តុលាការចេញដីកាកោះហៅលោក គង់ គាំ សាកសួរក្នុងនាមសាក្សី ក្នុងសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា​​

(ភ្នំពេញ)៖ លោក គង់ គាំ អតីតមនុស្សជំនិតរបស់លោក សម រង្ស៊ី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅសាកសួរក្នុងនាមសាក្សី ក្នុងសំណុំរឿងដែលមានជនត្រូវចោទ កឹម សុខា ជាប់ចោទពីបទសន្និដ្ឋិភាពជាមួយបរទេស (ក្បត់ជាតិ) នេះបើយោងតាមដីការបស់តុលាការដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩នេះ។

សាសាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យលោក គង់ គាំ ចូលខ្លួនមកបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨៖៣០នាទីព្រឹក ជាន់ទី៤ បន្ទប់ «គ»។

ការចូលបំភ្លឺរបស់លោក គង់ គាំ នេះគឺស្ថិតនៅក្នុងដំណាក់កាលស៊ើបសួរនៅឡើយ មិនមែនដំណាក់ជំនុំជម្រះទេ ហើយចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ក៏បានបដិសេធរាល់ការស្នើសុំលុបបទចោទប្រកាន់លើលោក កឹម សុខា ពីសំណាក់មេធាវីរបស់លោក កឹម សុខា ផង នេះបើយោងតាមលោក អ៉ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩។

គួរ​បញ្ជាក់​ថា លោក កឹម សុខា ត្រូវបាន​ចោទ​ប្រកាន់​ពីបទ សន្ធិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣នៃ​ក្រម​ព្រហ្មទណ្ឌ។ បទ​សន្ធិដ្ឋិភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ​មាន​អំពើ​ប្រទូស្តរ៉ាយ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះ​រាជាណាចក្រ​កម្ពុជា។ បទល្មើស​នេះ ត្រូវជាប់​ពន្ធនាគារ​ពី ១៥ឆ្នាំ​ដល់៣០​ឆ្នាំ​។

លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ​នៅ​ពាក់​កណ្តាល​អាធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ ក្រោយ​ឃាត់​ខ្លួន​ សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅឃុំ​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ ​នៅថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៧៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម