សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណថ្វាយព្រះមហាក្សត្រ ដែលតែងតែប្រោសប្រទានការគាំទ្រជានិច្ច ចំពោះការខិតខំរបស់រាជរដ្ឋាភិបាល ដើម្បីបុព្វហេតុសន្តិភាព



(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរគុណថ្វាយព្រះមហាក្សត្រ ដែលព្រះអង្គតែងតែប្រោសប្រទានការគាំទ្រជានិច្ច ចំពោះព្រឹទ្ធសភា រដ្ឋសភា និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីបុព្វហេតុសុខសន្តិភាព ការអភិវឌ្ឍជាតិ ការលើកស្ទួយជីវភាព សុខុមាលភាព និងភាពសុខដុមរមនា នៃប្រជារាស្ត្ររបស់ព្រះអង្គ។

សេចក្តីថ្លែងអំណរគុណប្រកបដោយភក្តីភាព របស់សម្តេចនាយករដ្ឋមន្ត្រី ថ្វាយចំពោះព្រះមហាក្សត្រ បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួមបើកកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៉ី-ប៉ាស៉ីហ្វិក លើកទី២៧ (APPF-27) ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ក្នុងឱកាសដ៏ឱឡារិកនេះ ទូលព្រះបង្គំខ្ញុំសូមព្រះរាជានុញ្ញាត សម្តែងនូវអំណរព្រះគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ និងប្រោសប្រទានការគាំទ្រជានិច្ច ចំពោះព្រឹទ្ធសភា រដ្ឋសភា និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបុព្វហេតុសុខសន្តិភាព ការអភិវឌ្ឍន៍ជាតិ ការលើកស្ទួយជីវភាព សុខុមាលភាព និងភាពសុខដុមរមនា នៃប្រជារាស្ត្ររបស់ព្រះអង្គ»។

សូមជម្រាបថា សភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ APPF ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូសភាដើម្បីសន្តិភាព សន្តិសុខ និងកាអភិវឌ្ឍប្រកបដោយចីរភាព»។

វេទិកាសភាអាស៉ី-ប៉ាស៉ីហ្វិក ជាបណ្តុំស្ថាប័ននីតិប្បញ្ញត្តិមួយ ដែលបង្កើតឡើងក្នុងគោលបំណងជំរុញសុខសន្តិភាព និងការអភិវឌ្ឍដោយចីរភាព។ APPF បានបង្កើតនៅឆ្នាំ១៩៩៣ នៅក្នុងប្រទេសជប៉ុន បច្ចុប្បន្នមានសមាជិកចំនួន ២៧ប្រទេស៕











Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម