សម្ដេចតេជោ ហ៊ុន សែន ប្រកាសទប់ស្កាត់មិនឱ្យបរទេសលូកលាន់ផ្ទៃក្នុងកម្ពុជា ដូចនៅប្រទេសវេណេស៊ុយអេឡាឡើយ



(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយ៉ាងដាច់អហង្ការ ទប់ស្កាត់មិនឱ្យបរទេសលូកលាន់កិច្ចការផ្ទៃក្នុងរបស់ខ្លួន ដូចនៅប្រទេសវេណេស៊ុយអេឡាបច្ចុប្បន្ន ដែលជាប្រទេសមួយមានប្រធានាធិបតីដល់ទៅពីររូប ម្ខាងជាប់ឆ្នោតដោយស្របច្បាប់ ម្ខាងជាបក្សប្រឆាំងគាំទ្រដោយសហរដ្ឋអាមេរិក និងប្រទេសមួយចំនួន។

ការប្រកាសយ៉ាងដាច់អហង្ការរបស់សម្ដេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិត ១១,៧៣៨នាក់ មកពីរោងចក្រ-សហគ្រាសចំនួន១២ នៅខេត្តកំពត នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវការហួសចិត្តចំពោះសហរដ្ឋអាមេរិក និងប្រទេសមួយចំនួន ដែលគាំទ្រមេបក្សប្រឆាំងនៅប្រទេសវេណេស៊ុយអេឡា ឱ្យឡើងកាន់តំណែងជាប្រធានាធិបតីប្រទេសនេះ ស្របពេលដែលលោក ម៉ាឌូរ៉ូ ក៏ជាប្រធានាធិបតីស្របច្បាប់ ទទួលស្គាល់ដោយប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតផងដែរ។

សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំអត់យល់ទេអ្វីដែលកំពុងកើតឡើងនៅវេណេស៊ុយអេឡា ប្រធានាធិបតីមួយជាប់ឆ្នោតកំពុងកាន់តំណែង ឥឡូវបែរជាសហរដ្ឋអាមេរិក និងប្រទេសមួយចំនួន ប្រកាសទទួលស្គាល់មេបក្សប្រឆាំងឱ្យធ្វើប្រធានាធិបតី ហើយស្បថចូលកាន់តំណែងខ្លួនឯង។ ហ្ចឹងប្រទេសនេះបន្តិចទៀត វ៉ៃគ្នាតែម្ដង ខ្ញុំប៉ានស្មានថានឹងវ៉ៃគ្នា ព្រោះប្រធានាធិបតីកាន់តំណែងគាត់នឹងមិនដកថយទេ។ ហេតុអីទៅបានមានរឿងបែបនេះកើតឡើង មេបក្សប្រឆាំងដែលមិនបានចូលរួមការបោះឆ្នោត បែរទៅជាគេប្រកាសទទួលស្គាល់ថា ជាប្រធានាធិបតី ហើយស្បថចូលកាន់តំណែងខ្លួនឯង»។

បុរសខ្លាំងកម្ពុជារូបនេះ បានបញ្ជាក់ថា នៅកម្ពុជាដាច់ខាតមិនគាំទ្រឱ្យមានរឿងបែបនេះកើតឡើងនោះឡើយ ពីព្រោះកម្ពុជាមិនអនុញ្ញាតឱ្យពួកបរទេសទាំងនោះ លូកលាន់កិច្ចការផ្ទៃក្នុងរបស់ខ្លួនតាមតែអំពើចិត្ត ហើយអូសទាញកម្ពុជាធ្លាក់ទៅក្នុងវិបត្តិនយោបាយ ដូចកាលពីអតីតកាលនៅឡើយ។

សម្ដេចតេជោ បានបន្តយ៉ាងដូច្នេះទៀតថា «ត្រង់នេះហើយ ដែលខ្ញុំទាមទារឱ្យមានការប្រយ័ត្នប្រយែង សម្រាប់សន្តិភាពរបស់កម្ពុជា មិនត្រូវឱ្យបរទេសលូកដៃជាមួយនឹងអ្នកដែលនៅខាងក្នុង ប៉ុនប៉ងបំផ្លាញចោលនូវសន្តិភាពដែលយើងរកបានដោយលំបាកនេះឡើយ»៕





















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម