មហាយក្សចិន៖ ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក នឹងបំផ្លាញការរស់នៅរបស់ប្រជាជនវេណេស៊ុយអេឡា

(ប៉េកាំង)៖ រដ្ឋាភិបាលចិននៅថ្ងៃអង្គារនេះ បានសម្ដែងការជំទាស់យ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក ប្រឆាំងនឹងរដ្ឋាភិបាលប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយសង្កត់ធ្ងន់ថាការដាក់ទណ្ឌកម្មនេះមានតែបំផ្លាញការរស់នៅ របស់ប្រជាជនវេណេស៊ុយអេឡាប៉ុណ្ណោះ។ នេះបើតាមក្រសួងការបរទេសចិន ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang ក៏បានបញ្ជាក់ដែរថាទីក្រុងប៉េកាំង នៅតែទទួលស្គាល់លោកម៉ាឌូរ៉ូ ជាប្រធានាធិបតីស្របច្បាប់តែមួយគត់របស់វេណេស៊ុយឡា។ លោក Shuang បានបន្ថែម ដូច្នេះថា៖ «ចិនជឿជាក់ថាទណ្ឌកម្មអាមេរិកមានតែបំផ្លាញការរស់នៅរបស់ប្រជាជនវេណេស៊ុយអេឡាតែប៉ុណ្ណោះ ហើយទីក្រុង​វ៉ាស៊ីនតោននឹងត្រូវទទួលខុសត្រូវលើផលវិបាកទាំងឡាយដែលកើតចេញពីការដាក់ទណ្ឌកម្មនេះ»។

គួរជម្រាបថា សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បាន​សម្រេចចិត្តដាក់​ទណ្ឌកម្ម លើក្រុមហ៊ុនប្រេងរដ្ឋ​វេណេស៊ុយអេឡា PDVSA ដើម្បីបង្ខំឱ្យលោក​ ម៉ាឌូរ៉ូ ប្រគល់អំណាចដោយសន្តិវិធីឱ្យមេបក្សប្រឆាំង។ ដោយឡែក​ បើតាមក្រសួងរតនាគារ​ជាតិ​អាមេរិក ផ្អែកលើ​ទណ្ឌកម្មចុង​ក្រោយនេះ រាល់​ទ្រព្យសម្បត្តិ ឬភាគហ៊ុន​របស់ PDVSA ដែលស្ថិតនៅក្រោម​យុត្ថាធិការ​អាមេរិកនឹងត្រូវ បង្កកទុក ហើយរាល់​ប្រជាជនអាមេរិកទាំងអស់មិនអាចធ្វើពាណិជ្ជកម្ម ឬចុះកិច្ច​ព្រមព្រៀង​ជាមួយក្រុមហ៊ុននេះ​បានឡើយ៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម