អ្នកជំនាញ៖ ប្រទេសចិនត្រូវការធ្វើកំណែទម្រង់សេដ្ឋកិច្ចជាតិ ឱ្យកាន់តែស៊ីជម្រៅ

(ចិន)៖ អ្នកជំនាញនៅប្រទេសចិន កំពុងទទូចឱ្យមានការធ្វើកំណែទម្រង់ជារួម ឱ្យកាន់តែស៊ីជម្រៅជាងមុនទៅទៀត ដើម្បីលើកស្ទួយឱ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ចចិន ដែលប្រកបដោយគុណភាពខ្ពស់ នៅខណៈដែលកំណើនសេដ្ឋកិច្ចចិននាឆ្នាំ២០១៩នេះ ត្រូវបានគេព្យាករណ៍ថានឹងចុះខ្សោយ។

នៅខណៈដែលសេដ្ឋកិច្ចពិភពលោក មានកំណើនទាប សេដ្ឋកិច្ចចិន នៅតែមានកំណើនថេរដដែល បើនិយាយជារួម នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ សេដ្ឋកិច្ចវិទូចិនជាច្រើនបានលើកឡើងថា កំណើនថេរនៃសេដ្ឋកិច្ចចិននេះ គឺមួយភាគធំបណ្ដាលមកពីការធ្វើកំណែទម្រង់រចនាសម្ព័ន្ធប្រព័ន្ធផ្គត់ផ្គង់នៅក្នុងស្រុក។

លោក លាំង មីង នាយកវិទ្យាសា្ថនពាណិជ្ជកម្មបរទេស បណ្ឌិតសភាពាណិជ្ជកម្មអន្តរជាតិនិងសហប្រតិបត្តិការសេដ្ឋកិច្ចចិន និយាយថា «គោលបំណងសំខាន់នៃការធ្វើកំណែទម្រង់ រចនាសម្ព័ន្ធប្រព័ន្ធផ្គត់ផ្គង់ គឺដើម្បីបង្កើនគុណភាពរបស់ប្រព័ន្ធផ្គត់ផ្គង់ ផ្ដល់ឱកាសឱ្យគេអាចអភិវឌ្ឍបច្ចេកវិទ្យាទំនើបៗថ្មីៗ បង្កើតឧស្សាហកម្មថ្មីៗ និងបង្កើតវិធីធ្វើជំនួញថ្មីៗ ក្រោយពីគេឈប់ប្រើវិធីផលិតសម្ភារ ដែលហួសសម័យទៅ។ គោលបំណងមួយទៀតនោះ គឺដើម្បីផ្ដល់កម្លាំងជំរុញដ៏ខ្លាំងក្លាមួយ សម្រាប់ឱ្យសេដ្ឋកិច្ចជាតិរីកចម្រើនបានល្អ»។

ដើម្បីដោះស្រាយស្ថានភាពដ៏ស្មុគស្មាញ ដែលកើតមានទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក ប្រទេសចិនគួរធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងរៀបចំបរិយាកាសឱ្យកាន់តែល្អ ដើម្បីឱ្យសេដ្ឋកិច្ចជាតិអាចអភិវឌ្ឍបានកាន់តែងាយស្រួល។

អ្នកស្រី តុង យ៉ាន ប្រធានអង្គភាពពាណិជ្ជកម្មអន្តរជាតិ វិទ្យាស្ថានសេដ្ឋកិច្ចនិងនយោបាយពិភពលោក នៃបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិន និយាយថា «ការផ្ដល់លទ្ធភាពឱ្យក្រុមហ៊ុនចូលមកក្នុងទីផ្សារកាន់តែងាយ និង ការបើកចំហរវិស័យសេវាកម្ម ឱ្យក្រុមហ៊ុនចូលមកវិនិយោគ គឺសុទ្ធតែជាអ្វីដែលយើងតែងតែយកចិត្តទុកដាក់ជានិច្ច នៅពេលដែលយើងគិត ដល់ការបើកចំហរទីផ្សារទាំងមូលរបស់ប្រទេសចិន។ ទង្វើនេះ ជួយឱ្យឧស្សាហកម្មមួយចំនួន ដូចជាទូរគមនាគមន៍ សេវាសុខាភិបាល និងអប់រំ អាចបំពេញតាមតម្រូវការរបស់ប្រជាពលរដ្ឋដែលត្រូវការប្រើសេវា និងទំនិញដែលកាន់តែមានគុណភាព»។

លោក លី យ៉ុង មន្ត្រីជាន់ខ្ពស់ សមាគមពាណិជ្ជកម្មអន្តរជាតិចិននិយាយថា «យើងបានពិនិត្យឡើងវិញនូវច្បាប់ស្ដីអំពីការវិនិយោគរបស់ក្រុមហ៊ុនបរទេស។ យើងបានបញ្ជាក់ច្បាស់ហើយថា យើងមិនអនុញ្ញាតឱ្យមានការផ្ទេរដោយបង្ខំនូវបច្ចេកវិទ្យារបស់បរទេស ដោយហេតុផលណាមួយឬក្នុងទម្រង់ណាមួយក៏ដោយ»។

លោក លាំង មីង នាយកវិទ្យាសា្ថនពាណិជ្ជកម្មបរទេស បណ្ឌិតសភាពាណិជ្ជកម្មអន្តរជាតិនិងសហប្រតិបត្តិការសេដ្ឋកិច្ចចិន និយាយទៀតថា«ឧទាហរណ៍ដូចជាការធ្វើកំណែទម្រង់ក្រុមហ៊ុនរដ្ឋ និងទ្រព្យសម្បត្តិរដ្ឋអញ្ជឹង កំណែទម្រង់ទៅលើតម្លៃ ប្រព័ន្ធគ្រប់គ្រងប្រាក់វិនិយោគ និងកម្មសិទ្ធបញ្ញា សុទ្ធតែកំពុងទទួលបានលទ្ធផលរីកចម្រើនដ៏រឹងមាំល្អណាស់។ យើងមានស្ដង់ដារបស់យើង សម្រាប់ជ្រើសរើសថាចំនុចណា ដែលយើងត្រូវធ្វើកំណែទម្រង់ ហើយថាត្រូវធ្វើកំណែទម្រង់នោះដោយរបៀបណា។ យើងនឹងធ្វើកំណែទម្រង់ទាំងឡាយណា ដែលជួយឱ្យយើងអាចអភិវឌ្ឍលទ្ធិសង្គមនិយម របស់ចិនឱ្យកាន់តែល្អប្រសើរ ជួយឱ្យយើងអាចដឹកនាំប្រទេសជាតិ បានកាន់តែទំនើប និងកាន់តែមានប្រសិទ្ធភាព»៕ (សារព័ត៌មាន CCTV របស់ចិន)







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម