឺបណ្តាញធ្វើសកម្មភាពតវ៉ាគ្មានមេកើយច្បាស់លាស់ ដែលកើតចេញពីបណ្តាញសង្គមរបស់អាមេរិក។
ប្រការនេះបាននាំឲ្យប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន សង្ស័យថា សហរដ្ឋអាមេរិក បានរៀបចំសកម្មភាពបែបនេះ នៅតាមតំបន់ខុសៗគ្នាជុំវិញពិភពលោក ដោយប្រើវិធីសាស្រ្តតែមួយ។ ប៉ុន្តែលោក ពូទីន រួមទាំងអ្នកសង្កេតការណ៍ដទៃទៀត ត្រូវគេមើលឃើញថា បានគិតខុសដោយយល់ថា តួនាទី Facebook នៅក្នុងសកម្មភាពបះបោរល្បីៗទាំងនេះ មានជាប់ពាក់ព័ន្ធនឹងសិទ្ធិសេរី ឬក៏លទ្ធិប្រជាធិបតេយ្យ។
ភ្លាមៗបន្ទាប់ពីប្រទេសទាំងឡាយឆ្លងកាត់បដិវត្តន៍ Arab Spring បានចាប់ផ្តើមបោះជំហានថយក្រោយទៅរករបបផ្តាច់ការ ឬក៏ធ្លាក់ចូលទៅក្នុងភាពវឹកវរ ក្តីព្រួយបារម្ភបានលេចឡើង ជុំវិញសមត្ថភាពរបស់បណ្តាញសង្គមក្នុងការជួយដល់ការធ្វើអន្តរកាលឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។ យ៉ាងណាមិញ Facebook និងបណ្តាញសង្គមឯទៀតៗ គឺមិនដែលមានជំនាញខាងបញ្ហានេះឡើយពោលអ្វីដែលប្រព័ន្ធទាំងនេះបានធ្វើនោះ គឺត្រឹមជួយមនុស្សឲ្យកាន់តែរំភើបអំពីអ្វីៗដែលរំខានពួកគេ។ តាមរយៈការចែកចាយសារ និងបំផុសបំផុលមតិយោបល់ បណ្តាញសង្គមដូចជា Facebook បានបង្កជាអំពើហិង្សា និងភាពចលាចលនៅកន្លែង ដែលពីដំបូងឡើយមានទម្រង់ជាបាតុកម្ម ឬសកម្មភាពតវ៉ាធម្មតាៗប៉ុណ្ណោះ។
ខណៈពេលនេះភាពចលាចលនេះ កំពុងកើតឡើងម្តងទៀតនៅបារាំង ជាប្រទេសមួយដែលមិនអាចចាត់ទុកថា ជាប្រទេសផ្តាច់ការ និងជាកន្លែងដែលសហរដ្ឋអាមេរិកពុំមានហេតុផល ដើម្បីបំផុសបដិវត្តន៍នោះឡើយ។ បាតុកម្មដែលគេហៅថា «អាវកាក់ពណ៌លឿង» បានផ្ទុះឡើងដោយការសម្រេចចិត្តរបស់រដ្ឋាភិបាលបារាំងក្នុងការដំឡើងពន្ធ ៧.៦ភាគរយលើប្រេងសាំង និង ៣.៩ភាគរយលើប្រេងម៉ាស៊ូត។
បើគិតពីអត្រានៃការដំឡើងពន្ធ វាហាក់មិនជាបញ្ហាធំដុំខ្លាំងក្លានោះឡើយ ប៉ុន្តែបាតុកម្មអាវកាក់ពណ៌លឿងដែលផ្ទុះឡើងកាលពីខែវិច្ឆិកា ដោយសារការបង្ហោះសារបំផុសបំផុលលើ Facebook បានកើនឡើងភាពតានតឹងរហូតក្លាយជាបាតុកម្មហិង្សាដ៏អាក្រក់ ក្នុងតំបន់ទីប្រជុំជនប្រចាំប្រទេសបារាំង ដែលមិនធ្លាប់មានក្នុងអំឡុងជាងមួយទសវត្សរ៍កន្លងទៅនេះ។
ដូចនឹងបាតុកម្មមុនៗដែរ ភាពវឹកវរទាំងនេះភាគច្រើនគឺពុំមានមេដឹកនាំច្បាស់លាស់ឡើយ ហើយពួកវាពុំត្រូវការរចនាសម្ព័ន្ធនយោបាយ ឬក៏ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីអភិវឌ្ឍន៍ខ្លួននោះទេ។ យ៉ាងណាមិញមានវត្តមានបុគ្គលមួយចំនួន ដែលក្រុមបាតុករគាំទ្រដើរតាម ដោយទស្សនរបស់បុគ្គលទាំងនោះ ត្រូវបានជ្រោមជ្រែងឥតឈប់ឈរដោយគ្រុបហ្វេសប៊ុក Yellow Vest។ ក្នុងចំណោមនោះ មានបុគ្គលម្នាក់ឈ្មោះថា Maxime Nicolle ដែលតែងធ្វើការ Live តាម Facebook ចេញពីកន្លែងបាតុកម្ម។ លោក Nicolle បានក្លាយខ្លួនជាអ្នកនាំពាក្យម្នាក់ ក្នុងចំណោមអ្នកនាំពាក្យ ០៨នាក់របស់ចលនាអាវកាក់ពណ៌លឿង ដែលមានសិទ្ធិចរចាជាមួយរដ្ឋាភិបាលបារាំង។
យ៉ាងណាមិញថា តើកំហឹងដ៏ក្តៅគគុករបស់ប្រជាជនបារាំង ដែលបង្កឡើងដោយការដំឡើងពន្ធជាការពិត ឬក៏យ៉ាងហោចណាស់មានជាប់ពាក់ព័ន្ធមួយចំណែកនឹងការបំផុសបំផុលពី Facebook នោះ គឺពិបាកនឹងកំណត់បានឲ្យប្រាកដនាពេលនេះ ដោយពុំមានវិធីសាស្រ្តវិទ្យាសាស្រ្តច្បាស់លាស់ណាមួយ។ ប៉ុន្តែវាគួរតែដល់ពេលត្រូវបោះបង់ចោលនូវរាល់ការបំភាន់ភ្នែក ដែលថាបណ្តាញសង្គម អាចចូលរួមដើរតួនាទីវិជ្ជមាននៅក្នុងការលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ និងសេរីភាព។
សង្គមមួយមានឈ្មោះថា សង្គមសេរី គឺមិនអាចហាមឃាត់មិនឲ្យប្រើប្រាស់ Facebook ឬក៏ដាក់ការត្រួតពិនិត្យតាមដានទាំងស្រុង លើមុខងារបញ្ឆេះភ្លើងកំហឹងរបស់វាបានឡើយ ប៉ុន្តែមនុស្សរាល់គ្នាគួរតែដឹងពីហានិភ័យនៃ Facebook និងបណ្តាញសង្គមដទៃទៀតអាចបង្កឡើង សម្រាប់លទ្ធិប្រជាធិបតេយ្យ៕
Comments