វេណេស៊ុយអេឡា​ចាប់ខ្លួន​ទាហាន​​បះបោរ​២៧នាក់ ដែល​ចង់ផ្តួលរំលំ​រដ្ឋាភិបាល​លោក ម៉ាឌូរ៉ូ

(ការ៉ាកាស់)៖ កងកម្លាំងសន្តិសុខសរុប ២៧នាក់ ត្រូវបាន​ចាប់ខ្លួនបន្ទាប់ពីពួកគេ​បានចូល​រួម​ក្នុងចលនាតវ៉ាមួយនៅក្នុងរដ្ឋធានីការ៉ាកាស់ ដែលត្រូវបាន​រដ្ឋាភិបាល​អះអាងថា ជាចេតនា​ប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីតំណែង។ នេះបើតាម​ការចេញផ្សាយដោយសារព័ត៌មានអាល្លឺម៉ង់ DW នារសៀលថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។

យោធានៃរដ្ឋាភិបាល​វេណេស៊ុយអេឡា បាន​ចេញមកបង្ក្រាប​កម្លាំងសន្តិសុខមួយក្រុម នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលា​នៅអាមេរិក​ខាងត្បូង) ដោយចោទប្រកាន់ពួកគេថា ជាក្រុមទាហានបះបោរមានចេតនាផ្តួលរំលំរដ្ឋាភិបាល ឬធ្វើរដ្ឋប្រហារ។ ជំនួយការ​លោកប្រធានាធិបតី​ ម៉ាឌូរ៉ូ បានប្រាប់សារព័ត៌មាន​ក្នុងស្រុកថា «ពួកគេ (ទាហានបះបោរ) ត្រូវបានបង្ក្រាប និងចាប់ខ្លួនជាបណ្តើរៗហើយ»។

បើតាមមន្ត្រីជំនិតប្រធានាធិបតីខាងលើនេះ​បានបន្តទៀតថា ក្រុមកង​កម្លាំង​យោធាទាំងនោះ​បានសារភាពថា ពួកគេត្រូវបាន​​គេបញ្ចុះបញ្ចូលពី​ក្រោយខ្នង ឲ្យងើបឡើង​បះបោរជាថ្នូរនឹង​ផ្ទះវីឡា ព្រមទាំង​លំនៅឋានស្កឹមស្កៃជាដើម តែក្រោយមកទើប​ពួកគេដឹងថា វាសុទ្ធតែជារឿង​បោកប្រាស់។ កាលពីដំបូងឡើយ​ ប្រភពព័ត៌មាន​មិនទាន់​ផ្លូវការបានអះអាងថា ក្រុម​ដែលចេញ​មកតវ៉ា និងកៀរគរឲ្យ​ប្រជាជន​ចូលរួម​ជាមួយពួកគេ​នោះ គឺជាកងកម្លាំងប៉ូលិស ដែលមិនពេញ​ចិត្តនឹងរដ្ឋាភិបាល​លោក ម៉ាឌូរ៉ូ។

ទោះបីជាបែបនេះក្តី ស្ថានការណ៍ជារួមហាក់វិលទៅរក​ភាពប្រសើរឡើងវិញហើយ ដោយ​ក្រុមបះបោរ​សរុប ២៧នាក់ ត្រូវបានចាប់ខ្លួន ខណៈ​មួយចំនួន​ទៀត​កំពុងតែរត់គេខ្លួន​ពីការ​តាមចាប់របស់​កងកម្លាំង​រដ្ឋាភិបាល។ គួរបញ្ជាក់ថា ការតវ៉ាបានផ្ទុះ​ឡើងនៅក្នុងសង្កាត់ ឡូស ម៉ាសេដូរ៉ែស (Los Mecedores) នៃរដ្ឋធានីការ៉ាកាស់ របស់ប្រទេសវេណេស៊ុយអេឡា ដោយមានការការប្រើប្រាស់​អំពើ​ហិង្សា ពីសំណាក់ក្រុមកងកម្លាំងបះបោរ និងការបាញ់រះទៅ​លើអគារនានា​​នៅតាមដងផ្លូវតែម្តង៕













Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម