មេបក្សប្រឆាំង​នៅវេណេស៊ុយអេឡា​អះអាង​ថា លោកអាចនឹង​លើកលែងទោស​ឲ្យលោក ម៉ាឌូរ៉ូ និង​មន្ត្រី​​ក្រោមឱវាទ​​ទាំងអស់...

(ម៉ូស្គូ)៖ មេដឹកនាំបក្ស​ប្រឆាំង​លោក ចូអាន ហ្គៃដូ (Juan Guaido) ដែលទើបប្រកាស​តែងតាំងខ្លួនជាប្រធានាធិបតី​វេណេស៊ុយអេឡា​ស្ដីទី ដែលមាន​អាមេរិកគាំទ្រនោះ​បាន​អះអាងថា លោកនឹងលើកលែង​ទោស​ឱ្យក្រុមមន្ត្រីរដ្ឋាភិបាល និងមន្រ្តីយោធា​ជាន់ខ្ពស់ រួមទាំងប្រធានាធិបតី​បច្ចុប្បន្ន លោក នីកូឡាស់ ម៉ាឌូរ៉ូ ផងដែរ​បើសិន​ជា​អ្នកទាំងអស់នេះ ព្រមមកចូលរួម​ស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ នេះបើតាម​​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។

យោងតាម​​លោក Guaido គំនិតផ្ដួចផ្ដើមលើកលែង​​ទោសនេះ នឹងជួយសម្រួល​ដល់ការស្ដារលិទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ហើយ កំពុងត្រូវបាន​ពិចារណាដោយ​សភាជាតិវេណេស៊ុយអេឡា។ លោក Guaido បានលើកឡើងយ៉ាងដូច្នេះថា «ការវិវត្តន៍​មួយចំនួននឹង កើតមានឡើង​ក្នុងរដ្ឋាភិបាល​អន្តរកាល... ហើយសេចក្ដីព្រាង​ច្បាប់លើកលែងទោស​ កំពុងស្ថិតនៅ​ក្រោមការ​ពិចារណា»។

គួរបញ្ជាក់ថា កាលពី​ថ្ងៃអង្គារ​សភាជាតិគ្រប់គ្រង​ដោយ គណបក្ស​ប្រឆាំងវេណេស៊ុយអេឡា​ បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ដោយចាត់ទុកថា លោក ម៉ាឌូរ៉ូ ជា​ប្រធានាធិបតី​ខុសច្បាប់ ខណៈលោក Guaido ប្រកាសតែង​តាំងខ្លួនជាប្រធានាធិបតី​ស្ដីទីតែម្តង។ ទន្ទឹមគ្នានោះដែរ សហរដ្ឋអាមេរិក អាហ្សង់ទីន ឈីលី ប្រេស៊ីល កាណាដា កូឡុំប៊ី និងបណ្ដាប្រទេស​មួយចំនួនទៀត ដែលជាសម្ព័ន្ធមិត្តអាមេរិក បានចេញមុខទទួល​ស្គាល់​មេបក្សប្រឆាំងរូបនេះ​ស្របពេលរុស្ស៊ី ម៉ិចស៊ីកូ ស៊ីរី ចិន និងគុយបា គំាទ្រលោកប្រធានាធិបតី ម៉ាឌូរ៉ូ ដែលទើប​ស្បថឡើង​កាន់តំណែង៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម