សេតវិមាន៖ លោក ដូណាល់ ត្រាំ បានផ្ញើលិខិតមួយច្បាប់ជាការឆ្លើយតបទៅ​លោក គីម ជុងអ៊ុន នៅមុនជំនួប​កំពូល​លើក​ទីពីរ

(វ៉ាស៊ីនតោន)៖ នាថ្ងៃពុធសប្តាហ៍នេះ សេតវិមានអាមេរិកបានបញ្ជាក់ថា ប្រធានាធិបតី លោក ដូណាល់ ត្រាំ​ បានផ្ញើលិខិត​មួយ​ច្បាប់តបទៅកាន់​​ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅមុន​កិច្ចប្រជុំកំពូលជាលើកទីពីររវាង​មេដឹកនាំ​ទាំងពីរ​។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ​​ស្ថានីយទូរទស្សន៍អាមេរិក CNN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩។

ការបញ្ជាក់ខាងលើធ្វើឡើង​ដោយ​អ្នកនាំពាក្យសេតវិមាន គឺលោកស្រី Sarah Sanders ដែលបាននិយាយយ៉ាងខ្លីដូច្នេះថា «​​​​លោកប្រធានាធិបតី (លោក ត្រាំ) បានឆ្លើយតបចំពោះលិខិតរបស់ លោក គីម ជុងអ៊ុន»។ លោក Kim Yong Chol ដែលជា​​ប្រធានក្រុមអ្នកចរចាបញ្ហា​នុយក្លេអ៊ែរ​របស់កូរ៉េខាងជើង ​បានមកបំពេញទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ិនតោនកាលពីសប្តាហ៍​​មុន និងបានចូលជួបពិភាក្សាជាមួយ​ លោក ត្រាំ រយៈពេល​៩០នាទី នៅឯសេតវិមាន។

លោក Kim Yong Chol បាននាំយកមកជាមួយនូវ​លិខិត​របស់ លោក គីម ជុងអ៊ុន ដែលផ្ញើជូនលោក ដូណាល់ ត្រាំ។ ជាលទ្ធ​ផលនៅក្រោយជំនួបនេះ សេតវិមានបានប្រកាសថា កិច្ចប្រជុំកំពូលជាលើកទីពីរ​វាង​ លោក ត្រាំ និង លោក គីម ជុងអ៊ុន នឹង​ប្រព្រឹត្ត​ទៅនៅចុងខែកុម្ភៈ។

គួរជម្រាបថា បន្ទាប់ពីទទួលបានលិខិតពីលោក Kim Yong Chol លោក គីម ជុងអ៊ុន បានកោតសរសើរ​វាថាជាលិខិត​ដ៏ល្អមួយ​ និង​​បានសម្តែងការពេញចិត្តជាខ្លាំង នៅមុនជំនួបកំពូលលើកទីពីរ​ជា​មួយ​លោកប្រធានាធិបតីអាមេរិក។ ​បើតាមសេចក្តីរាយ​​ការណ៍​ព័ត៌មាននាពេលកន្លងទៅនេះ ​កិច្ចប្រជុំកំពូលត្រាំ-គីមលើកទីពីរ ទំនងជានឹង​ធ្វើឡើងនៅប្រទេសវៀតណាម៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម