ព្រឹទ្ធសមាជិក​អាមេរិក៖ «រដ្ឋបាល ដូណាល់ ត្រាំ គួរកុំបង្កើត​ប្រវត្តិ​សាស្ត្រ​​ច្រំដែល តាម​រយៈការ​លូកដៃក្នុង​ការបំផ្ទុះរដ្ឋប្រហារ​ នៅ​វេណេស៊ុយអេឡា...»

(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាល​អាមេរិក​​គួរតែជៀសវាង​​​ ការចូលលូកដៃ​ពាក់ព័ន្ធ​ការបំផ្ទុះឲ្យ​ធ្វើរដ្ឋប្រហារ ឬក៏ផ្តល់គាំទ្រ​ឲ្យមានការ​ផ្លាស់ប្តូររបបដឹកនាំ​នៅប្រទេស​វេណេស៊ុយអេឡា ពោលគឺកុំឲ្យដើរ​តាមប្រវត្តិសាស្រ្ត​ច្រំដែល​ នៅឯតំបន់​អាមេរិកខាងត្បូង។ នេះបើតាមការ​ព្រមានរបស់​ព្រឹទ្ធសមាជិក​អាមេរិក លោក ប៊ឺនី សេនដឺស៍ (Bernie Sanders) ​ដកស្រង់​សម្តីដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅ​រសៀល​ថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។

លោក Sanders បានលើក​ឡើងយ៉ាង​ដូច្នេះថា «សហរដ្ឋអាមេរិក​គួរតែគាំទ្រ​​នីតិរដ្ឋ តម្លាភាពនៃ​ការបោះឆ្នោត និង​សិទ្ធិស្វ័យ​​សម្រេចចិត្តរបស់​ប្រជាជន​វេណេស៊ុយអេឡា ហើយយើង​ត្រូវរៀនសូត្រ​ពីមេរៀន​កាលពីអតីតកាល និងមិនត្រូវ​ទៅ​ជាប់ជំពាក់​ជំពិន​​ក្នុងការផ្លាស់​ប្តូរបបដឹកនាំ ឬ​ក៏ការគាំទ្រ​​ឲ្យ​មាន​រដ្ឋប្រហារ ដូចដែលយើង​បានធ្វើនៅឈីលី ហ្គាតេម៉ាឡា ប្រេស៊ីល និង​សាធារណរដ្ឋដូមេនីក​ឡើយ។ និយាយរួម​សហរដ្ឋអាមេរិក​មានប្រវត្តិវែង​អន្លាយខ្លាំងណាស់ អំពីការ​ចូលលូក​ដៃដោយ​មិន​​​ត្រឹមត្រូវ នៅតាម​បណ្តា​ប្រទេស​អាមេរិកឡាទីន ដូច្នេះហើយ​ពួកយើងមិនត្រូវដើរ​លើផ្លូវនេះម្តង​ទៀត​ឡើយ»។

គួរជម្រាបថា រដ្ឋាភិបាលលោក ដូណាល់ ត្រាំ បានចេញមុខ​ទទួលស្គាល់​ប្រធានសភា​វេណេស៊ុយអេឡា និង​​ជាមេបក្ស​​ប្រឆាំង លោក ចូអាន ហ្គៃដូ (Juan Guaido) ជា​ប្រធានាធិបតីស្តីទី​នៃប្រទេសនេះ​ និងបានទទូច​ឲ្យ​លោក នីកូឡាស់ ម៉ាឌូរ៉ូ ចុះចេញពីតំណែង​ដើម្បី​បើកផ្លូវឲ្យ​លោក Guaido ឡើងដឹកនាំ​ជំនួសវិញ។ ជាការ​ឆ្លើយតប លោក ម៉ាឌូរ៉ូ បាន​​ប្រកាស​កាត់ផ្តាច់ទំនាក់ទំនង​​ចោល​​ជាមួយ​​សហរដ្ឋ​អាមេរិក ខណៈស្ថានការណ៍​ជារួមនៅក្នុងប្រទេសនេះ កំពុងស្ថិត​ក្នុងភាពផុយស្រួយ​បំផុត៕​











Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម